ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានខេមបូណូមីស លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា គិតត្រឹមខែមីនា ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានផ្ដល់ឥណទានជាង៥ពាន់លានដុល្លារ ដល់អ្នកប្រើប្រាស់ជាង១,៥លានគណនី។ ទន្ទឹមនឹងការផ្តល់ឥណទាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏មានទទួលប្រាក់បញ្ញើផងដែរ ដោយគិតត្រឹមដំណាច់ខែមីនា មានអ្នកដាក់ប្រាក់បញ្ញើជាង២លានគណនីជាមួយទំហំទឹកប្រាក់ជាង២ពាន់លានដុល្លារ។ យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះវាយតម្លៃថា បច្ចុប្បន្នចំនួនអ្នកប្រើប្រាស់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ បើធៀបនឹងដំណាច់ឆ្នាំ២០២៣។
តើការផ្តល់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុភាគច្រើនផ្ដោតលើវិស័យអ្វីខ្លះ? ឆ្លើយតបនឹងសំណួរនេះ ប្រធាននាយកដ្ឋានទំនាក់ទំនងរូបនេះ បានគូសបញ្ជាក់ថា ក្នុងចំណោមឥណទានដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់ឱ្យទាំងនោះ រួមមាន ឥណទានគ្រួសារ មានប្រមាណ៣០% ឥណទានលើវិស័យកសិកម្មប្រមាណ២០% និងឥណទានអាជីវកម្ម មានប្រមាណ២០%។
ទោះបីបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចនៅលើពិភពលោករួមទាំងកម្ពុជា បន្តស្ថិតក្នុងភាពមិនច្បាស់លាស់ ដែលគំរាមកំហែងដោយបញ្ហាសង្គ្រាម ជម្លោះពាណិជ្ជកម្ម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក៍ដោយ តែលោក កាំង តុងងី វាយតម្លៃថា វិស័យហិរញ្ញវត្ថុនៅកម្ពុជា ក្នុងឆ្នាំ២០២៤ នេះ នឹងមានកំណើនល្អប្រសើរជាងឆ្នាំ២០២៣ ក្រោយលោកសង្កេតឃើញមានអាជីវកម្មមួយចំនួនចាប់ផ្តើមមានដំណើរការល្អប្រសើរ ជាពិសេសអាជីវកម្មក្នុងវិស័យទេសចរណ៍៕
អត្ថបទ៖ បូ ដូឡា