
តាមរបាយការណ៍ដដែលនេះ បានឲ្យដឹងទៀតថា ការចំណាយសរុបលើការបណ្ដុះបណ្ដាល សិក្ខាកាមខាងលើនេះ មានប្រមាណ ២៩,៣៩ លានដុល្លារ ក្នុងនោះ មានថវិកាបដិភាគរបស់ SDF ចំនួន ១៥,៦៦លានដុល្លារ។ ការចំណាយលើការអភិវឌ្ឍជំនាញបន្ថែមសម្រាប់សិក្ខាកាម ភាគច្រើនមាននៅក្នុងវិស័យទេសចរណ៍, ឌីជីថល, សំណង់. ផលិតកម្ម, យានយន្ដ, អេឡិចត្រូនិក និងវិស័យផ្សេងៗទៀត ដែលកំពុងមានតម្រូវការខ្ពស់ពីខាងក្រុមហ៊ុន ឬស្ថាប័នឯកជន។

បើតាមការគូសបញ្ជាក់របស់ SDF ទាំងចំនួនសិក្ខាកាមសរុប និងថវិកាបដិភាគក្នុងឆ្នាំ២០២៤នេះ គឺស្ទើរតែស្មើនឹងលទ្ធផលក្នុងរយៈពេល ៥ឆ្នាំ កន្លងមក (២០១៨-២០២៣)ទៅហើយ ដែលនេះ ជាការបំបែកនូវកំណត់ត្រាថ្មីមួយទៀត ហើយវាក៏ឆ្លុះបង្ហាញឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំរបស់ថ្នាក់ដឹកនាំ និងក្រុមការងារគ្រប់លំដាប់ថ្នាក់នៃ SDF ក្រោមការចង្អុលបង្ហាញពីក្រុមប្រឹក្សាបរធនបាល ដែលមានតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ព្រមទាំងមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ រួមមាន៖ ADB, AFD និង World Bankជាដើម។

ជាលទ្ធផលក្រោយការបណ្ដុះបណ្ដាល និងអភិវឌ្ឍជំនាញ ក្នុងចំណោមសិក្ខាកាមទាំង ៣៤,៤៣១នាក់ អ្នកដែលបោះបង់ការសិក្សាមានត្រឹមតែអត្រា ៤%ប៉ុណ្ណោះ ខណៈអត្រាអ្នកដែលទទួលបានការងារធ្វើ គឺមានខ្ពស់រហូតដល់ ៨៨% , អត្រាពេញចិត្តពីនិយោជកមានរហូតដល់ ៨៥% និងប្រាក់បៀវត្សរ៍មូលដ្ឋានជាមធ្យមខ្ពស់ជាងប្រាក់បៀវត្សរ៍អប្បបរមាប្រមាណ ២០% ដែលនេះជាការឆ្លុះបញ្ចាំងឲ្យឃើញពីគុណភាព ទំនុកចិត្ត និងតម្លៃនៃលុយ។

ក្រៅពីសមិទ្ធផលខាងលើនេះ SDF ក៏បានភ្ជាប់ទំនាក់ទំនង និងបង្កើតភាពជាដៃគូរវាងក្រុមហ៊ុនចំនួន ៤៤៤ និងគ្រឹះស្ថានបណ្ដុះបណ្ដាលចំនួន ៦១ ទាំងក្នុងវិស័យរដ្ឋ ឯកជន និងអង្គការ រួមទាំងសមាគមធុរកិច្ចចំនួន ២១ ផងដែរ ដើម្បីរៀបចំ និងអនុវត្តកម្មវិធីអភិវឌ្ឍជំនាញ ដែលត្រូវនឹងតម្រូវការវិស័យឯកជនទាំង បរិមាណ និងគុណភាព ក្នុងគោលដៅបង្កើតការងារកាន់តែប្រសើរ ទាក់ទាញការវិនិយោគប្រកបដោយគុណភាព និងជំរុញកំណើនសេដ្ឋកិច្ច ក្រោមពាក្យស្លោក៖ «ជំនាញខ្ពស់ ចំណូលខ្ពស់» និង «បង្កើនជំនាញ បង្កើនចំណូល ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៥០ រួមគ្នាប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០»។













