ការកើនឡើងអតិផរណាស្បៀងអាហារ កំពុងជំរុញឲ្យសេដ្ឋកិច្ចសកលដាំក្បាលចុះ ហើយក្នុងពេលដ៏អាប់អួនេះ គេសង្កេតឃើញថា មានប្រទេសតំបន់អាស៊ីមួយចំនួនដែលជាអ្នកផលិតស្បៀងអាហារបានចាប់ផ្ដើមផ្អាកការនាំចេញផលិតផលស្បៀងអាហារសំខាន់ៗ ទៅទីផ្សារ ក្រៅប្រទេសជាបណ្ដើរៗហើយ ដើម្បីបន្ធូបន្ថយតម្លៃក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ប្រទេសអាស៊ីអាគ្នេយ៍កំពុងចាប់ផ្តើមចាត់វិធានការទប់ស្កាត់ការនាំចេញស្បៀងអាហារនៅពេលដែលអតិផរណាកើនឡើង។ តួយ៉ាង ថ្មីៗនេះ មហាយក្សឥណ្ឌាបានហាមឃាត់ការដឹកជញ្ជូនស្រូវសាលីនាំចេញទៅក្រៅប្រទេស ដើម្បីត្រៀមទុកសម្រាប់បំពេញតម្រូវការក្នុងស្រុក និងទប់ទល់កុំឲ្យតម្លៃស្រូវសាលីឡើងថ្លៃខ្ពស់ ខណៈដែលប្រទេសឥណ្ឌូនេស៊ី ដែលជាអ្នកនាំចេញប្រេងដូង ដ៏ធំបំផុតរបស់ពិភពលោក ក៏បានបញ្ឈប់ការនាំចេញប្រេងដូងជាបណ្តោះអាសន្នអស់មួយរយៈផងដែរ ដើម្បីដោះស្រាយវិបត្តិអតិផរណា ពិសេសតម្លៃប្រេងឆានៅក្នុងស្រុកហក់ឡើងថ្លៃគំហុក។
ប៉ុន្ដែ ថ្មីៗនេះ ឥណ្ឌូនេស៊ី ក៏បានលុបចោលបម្រាមនាំចេញប្រេងដូងនេះវិញហើយដែរ ក្រោយមានការតវ៉ាពីសំណាក់ពលរដ្ឋ ដ្បិតថា តម្លៃដូងប្រេងមានការធ្លាក់ចុះខ្លាំង ប៉ះពាល់ដល់ចំណូលអ្នកប្រកបរបរដាំដូងប្រេង។ ការបិទការនាំចេញប្រេងដូងមួយរយៈរបស់ឥណ្ឌូនេស៊ី ក៏បានធ្វើឲ្យរង្គោះរង្គើដល់ទីផ្សារប្រេងឆាពិភពលោកផងដែរ ខណៈដែលតម្លៃរបស់វាកើនឡើងកាន់តែខ្ពស់ នៅគ្រាដែល អ៊ុយក្រែន ដែលជាអ្នកនាំចេញប្រេងគ្រាប់ផ្កាឈូកជួបបញ្ហាមិនអាចនាំចេញបាន។
យ៉ាងណាមិញ ឥណ្ឌាទើបតែបានបិទខ្ទប់ការនាំចេញស្រូវសាលីរួច ឥឡូវនេះ ក៏ចាប់ផ្ដើមរឹតត្បិតការនាំចេញស្ករសបន្ថែមទៀត ខណៈដែលប្រទេសម៉ាឡេស៊ីឯណោះវិញ បានប្រកាសបិទការនាំចេញសាច់មាន់ផងដែរ ក្រោយមានការព្រួយបារម្ភពីការផ្គត់ផ្គង់ និង ការកើនឡើងតម្លៃក្នុងស្រុក។
ឥណ្ឌាជាប្រទេសផលិតស្ករធំជាងគេរបស់ពិភពលោក និងជាប្រទេសនាំចេញធំទីពីរបន្ទាប់ពីប្រទេសប្រេស៊ីល។ ប្រភពរដ្ឋាភិបាលមួយបានប្រាប់សារព័ត៌មាន Reuters ថា ឥណ្ឌាបានដាក់កំហិតការនាំចេញស្ករស ១០លានតោន ដែលជាការសម្រេចចិត្តលើកដំបូងក្នុងរយៈពេល ៦ ឆ្នាំកន្លងមក ដើម្បីការពារការកើនឡើងនៃតម្លៃក្នុងស្រុក និង ធានានូវស្ថិរភាពការផ្គត់ផ្គង់នៅក្នុងទីផ្សារក្នុងប្រទេស បន្ទាប់ពីរោងកែច្នៃបានលក់ស្ករបរិមាណដ៏ច្រើននៅលើទីផ្សារពិភពលោក។
អ្នកបញ្ជាទិញបានអះអាងថា រដ្ឋាភិបាលបានស្នើឱ្យអ្នកនាំចេញត្រូវសុំការអនុញ្ញាតពីក្រសួងមុននឹងនាំចេញស្ករសទៅក្រៅប្រទេសចាប់ពីថ្ងៃទី ១មិថុនា រហូតដល់ ថ្ងៃទី ៣១តុលា។ ទន្ទឹមនឹងនោះ តម្លៃស្ករស នៅទីក្រុងឡុងក៏បានកើនឡើងច្រើនជាង ១% បន្ទាប់ពីឥណ្ឌាបានបិទការនាំចេញរបស់ខ្លួនផងដែរ។
ក្រៅពីឥណ្ឌា ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានក៏ប្រកាសពីការកាត់បន្ថយការនាំចេញមាន់ពីក្នុងប្រទេសរបស់ខ្លួន ដើម្បីគ្រប់គ្រងតម្លៃកើនឡើង និង ការប្រយុទ្ធប្រឆាំងនឹងកង្វះខាតក្នុងស្រុកផងដែរ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob បានប្រកាសកាលពីល្ងាចថ្ងៃចន្ទថា ការនាំចេញមាន់រហូតដល់ ៣,៦ លានក្បាលក្នុងមួយខែ នឹងត្រូវបញ្ឈប់ចាប់ពីថ្ងៃទី ១មិថុនា ហើយអាចបើកឲ្យមានការនាំចេញឡើងវិញ រហូតទាល់តែតម្លៃ និង ការផ្គត់ផ្គង់ក្នុងស្រុកមានស្ថិរភាព។
ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីមានការត្អូញត្អែរកាន់តែខ្លាំងឡើងពីប្រជាជននៅក្នុងប្រទេសម៉ាឡេស៊ី ហើយប្រទេសសិង្ហបុរីបានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួន ខណៈប្រទេសដែលជារដ្ឋតូចមួយនេះ មានការពឹងផ្អែកភាគច្រើនលើម៉ាឡេស៊ី ដែលជាអ្នកជិតខាងរបស់ខ្លួនសម្រាប់ការផ្គត់ផ្គង់ស្បៀងអាហារ។
គួរជម្រាបថា អតិផរណារបស់ប្រទេសម៉ាឡេស៊ីបានកើនឡើងដល់ ២,២% នៅក្នុងខែមីនា ជាមួយនឹងតម្លៃម្ហូបអាហារកើនឡើង ៤% ។
បើតាមលោក Robert Habeck អនុអធិការបតីអាល្លឺម៉ង់បាននិយាយថា បច្ចុប្បន្ននេះ ពិភពលោកកំពុងជួបប្រឈមវិបត្តិយ៉ាងតិចចំនួន ៤ ដែលទាក់ទងគ្នា គឺវិបត្តិអតិផរណា វិបត្តិថាមពល វិបត្តិកង្វះខាតស្បៀងអាហារ និងវិបត្តិអាកាសធាតុ ហើយពិភពលោកនឹងមិនអាចដោះស្រាយបញ្ហាទាំងអស់នេះបានទេ ប្រសិនបើពួកគេផ្តោតតែទៅលើវិបត្តិណាមួយ ដោយមើលរំលងវិបត្តិផ្សេងៗទៀតនោះ៕