ឯកឧត្តម សុទ្ធ កឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់ខេមបូណូមីសថា ជំនន់ទឹកភ្លៀងបានធ្វើឱ្យដំណាំស្រូវប្រមាណជាង ២ពាន់ហិកតានៅក្នុងខេត្តកំពង់ធំបានរងការខូចខាត និងប្រមាណ៥០០ហិកតាទៀតកំពុងឈានទៅរកការខូចខាតប្រសិនបើកម្រិតទឹកជំនន់មិនមានការថមថយក្នុងរយៈពេលខ្លីទេនោះ។ កំពង់ធំជាខេត្តមួយ ដែលរងផលប៉ះពាល់ខ្លាំងជាងគេក្នុងចំណោម១០ខេត្ត ដែលបានរងការជន់លិចដោយសារជំនន់ទឹកភ្លៀង។ បើតាមអ្នកនាំពាក្យរូបនេះ ការធ្លាក់ភ្លៀងជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឱ្យតំបន់ដែលទទួលរងនូវការជន់លិចស្រាប់នៅតែបន្តការជន់លិច ខណៈស្ថានភាពទឹកនៅតាមដងស្ទឹង និងព្រែកមួយចំនួននៅតែបន្តហក់ឡើង ស្របពេលកម្ពុជា នៅតែបន្តទទួលរងឥទ្ធិពលពីព្យុះ ដែលអាចធ្វើឱ្យមានភ្លៀងធ្លាក់បន្ថែមទៀត។
បើតាមអ្នកនាំពាក្យរូបនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចាត់វិធានការជាមុនដោយពង្រឹងលើយន្តការនានាតាមរយៈការត្រៀមខ្លួនរួចជាស្រេចនូវផែនការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីអន្តរាគមន៍ឆ្លើយតបនឹងសភាពការណ៍ណាមួយដែលបានកើតឡើងដោយទឹកជំនន់ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
បើតាមឯកឧត្តម សុទ្ធ កឹមកុលមុនី ការធ្លាក់ភ្លៀងជាប់ៗគ្នានៅប៉ុន្មានថ្ងៃកន្លងមកនេះ បានធ្វើបណ្ដាខេត្តចំនួន១០រងការជន់លិចក្នុងនោះខេត្តកំពង់ធំ និងខេត្តស្ទឹងត្រែងបានរងផលប៉ះពាល់ខ្លាំងជាគេ។ យ៉ាងណាក៏ដោយផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនេះមិនទាន់បង្កឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធធ្ងន់ធ្ងរនោះទេ ហើយក៏មិនទាន់គម្រាមកំហែងដល់អាយុជីវិតរបស់ពលរដ្ឋណាម្នាក់នោះដែរ។
បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជានឹងបន្តមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ បន្ថែមទៀត ដែលអាចធ្វើឱ្យខេត្តមួយចំនួនបន្តរងការជន់លិចដោយសារជំនន់ទឹកភ្លៀង៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ