នាឱកាសជួបជាមួយប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងអំឡុងពេលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលជប៉ុន-អាស៊ាន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា កន្លងមកតម្លៃបញ្ជូនកម្មសិក្សាការីកម្ពុជា ទៅធ្វើការនៅប្រទេសជប៉ុន មានតម្លៃខ្ពស់ ដែលបង្កជាបញ្ហាប្រឈមមួយដល់ពលករកម្ពុជា ដែលចង់ទៅធ្វើការនៅប្រទេសជប៉ុន។ ទន្ទឹមនឹងនេះសម្តេចធិបតី បានស្នើឱ្យក្រសួងការងារកម្ពុជា ពិភាក្សាជាមួយភាគីជប៉ុន ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយតម្លៃសេវាបញ្ជូនពលករខ្មែរទៅធ្វើការនៅជប៉ុនឱ្យបានសមស្រប និងអាចទទួលយកបានគ្រប់ភាគី ពោលគឺយ៉ាងហោចណាស់ចុះឱ្យបាន១០% លើតម្លៃបច្ចុប្បន្ននៅឆ្នាំក្រោយ។ បើតាមសម្ដេចធិបតី តម្លៃសេវាបញ្ជូនពលករកម្ពុជាទៅធ្វើការនៅជប៉ុនកន្លងមកមានតម្លៃចន្លោះពី៤ពាន់ទៅ៦ពាន់ដុល្លារ ដោយថវិកាទាំងនេះត្រូវចំណាយលើការបណ្តុះបណ្តាលភាសាជប៉ុន ចំនួន៦ខែ និងការចំណាយផ្សេងៗទៀត។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបានណែនាំឱ្យក្រសួងការបរទេសកម្ពុជា សិក្សា និងពិនិត្យលទ្ធភាពបង្កើតអគ្គកុងស៊ុលបន្ថែមនៅទីក្រុងអូសាកា ប្រទេសជប៉ុន នាពេលខាងមុខ ដើម្បីងាយស្រួលផ្តល់សេវាដល់ពលរដ្ឋ និងកម្មសិក្សាការី ក៏ដូចជាកាត់បន្ថយការចំណាយផ្សេងៗទៀត ពីព្រោះថានាពេលខាងមុខអាចនឹងមានពលរដ្ឋខ្មែរកាន់តែច្រើនមកបំពេញការងារ ក៏ដូចជាមកសិក្សានៅប្រទេសជប៉ុន។ បើតាមសម្ដេចធិបតីនាយករដ្ឋមន្ត្រី នៅឆ្នាំ២០២៤ ខាងមុខ ពលរដ្ឋកម្ពុជាប្រមាណ៨ពាន់នាក់បន្ថែមទៀត នឹងទទួលបានការងារនៅប្រទេសជប៉ុន ខណៈបច្ចុប្បន្នមានពលរដ្ឋកម្ពុជារស់នៅប្រទេសជប៉ុន ប្រមាណជាង៣ម៉ឺននាក់ ក្នុងនោះភាគច្រើន គឺជាកម្មសិក្សាការងារ ហើយក្រៅពីនោះ គឺជានិស្សិត និងពលរដ្ឋកម្ពុជាដែលរស់នៅយូរឆ្នាំនៅទីនេះ។
គួរជម្រាបថា កាលពីពេលថ្មីៗ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យប្រធានអង្គការសម្រាប់ការបណ្តុះបណ្តាលកម្មសិក្សាការី បច្ចេកទេស (OTIT) របស់ជប៉ុន ពិនិត្យលទ្ធភាពបង្កើនការជ្រើសរើសពលករជំនាញរបស់កម្ពុជាបន្ថែមទៀតឱ្យទៅធ្វើការនៅក្នុងប្រទេសជប៉ុន និងបន្តយកចិត្តទុកដាក់កាន់តែខ្លាំងដល់ពលករជំនាញ សិក្ខាកាមរបស់កម្ពុជា ដែលកំពុងមានវត្តមាននៅជប៉ុន។ មួយវិញទៀត ឯកឧត្តម ក៏បានស្នើឱ្យភាគីជប៉ុន ពិនិត្យលទ្ធភាពធ្វើយ៉ាងណាអាចសម្រួលឱ្យសិក្ខាកាមខ្មែរ ដែលកំពុងធ្វើការនៅជប៉ុនស្រាប់ បានផ្លាស់ប្តូរការងារដោយមិនចាំបាច់ធ្វើដំណើរត្រឡប់មកកម្ពុជាវិញផងដែរ៕