ដំណាំស្វាយចន្ទី

ក្រុមហ៊ុន Mirarth របស់ជប៉ុននឹងនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបលើកដំបូងនៅសប្តាហ៍ក្រោយ


សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន Mirarth Agri Tech របស់ជប៉ុន ដែលបានបើកដំណើរការរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា តាំងពីឆ្នាំ២០២១ នឹងនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចរបស់ខ្លួនទៅកាន់ទីផ្សារអ៊ឺរ៉ុប ជាលើកដំបូង នៅសប្តាហ៍ក្រោយ។
ដំណាំស្វាយចន្ទី
ដោយ

ក្រុមអ្នកជំនាញរំពឹងថា តាមរយៈការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចទៅកាន់ទីផ្សារអឺរ៉ុបនេះ វានឹងជួយធ្វើឱ្យផលិតផលស្វាយចន្ទីកម្ពុជា មានទីផ្សារកាន់តែទូលំទូលាយ និងផ្តល់តម្លៃបន្ថែមកាន់តែខ្ពស់ទៅក្នុងសេដ្ឋកិច្ច ក៏ដូចជាជួយទាក់ទាញវិនិយោគិនអន្តរជាតិ ឱ្យមកបោះទុនវិនិយោគលើរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា បានកាន់តែច្រើនថែមទៀត។

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុន Mirarth Agri Tech គ្រោងនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា ទៅកាន់ទីផ្សារអ៊ឺរ៉ុបលើកដំបូង នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ យ៉ាងណាមិញមកទល់ពេលនេះ ក្រុមហ៊ុន Mirarth មិនទាន់បានបញ្ជាក់ពីបរិមាណនាំចេញលើកដំបូងនេះនៅឡើយទេ តែបើតាមការវាយតម្លៃរបស់លោក កុកធាន ក្រុមហ៊ុននេះ អាចនាំចេញក្នុងបរិមាណប្រមាណ១កុងទូតឺន័រ។

ទោះជាយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំសមាគមស្វាយចន្ទីកម្ពុជា រូបនេះ ជឿជាក់ថា តាមរយៈការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចរបស់ក្រុមហ៊ុន Mirarth ទៅកាន់ទីផ្សារអឺរ៉ុបនេះ នឹងធ្វើឱ្យទីផ្សារគ្រាប់ស្វាយចន្ទីកម្ពុជា កាន់តែមានភាពទូលំទូលាយបន្ថែមទៀត ហើយនឹងអាចទាក់ទាញវិនិយោគិនពីប្រទេសធំៗនៅអឺរ៉ុប មកវិនិយោគលើរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា កាន់តែច្រើនផងដែរ បន្ទាប់ពីពួកគេបានស្គាល់កាន់តែច្បាស់អំពីគុណភាពគ្រាប់ស្វាយចន្ទីកម្ពុជា។ ជាមួយគ្នានេះ លោក ស៊ុយ កុកធាន បានឱ្យដឹងដែរថា ទីផ្សារអង់គ្លេស ក៏បានបង្ហាញបំណងចង់នាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា ចូលទៅកាន់ទីផ្សារខ្លួនឱ្យបានកាន់តែច្រើនផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចាត់ទុកការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចរបស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបរបស់ក្រុមហ៊ុន Mirarth គឺជាសញ្ញាល្អមួយសម្រាប់វិស័យស្វាយចន្ទីកម្ពុជា ព្រោះថា កាលណាកម្ពុជា មានទីផ្សារថ្មីសម្រាប់នាំចេញគ្រាប់ស្វាយចន្ទីកែច្នៃបានកាន់តែច្រើន វានឹងធ្វើឱ្យកម្ពុជាទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់ផងដែរ។ ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចនេះ វាស្របនឹងគោលនយោបាយជាតិ ស្តីពីស្វាយចន្ទីកម្ពុជា ដែលជំរុញឱ្យកម្ពុជានាំចេញគ្រាប់ស្វាយចន្ទីកែច្នៃឱ្យបាន២៥% នៃទន្និផលសរុបនៅឆ្នាំ២០២៧។ ទន្ទឹមនឹងទទួលបានតម្លៃខ្ពស់ ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចទៅកាន់ទីផ្សារអឺរ៉ុបនេះ វានឹងជួយឱ្យកេរ្តិ៍ឈ្មោះផលិតផលគ្រាប់ស្វាយចន្ទីដែលផលិត និងវេចខ្ចប់នៅកម្ពុជា កាន់តែល្បីល្បាញនៅលើទីផ្សារអន្តរជាតិ ផងដែរ។

សូមជម្រាបថា ក្រុមហ៊ុន Mirarth បាន និងកំពង់វិនិយោគលើរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈនៅខេត្តកំពង់ធំ និងបាននាំចេញផលិតផលគ្រាប់ស្វាយចន្ទីសម្រេចទៅកាន់ទីផ្សារជប៉ុន តាំងពីឆ្នាំ២០២១។ ក្រុមហ៊ុន Mirarth បច្ចុប្បន្នមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីប្រមាណ១ពាន់៥០០តោនក្នុងមួយឆ្នាំ និងមានគម្រោងនឹងពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងបរិមាណ២ម៉ឺនតោន ទៅ៥ម៉ឺនតោន ក្នុងមួយឆ្នាំ នាពេលខាងមុខ ព្រមទាំងមានគម្រោងយកសំបកគ្រាប់ស្វាយចន្ទី មែកដើមចន្ទីដែលបានមកពីការតែងមែក មកធ្វើជាវត្ថុធាតុដើមផលិតអគ្គិសនីជីវម៉ាសផងដែរ ៕




អត្ថបទបន្ទាប់


តើផែនការដំឡើងពន្ធលើទំនិញចិន៦០% របស់លោក ត្រាំ អាចធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ដែរឬទេ ស្របពេលចិន វិនិយោគច្រើនជាងគេនៅកម្ពុជា?

វិនិយោគិនចិន បានឈរលំដាប់ទី១ ជាអ្នកបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ខណៈទំនិញជាច្រើនក្រោមការវិនិយោគរបស់ចិននេះ ត្រូវបាននាំចេញទៅកាន់ទី…

ថៃ ដាក់ចេញគម្រោងទុរេនឌីជីថល ដើម្បីបង្កើនការផលិត ក្រោយទីផ្សារទុរេនរងសម្ពាធការប្រកួតប្រជែងកាន់តែខ្លាំង

ទីភ្នាក់ងារលើកកម្ពស់សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសថៃ បានដាក់ចេញគម្រោងទុរេនឌីជីថល ដើម្បីជួយកសិករជិត៩លាននាក់ ឲ្យបង្កើនផលិតភាពរបស់ពួកគេ និងក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ