កោះតៃវ៉ាន់

ប្រមុខការទូតចិនថា អាម៉េរិកនៅធ្វើខុសចំពោះចិន ពាក់ព័ន្ធបញ្ហាកោះតៃវ៉ាន់


លោក វ៉ាង យី ប្រមុខការទូតចាស់វង្សារបស់ចិន បានបញ្ជូនសារច្បាស់ៗប្រាប់ពិភពលោក អំពីបញ្ហាអធិបតេយ្យភាពនៅកោះតៃវ៉ាន់ ហើយលោកក៏បានបញ្ជាក់ផងដែរថា អាម៉េរិកនៅតែបន្តប្រកាន់យកការយល់ឃើញខុសចំពោះប្រទេសចិន ដោយមិនទាន់បានបំពេញតាមការសន្យារបស់ខ្លួននៅឡើយ បើទោះបីជាមានការរីកចម្រើនខ្លះៗ ចាប់តាំងពីប្រធានាធិបតី ចូ បៃដិន និងលោក ស៊ី ជិនភីង បានជួបគ្នាកាលពីខែវិច្ឆិកា ឆ្នាំមុនក៏ដោយ។
កោះតៃវ៉ាន់
ដោយ

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅខាងក្រៅកិច្ចប្រជុំសភាប្រជាជនចិន ប្រចាំឆ្នាំ នៅទីក្រុងប៉េកាំង លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បាននិយាយថា អ្នកណាដែលយកភ្លើងមកលេងភ្លើងលើកោះតៃវ៉ាន់ នឹងត្រូវតែរលាក។ ប្រមុខការទូតរូបនេះអះអាងថា គោលការណ៍ចិនតែមួយ គឺជាបន្ទាត់ឯកភាពតែមួយគត់ ដែលចិនតែងនិយាយក្នុងបរិបទសហគមន៍អន្តរជាតិ ហើយការដែលអ្នកណានិយាយអំពី“ឯករាជ្យភាពតៃវ៉ាន់” គឺជាការនិយាយអំពីបញ្ហាប្រឈមចំពោះអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។

លោកបានបញ្ជាក់ជាថ្មីថា ចិននឹងមិនអនុញ្ញាតឲ្យតៃវ៉ាន់ ត្រូវបំបែកចេញពីទីក្រុងប៉េកាំង បានជាដាច់ខាត ដោយព្រមានត្រង់ៗថា អ្នកដែលយកភ្លើងមកលេងលើបញ្ហាតៃវ៉ាន់ គឺត្រូវតែរលាក។នៅក្នុងសន្និសីទកាសែតដដែលនោះ លោក វ៉ាង យី ក៏បាននិយាយដល់ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាម៉េ​រិក និងបញ្ហានានា​ នៅលើសកលលោកផងដែរ។

ចំពោះទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន លោក វ៉ាង បានបញ្ជាក់ថា ការផ្លាស់ប្តូររវាងប្រទេសទាំងពីរអាចបន្តកើតមានជាថ្មីបាន លុះត្រាតែភាគីទាំងពីរគោរព និងទទួលស្គាល់ភាពខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរ។ លោក វ៉ាង អះអាងថា មកដល់់ពេលនេះ អាម៉េ​រិកនៅតែបន្តមើលចិននៅក្នុងផ្លូវខុស ហើយការគាបសង្កត់មកលើប្រទេសចិន កំពុងត្រូវបានបន្តជាថ្មី ខណៈដែលបញ្ជីនៃទណ្ឌកម្មជាឯកតោភាគី គឺនៅតែពង្រីកឥតឈប់ឈរ។

លោក វ៉ាង បាននិយាយថា លោក ចូ បៃដិន បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាម៉េ​រិកនឹងមិនស្វែងរកសង្រ្គាមត្រជាក់ថ្មី ឬស្វែងរកការផ្លាស់ប្តូរប្រព័ន្ធចិន ឬគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់នោះទេ ប៉ុន្តែស្ថានភាពពិតកំពុងតែបង្ហាញផ្ទុយគ្នា។

អ្នកវិភាគបានអះអាងថា ភាពតានតឹងរវាងប្រទេសមហាអំណាចទាំងពីរបានធូរស្រាលបន្តិច ចាប់តាំងពីលោក ចូ បៃដិន និងលោក ស៊ី ជិនភីង បានជូបគ្នានៅក្រៅកិច្ចប្រជុំកំពូលដ៏សំខាន់របស់ពួកគេនៅ San Francisco កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ ប៉ុន្តែស្រមោលនៃគោលនយោបាយក្តៅគគុករបស់អាម៉េ​រិកលើចិនរបស់លោក ដូណាល់ ត្រាំ ដែលកំពុងតែស្វះស្វែងរកឱកាសវិលត្រឡប់មកកាន់អំណាចវិញតាមការបោះឆ្នោតនៅខែវិច្ឆិកា ខាងមុខនៅតែមាន។

បញ្ហាដែលក្តៅគគុករបស់មហាអំណាចទាំងពីរ គឺសង្រ្គាមពាណិជ្ជកម្ម បញ្ហាតៃវ៉ាន់ ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា និងប៉េងប៉ោងចារកម្មចិន ដែលសហរដ្ឋអាម៉េ​រិក បានបាញ់ទម្លាក់។ ក្រៅពីនេះទីក្រុងប៉េកាំង ក៏ប្រឈមមុខជាមួយនឹងសហរដ្ឋអាម៉េ​រិក​លើបញ្ហាខាងភូមិសាស្ត្រនយោបាយ ដូចជាបញ្ហានៅសមុទ្រចិនខាងត្បូង បញ្ហានៅឧបទ្វីបកូរ៉េ សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន និងសង្រ្គាមនៅហ្គាហ្សាជាដើម៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការវិនិយោគរបស់ចិន នៅអាស៊ី កើនឡើង៣៧% ក្នុងឆ្នាំ២០២៣ ដោយឥណ្ឌូនេស៊ីឈានមុខគេ

ព័ត៌មាន
របាយការណ៍ថ្មីមួយបង្ហាញថា ការវិនិយោគរបស់មហាយក្សចិន ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានកើនឡើងយ៉ាងខ្លាំងរហូតដល់ទៅ៣៧% នៅក្នុងឆ្នាំ២០២៣កន្លងទៅ …

តម្លៃប្រេងឥន្ធនៈនៅកម្ពុជា អាចនឹងឡើងថ្លៃ ក្រោយតម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិ ឡើងថ្លៃ២%

ព័ត៌មាន
តម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជា អាចនឹងហក់ឡើងថ្លៃមួយកម្រិតទៀត ក្រោយតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានឡើងថ្លៃ២% នៅក្នុងសប្តាហ៍នេះ ខណៈបច្ចុប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ