ប្រេងឆៅរុស្ស៊ី

ចិនទិញប្រេងឆៅពីរុស្ស៊ីកើនឡើងជិត៥០% តាំងពីរុស្ស៊ីរងទណ្ឌកម្មពីលោកខាងលិច


តាមការរាយការណ៍ពីស្ថានវិភាគទីផ្សារ Vortexa Analytics ដែលត្រូវបានផ្សាយដោយរ៉យទ័រ បានឲ្យដឹងថា ប្រទេសចិន ត្រូវបានគេព្យាករថា បានទិញប្រេងពីរុស្ស៊ីប្រហែលជាង ១លានបារ៉ែលក្នុងមួយថ្ងៃ តាមរយៈការដឹកជញ្ជូនតាមផ្លូវសមុទ្រ ពោលគឺកើនឡើងប្រហែលជិត៥០% ពីប្រមាណ៧៥ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ គិតនៅក្នុងត្រីមាសទី១ឆ្នាំ២០២២នេះ ។
ចិនទិញប្រេងឆៅពីរុស្ស៊ីកើនឡើងជិត៥០%
ដោយ

ប្រភពព័ត៌មានពីរ៉យទ័រ បានឲ្យដឹងទៀតថា ក្រុងប៉េកាំងកំពុងក្ដោបក្ដាប់ឱកាសទិញយកប្រេងរុស្ស៊ីបញ្ចុះតម្លៃកាន់តែច្រើនឡើងៗយ៉ាងសន្ធឹកសន្ធាប់ ខណៈដែលប្រេងរុស្ស៊ីលក់មកឲ្យប្រទេសចិនមានការបញ្ចុះតម្លៃទាបមែនទែន ចាប់តាំងពីមានការឈ្លានពានអ៊ុយក្រែនមក ដោយតម្លៃប្រេងឆៅរបស់រុស្ស៊ីនៅលក់ត្រឹមតែក្រោម ៣០ដុល្លារប៉ុណ្ណោះក្នុងមួយធុងបារ៉ែល។ ក្នុងនោះដែរ ប្រទេសចិនកំពុងបញ្ជាទិញប្រេងឆៅពីរុស្ស៊ីតាមរយៈក្រុមហ៊ុន Unipec ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុនប្រេងរបស់ចិនដ៏ធំមួយនៅអាស៊ី Sinopec។

ប្រទេសចិនក៏បានទទួលប្រេងប្រហែល ៨០ម៉ឺនបារ៉ែលផងដែរ តាមរយៈបំពង់បង្ហូរប្រេងពីក្របខណ្ឌរដ្ឋាភិបាល ដែលមានស្រាប់ ហើយវាបាននាំឲ្យការប្រើប្រាស់ប្រេងរុស្ស៊ីនៅក្នុងប្រទេសចិន មានជិត២លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងខែឧសភា ឬមានចំណែកប្រហែល១៥% នៃតម្រូវការប្រើប្រាស់សរុប។

គិតមកទល់ពេលនេះ ប្រទេសខាងលិចនៅមិនទាន់មានការដាក់ទណ្ឌកម្មពេញលេញទៅអ្នកប្រើប្រាស់ ឬទិញប្រេងពីរុស្ស៊ីនោះទេ ខណៈសហភាពអឺរ៉ុបមកទល់ពេលនេះ នៅមិនទាន់មានការចេញអនុម័តផ្លូវការពីការហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីនោះដែរ។ ក៏ប៉ុន្ដែ ក្នុងអំឡុងពេលនេះ ប្រទេសចិន និងឥណ្ឌា កំពុងបង្កើនការទិញប្រេងពីរុស្ស៊ីកាន់តែច្រើន ដ្បិតថាពួកគេអាចទិញបានក្នុងតម្លៃទាប។

កាលពីសប្ដាហ៍មុន ទីភ្នាក់ងារថាមពលអន្តរជាតិ បានបញ្ជាក់ថា ចំណូលពីការនាំចេញប្រេងឆៅរបស់រុស្ស៊ីបានកើនឡើង៥០% តាំងពីដើមឆ្នាំ២០២២មក ជាមួយនឹងប្រាក់ចំណូលពីការលក់ប្រេងនេះមានជិត២០ពាន់លានដុល្លារក្នុងមួយខែ។

បរិមាណនាំចេញប្រេងរបស់រុស្ស៊ីត្រូវបានគេមើលឃើញថា កំពុងកើនឡើងដល់កម្រិតនៅមុនពេលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនវិញហើយ។ ជាក់ស្ដែង ក្នុងខែមេសា ការនាំចេញប្រេងរុស្ស៊ីមានការកើនឡើង ៦២ម៉ឺនបារ៉ែលបន្ថែមទៀតក្នុងមួយថ្ងៃ ដែលវាប្រហែលនឹងការនាំចេញកាលពីខែមករា និងខែកុម្ភៈ ឆ្នាំ២០២២ នៅគ្រាមិនទាន់មានការឈ្លានពានចូលអ៊ុយក្រែនដែរ។

អនុរដ្ឋមន្ត្រីថាមពេលរបស់វិមានក្រឹមឡាំង លោក Alexander Novak បាននិយាយថា ផលិតកម្មប្រេងរបស់រុស្ស៊ីក៏កំពុងងើបឡើងវិញដែរ ដោយទិន្នផលបានកើនឡើងបន្ថែមប្រហែល២០ទៅ៣០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ គិតក្នុងខែឧសភានេះ។ មន្ត្រីជាន់ខ្ពស់រូបនេះ រំពឹងថា ការងើបឡើងនៃផលិតកម្មប្រេងនឹងត្រូវបានស្ដារមកវិញនៅក្នុងខែមិថុនាខាងមុខ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ព័ន្ធមិត្ត Quad នឹងចាប់ផ្តើមដាក់ប្រព័ន្ធតាមដានដើម្បីត្រួតពិនិត្យការនេសាទខុសច្បាប់របស់ចិន

ព័ត៌មាន
កាសែត Financial Times របស់អាមេរិកបានរាយការណ៍ដោយដកស្រង់សម្តីពីមន្ត្រីអាមេរិកកាលចុងសប្តាហ៍មុនថា សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា…

ជប៉ុនប្រឈមនឹងសម្ពាធខ្លាំង ខណៈក្រុម G7 មានគោលដៅកាត់បន្ថយការពឹងផ្អែកលើថាមពលធ្យូងថ្ម

ព័ត៌មាន
ប្រទេសជប៉ុនកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីសមាជិករបស់ខ្លួននៃបណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង ៧ ឫ ហៅថា G7 ខណៈដែលទីក្រុងតូក្យូបានបដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ