លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន បានផ្លាស់ប្ដូរប្រធានខុទ្ទកាល័យរបស់លោក និងគណៈរដ្ឋមន្ត្រីចំនួន៣រូបទៀត ដែលត្រូវបានចោទប្រកាន់ថា បានលាក់បាំងប្រាក់ចំណូលពីការរៃអង្គាសប្រាក់នៅក្នុងព្រឹត្តិការណ៍ ដែលរៀបចំដោយបក្សពួករបស់ពួកគេ ហើយរដ្ឋអាជ្ញាទីក្រុងតូក្យូ បានបើកការស៊ើបអង្កេតលើរឿងអាស្រូវនេះ ដែលធ្វើឱ្យប្រជាប្រិយភាពរបស់លោកធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។
ការស្ទង់មតិដែលបានធ្វើឡើងកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្តាហ៍មុនបានបង្ហាញថា ការគាំទ្រចំពោះ រដ្ឋាភិបាលរបស់លោក គីស៊ីដា បានបន្តធ្លាក់ចុះ៤% ពីការស្ទង់មតិកាលពីខែវិច្ឆិកា គឺធ្លាក់ដល់កម្រិតទាបបំផុតមកនៅត្រឹមតែ២៦% ចាប់តាំងពីលោក គីស៊ីដា បានចូលកាន់តំណែងក្នុងខែតុលា ឆ្នាំ២០២១ ខណៈដែលការមិនគាំទ្របានកើនឡើង៦%ទៀត គឺឡើងដល់៦៨%។
រឿងអាស្រូវជុំវិញការរៃអង្គាសមូលនិធិបានទាញទម្លាក់ការគាំទ្ររបស់សាធារណជនចំពោះលោក គីស៊ីដា ដែលកំពុងមានធ្លាក់ចុះឱ្យធ្លាក់ចុះបន្ថែមទៀត ដែលធ្វើការគាំទ្រនេះបានធ្លាក់ចុះរយៈពេល៣ខែជាប់គ្នា ខណៈដែលការមិនគាំទ្របានកើនឡើងរយៈពេល៤ខែជាប់ៗគ្នា។ អត្រានៃការគាំទ្រ២៦%នេះ គឺជាកម្រិតទាបបំផុតចាប់តាំងពីគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចនៅជប៉ុនបានត្រលប់មកកាន់អំណាចក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីលោក ស៊ីនហ្សូ អាបេ នៅក្នុងឆ្នាំ២០១២ ហើយការមិនគាំទ្រ ក៏មានកម្រិតខ្ពស់បំផុតចាប់តាំងពីពេលនោះមកដែរ។
ពាក់ព័ន្ធនឹងមូលហេតុនៃការមិនគាំទ្រគណៈរដ្ឋមន្ត្រីនេះ ក្រុមអ្នកឆ្លើយសំណួរចំនួន៤៣% បានលើកឡើងពីគោលនយោបាយមិនល្អ ហើយអ្នកឆ្លើយចំនួន៣៨% ទៀតបានលើកឡើងពីការមិនពេញចិត្តនឹងរបៀបគ្រប់គ្រងកិច្ចការរបស់រដ្ឋាភិបាល និងគណបក្ស។ ចំណែកក្នុងចំណោមអ្នកគាំទ្រគណៈរដ្ឋមន្ត្រីវិញ គឺចំនួន៣៥% បានលើកឡើងពីការរៀបចំគណបក្ស LDP បានត្រឹមត្រូវ ខណៈដែលចំនួន២៣%ទៀតបានបង្ហាញពីការតែងតាំងមន្ត្រីដ៏គួរឱ្យទុកចិត្ត។
ទោះយ៉ាងណាក៏ដោយ មតិភាគច្រើនបានស្តីបន្ទោសលោក គីស៊ីដា ចំពោះរឿងអាស្រូវនេះដោយចំនួន៦៧%បាននិយាយថា នាយករដ្ឋមន្ត្រី គឺជាអ្នកទទួលខុសត្រូវចំពោះរឿងនេះ ចំណែក២៨%ទៀតនិយាយថា មិនមែនជាកំហុសរបស់លោក គីស៊ីដា នោះទេ។
ការស្ទង់មតិនេះត្រូវបានធ្វើឡើងដោយក្រុមស្រាវជ្រាវរបស់សារព័ត៌មាននីកេអេស៊ា តាមរយៈការហៅតាមទូរស័ព្ទដោយកំណត់គោលដៅមនុស្សប្រុសស្រីមានអាយុចាប់ពី១៨ឆ្នាំឡើងទៅនៅទូទាំងប្រទេសជប៉ុនហើយទទួលបានការឆ្លើយតបចំនួន៧២៩៕