![ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន រវាងសាជីវកម្មធានាឥណទានកម្ពុជា និងស្ថាប័នហិរញ្ញវត្ថុចូលរួម](https://cdn.cambonomist.com/media/images/CGCC-1-web.2e16d0ba.fill-960x540.jpg)
ការចាប់ដៃគូជាមួយធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនេះ នឹងធ្វើឱ្យស្ថាប័នហិរញ្ញវត្ថុចូលរួមរបស់សាជីវកម្មធានាឥណទានកម្ពុជា សរុបកើនឡើងដល់ចំនួន ១៥។ ការចុះហត្ថលេខានេះ អនុញ្ញាតឱ្យ សាជីវកម្មធានាឥណទានកម្ពុជា និងស្ថាប័នហិរញ្ញវត្ថុចូលរួម សហការគ្នាក្នុងការផ្តល់ឥណទានដែលមានការធានា ដល់ក្រុមហ៊ុនអាជីវកម្មនានានៅកម្ពុជា ។
ការកើនឡើងនៃចំនួនស្ថាប័នហិរញ្ញវត្ថុចូលរួម នឹងធ្វើឱ្យការផ្តល់ហិរញ្ញប្បទានដែលមានការធានាកាន់តែមានភាពទូលំទូលាយ, ប្រកួតប្រជែង, ព្រមទាំងផ្តល់ជម្រើស និងលទ្ធភាពកាន់តែច្រើន ជូនដល់ក្រុមហ៊ុនអាជីវកម្ម ក្នុងការទទួលបានហិរញ្ញប្បទាន នៅទូទាំងប្រទេស ។
![ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលសាជីវកម្មធានាឥណទានកម្ពុជា](https://cdn.cambonomist.com/media/images/CGCC-2-web.2e16d0ba.fill-960x540.jpg)
សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការគាំទ្រដល់ស្ថាប័នហិរញ្ញវត្ថុចូលរួម ដើម្បីផ្តល់ហិរញ្ញប្បទានជូនដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានលទ្ធភាពសង ប៉ុន្តែខ្វះទ្រព្យបញ្ចាំ ដោយផ្តល់ការធានាដែលដើរតួជាទ្រព្យបញ្ចាំ ចន្លោះពី ៧០% ទៅ ៨០% នៃប្រាក់កម្ចី ។
វត្តមានរបស់សាជីវកម្មធានាឥណទានកម្ពុជា ធ្វើឱ្យក្រុមហ៊ុនអាជីវកម្ម មានលទ្ធភាពខ្ពស់ក្នុងការទទួលបានប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុចូលរួម ទោះបីជាមិនមានទ្រព្យធានាគ្រប់គ្រាន់ក៏ដោយ។
![លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា ស.ធ.ក.](https://cdn.cambonomist.com/media/images/CGCC-3-web.2e16d0ba.fill-960x540.jpg)
ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់សាជីវកម្មធានាឥណទានកម្ពុជា បានលើកឡើងថា “យន្តការធានាឥណទាន គឺជាសេវាហិរញ្ញវត្ថុថ្មីនៅកម្ពុជា ដែលរំពឹងថាអាចចូលរួមដោះស្រាយបញ្ហារាំងស្ទះដល់ការផ្តល់ហិរញ្ញប្បទាន និងនាំមកនូវទម្លាប់ថ្មីនៃការផ្តល់ឥណទានរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ខ្ញុំសូមលើកទឹកចិត្តឱ្យស្ថាប័នហិរញ្ញវត្ថុចូលរួម ចាប់យកឱកាសនៃភាពជាដៃគូជាមួយសាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពមូលដ្ឋានអតិថិជន និងទីផ្សារឥណទានរបស់ខ្លួន តាមរយៈការផ្តល់ឥណទានថ្មីៗ ដែលមានការធានាពីសាជីវកម្មធានាឥណទានកម្ពុជា។ ទន្ទឹមនេះ ដើម្បីទទួលបានអត្ថប្រយោជន៍រួមគ្នាក្នុងរយៈពេលវែងពីគម្រោងធានាឥណទាននេះ ការប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈ និងការពង្រឹងអភិបាលកិច្ចរបស់ស្ថាប័នហិរញ្ញវត្ថុចូលរួម ក្នុងការវាយតម្លៃ និងត្រួតពិនិត្យឥណទានរបស់ក្រុមហ៊ុនអាជីវកម្ម គឺពិតជាមានសារៈសំខាន់ណាស់។”
![ឆ្វេងទៅស្តាំ: លោក Alan Wee Mun Sengគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត, លោកស្រី ឌិត នីតា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខេមា, លោក ឌិត សុចល ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា, លោក Wong Keet Loong ស.ធ.ក., លោក Makoto Kurokawa ធនាគារ J Trust Royal, លោក សុខ វឿន គ្](https://cdn.cambonomist.com/media/images/CGCC-4-web.2e16d0ba.fill-960x540.jpg)
CGCC បានដាក់ចេញគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ដែលមានទំហំទឹកប្រាក់ ២០០ លានដុល្លារអាមេរិក នៅខែមីនាឆ្នាំ ២០២១ ដើម្បីគាំទ្រដល់អាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូចនិងមធ្យម និងសហគ្រាស ខ្នាតធំ ដើម្បីបង្កើនលទ្ធភាពទទួលបានប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុចូលរួម សម្រាប់ទុនបង្វិល, ការវិនិយោគ និងពង្រីកអាជីវកម្ម។ គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម មានសុពលភាពរហូតដល់ចុងឆ្នាំ២០២២ ហើយការធានាឥណទាននឹងផ្តល់ជូនផ្អែកតាមគោលការណ៍ “មកមុន ទទួលបានមុន”។ រហូតមកដល់ពេលនេះ ការធានាចំនួន ១៨ករណី ត្រូវបានផ្តល់ជូនដល់ស្ថាប័នហិរញ្ញវត្ថុចូលរួម ក្រោមគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម។
![ពីឆ្វេងទៅស្តាំ: លោក Nakagawa Takahiroធនាគារស្ថាបនា, លោក ឌិត សុចល ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា, លោក សុខ វឿនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី, លោក Wong Keet Loong ស.ធ.ក., ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ណូ](https://cdn.cambonomist.com/media/images/CGCC-5-web.2e16d0ba.fill-960x540.jpg)
ក្រុមហ៊ុនអាជីវកម្មដែលមានគុណវុឌ្ឍិ អាចទំនាក់ទំនងស្ថាប័នហិរញ្ញវត្ថុចូលរួម សម្រាប់គម្រោងធានាឥណទាន ឬទំនាក់ទំនងសាជីវកម្មធានាឥណទានកម្ពុជា ដោយផ្ទាល់ តាមរយៈគេហទំព័រ www.cgcc.com.kh ដើម្បីទទួលបានព័ត៌មានបន្ថែម។ ស្ថាប័នហិរញ្ញវត្ថុចូលរួម ទាំង១៥ របស់សាជីវកម្មធានាឥណទានកម្ពុជា រួមមាន ធនាគារ អេស៊ីលីដា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត, ធនាគារ អាស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន, ធនាគារ ប្រេដ ប៊ែង, ធនាគារ ប្រៃសណីយ៍កម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា, ធនាគារ កាណាឌីយ៉ា, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី, ធនាគារ ហ្វីលីព, ធនាគារ ព្រីនស៍, ធនាគារ អ អេច ប៊ី, និង ធនាគារ ស្ថាបនា ៕