គម្រោងបើកទទួលទេសចរបានចាក់វ៉ាក់សាំង

ក្រសួងទេសចរណ៍ រំពឹងគម្រោងបើកទទួលភ្ញៀវទេសចរបរទេសចាក់បានវ៉ាក់សាំងរួច នឹងត្រូវ រាជរដ្ឋាភិបាលអនុម័តឆាប់ៗនេះ!


មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានអះអាង គម្រោងបើកទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំង ត្រូវបានក្រសួងរៀបចំផែនការ និងទស្សនទានទេសចរណ៍រួចហើយ ហើយបច្ចុប្បន្ន គម្រោងបើកទទួលភ្ញៀវទេសចរបរទេសនេះ កំពុងរង់ចាំការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជា ហើយក៏រំពឹងថា នឹងត្រូវបានអនុម័តក្នុងពេលឆាប់ៗខាងមុខនេះ។ ជុំវិញគម្រោងបើកទទួលភ្ញៀវទេសចរបានចាក់វ៉ាក់សាំងរួចនេះដែរ អ្នកជំនាញក្នុងវិស័យទេសចរណ៍ ជំរុញឲ្យរដ្ឋបាលខេត្ត ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំផលិតផល និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីត្រៀមទទួលភ្ញៀវទេសចរបរទេសជាដំណាក់កាល។
ភ្ញៀវទេសចរ ចិន ចូលមកកម្ពុជា ជាង ២លាន នាក់ ក្នុង ឆ្នាំ ២០១៨ (https://china-outbound.com)
ដោយ

ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍​បានបញ្ជាក់ប្រាប់ខេមបូណូមីសថា គម្រោងបើកទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច និងភ្ញៀវមានលទ្ធផលអវិជ្ជមានកូវីដ-១៩ នឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នក្រសួងបានរៀបចំផែនការ និងឯកសារទស្សនទានទេសចរណ៍សម្រាប់ត្រៀមទទួលភ្ញៀវទេសចរបរទេសក្នុងវិបត្តិកូវីដ-១៩ រួចហើយ នៅរង់ចាំតែការសម្រេចពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។

បើតាមអ្នកនាំពាក្យរូបនេះ គម្រោងបើកទទួលភ្ញៀវទេសចរបរទេស ដែលបាន​ចាក់វ៉ាក់សាំងកូវីដ-១៩ រួចនេះ នឹងធ្វើឡើងជាដំណាក់កាលដោយជ្រើសរើសខេត្តណាមួយធ្វើជាគោលដៅសាកល្បងដំបូងគេ។ ក្នុងករណីការបើកសាកល្បងទទួលបានជោគជ័យ រាជរដ្ឋាភិបាលនឹងបន្តបើកខេត្តផ្សេងៗជាបន្តបន្ទាប់។

តែយ៉ាងណា ឯកឧត្តម តុប សុភ័ក មិនបានបញ្ជាក់ពីខេត្ត ដែលកម្ពុជាគ្រោងជ្រើសរើសធ្វើជាគោលដៅបើកសាកល្បង ដើម្បីទទួលភ្ញៀវទេសចរបរទេសដំណាក់កាលដំបូងនោះទេ។ ប៉ុន្តែបើតាមការបញ្ជាក់របស់អ្នកជំនាញ​ក្នុងវិស័យទេសចរណ៍ ខេត្តព្រះសីហនុអាចនឹងត្រូវជ្រើសរើស​ធ្វើជាគោលដៅ​ដំបូងគេក្នុងការអនុវត្តផែនការនេះ។ 

ជាមួយគ្នានេះលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះគម្រោងបើកទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចជាដំណាក់កាលនេះ ដ្បិតវាជាការផ្សព្វផ្សាយដំណឹងមួយទៅកាន់ពិភពលោក។

ជាមួយគ្នានេះ លោកជំទាវ ស្នើឲ្យរដ្ឋបាលខេត្តគោលដៅ ដែលត្រៀមអនុវត្តគម្រោងនេះ រៀបចំតំបន់ទេសចរណ៍ឲ្យសម្បូរបែប ជាពិសេសតំបន់ទេសចរណ៍បែប​សហគមន៍។ លើសពីនេះ ត្រូវពង្រឹងការផ្តល់សេវាកម្មទេសចរណ៍ទាំងផ្នែកបដិសណ្ឋារកិច្ច ម្ហូបអាហារ និងដឹកជញ្ជូន។ ទន្ទឹមនឹងនេះ លោកជំទាវ ឆាយ ស៊ីវលីន ស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាពិចារណាបើកខេត្តគោលដៅទេសចរណ៍ឲ្យបានពីរទៅបីខេត្ត ដើម្បីឲ្យភ្ញៀវទេសចរបរទេសអាចទៅកម្សាន្តបានច្រើនកន្លែង និងប្រើការកម្សាន្តរបស់ពួកគេអស់លទ្ធភាព។

ជុំវិញការបើកតំបន់ទេសចរណ៍ទទួលភ្ញៀវទេសចរបរទេសនេះដែរ ប្រទេសក្បែរខាងកម្ពុជា គឺប្រទេសថៃកាលពីដើមខែកក្កដា ឆ្នាំ២០២១ បានបើកកោះភូកេតទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចមកហើយ។ ក្រោយទទួលបានជោគជ័យលើការបើកកោះភូកេត ថៃ កាលពីពេលថ្មីៗ បានសម្រេចបើកកោះសាមុយ ផាង៉ាន និងកោះតៅបន្ថែមទៀត ទោះបីការឆ្លងជំងឺកូវីដ-១៩ នៅ ថៃ កំពុងរាលដាលខ្លាំងក៏ដោយ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការបិទការធ្វើដំណើរចេញចូលព្រំដែនកម្ពុជា-វៀតណាម ១ខែ បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការដឹកជញ្ជូនទំនិញរវាងប្រទេសពីរដែរឬទេ?

ព័ត៌មាន
មន្ត្រីប្រចាំការនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម និងអ្នកជំនាញវិស័យដឹកជញ្ជូននិងឡូជីស្ទិកអះអាងថា វិធានការបិទការធ្វើដំណើរចេញចូលរវាង…

លោកចូ បៃឌិនបន្ទោសក្រុមហ៊ុន Facebookថា អនុញ្ញាតឲ្យមានការផ្សារព័ត៌មានមិនត្រឹមត្រូវជុំវិញរឿងវ៉ាក់សាំង

ព័ត៌មាន
សហរដ្ឋអាមេរិកត្រូវបានគេដឹងថា បានបរាជ័យក្នុងគោលដៅចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនឲ្យបានដល់៧០% នៅត្រឹមថ្ងៃទី ៤ ខែកក្កដាកន្លងទៅនេះ។ លោកចូ បៃឌ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ