ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រំពឹងថា ជំនួបនេះនឹងក្លាយជាផ្នែកមួយក្នុងការជួយជំរុញការតភ្ជាប់កញ្ចប់ទស្សនកិច្ចទេសចរណ៍ពីបណ្តាប្រទេសនានា មកកាន់កម្ពុជា និងពីកម្ពុជា ទៅកាន់បណ្តាប្រទេសដៃគូ ជាពិសេសជួយបង្កើនកញ្ចប់ទស្សនកិច្ចទេសចរមកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា តែម្តង។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍អន្តរជាតិ ឆ្នាំ២០២៤ នឹងក្លាយជាការតភ្ជាប់កញ្ចប់ទស្សនកិច្ចទេសចរពីបណ្ដាប្រទេសនានាមកកម្ពុជា និងពីកម្ពុជា ទៅកាន់បណ្ដាប្រទេសផ្សេងទៀត។ បើតាមថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តាមរយៈការរៀបចំជំនួបពាណិជ្ជកម្មរវាងក្រុមហ៊ុនទេសចរណ៍ក្រៅប្រទេសជាមួយប្រតិបត្តិករទេសចរណ៍ក្នុងស្រុក ជាពិសេសការបង្កើតកញ្ចប់ទេសចរមកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា វានឹងជួយធ្វើឱ្យធុរជនជាតិ និងអន្តរជាតិ អាចស្វែងយល់ពីសក្ដានុពលនៃគោលដៅទេសចរណ៍របស់កម្ពុជា បន្ថែមទៀត ខណៈឆ្នេរសមុទ្រកម្ពុជា មានការទទួលស្គាល់ថា ជាឆ្នេរដែលស្អាតបំផុតនៅលើសកលលោក និងត្រូវបានប្រសិទ្ធនាមជាតារារះនៅទិសនិរតី។
ជាមួយគ្នានេះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា ខេត្តកំពត ជាខេត្តជាប់មាត់សមុទ្រមួយក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំង៤ ដែលមានសក្ដានុពលទេសចរណ៍ចំនួន៤២គោលដៅ ក្នុងនោះមានតំបន់ភ្នំ តំបន់ទំនាប និងតំបន់ឆ្នេរ ដែលមានប្រវែងជាង៦៦គីឡូម៉ែត្រ។ បើតាមថ្នាក់ដឹកនាំរូបនេះ សក្ដានុពលទេសចរណ៍មួយចំនួនរបស់ខេត្តនេះ រួមមាន ស្មៅសមុទ្រ ធនធានជលផល ផ្កាថ្ម និងផ្សោតព័ណ៌ផ្កាឈូក ព្រមទាំងបរិយាកាសធម្មជាតិ ជាដើម បានជួយទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនឱ្យមកទស្សនាខេត្តនេះ។
ពាក់ព័ន្ធនឹងជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍អន្តរជាតិ នេះដែរ លោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍ដែលធ្វើឡើងនៅក្នុងខេត្តកំពតនេះ បានប្រមូលផ្ដុំដោយក្រុមហ៊ុន ប្រតិបត្តិករទេសចរណ៍ និងអាជីវកម្មទេសចរណ៍ជាតិ និងអន្តរជាតិ មកពីក្នុងតំបន់ និងលើពិភពលោកជាច្រើន។
បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិ ប្រមាណ៦លាននាក់ កើនឡើង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលភាគច្រើននៃភ្ញៀវទេចរអន្តរជាតិនេះ មកពីបណ្តាប្រទេសក្នុងតំបន់៕
អត្ថបទ៖ បូ ដូឡា, រូបភាព តែន ចិន