កម្ពុជា-ថៃ

ភាគីកម្ពុជា និងថៃ នឹងជួបគ្នាជាថ្មីទៀតឆាប់ៗនេះ ដើម្បីចរចាពាក់ព័ន្ធនឹងតំបន់ប្រេងត្រួតស៊ីគ្នា


សន្ទុះនៃការបន្តកិច្ចពិភាក្សារវាងប្រទេសកម្ពុជា និងថៃស្តីពីការរុករកប្រេងក្នុងតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រថៃកំពុងមានភាពសកម្មឡើងវិញ នៅបន្ទាប់ពីប្រទេសទាំងពីរកាលពីពេលថ្មីៗសុទ្ធតែបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការជំរុញការចរចាឱ្យវិវត្តទៅមុខ ក្រោយបានពន្យាពេលចរចាអស់២០ឆ្នាំមកហើយ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃបាងកកប៉ុស្តិ៍ នាយកប្រតិបត្តិនៃវិទ្យាស្ថានប្រេងរបស់ថៃ បានជំរុញឱ្យរដ្ឋាភិបាលក្រុងបាងកកធ្វើការជាមួយកម្ពុជា ដើម្បីរុករកប្រេង យកមកសម្រាលផលប៉ះពាល់នៃការប្រែប្រួលតម្លៃឧស្ម័នពិភពលោកសម្រាប់រយៈពេលវែង។
មន្ត្រីថៃជំរុញរដ្ឋាភិបាលពន្លឿនការចរចានឹងកម្ពុជាលើតំបន់ប្រេងត្រួតស៊ីគ្នា!

ដោយឡែក បើតាមការអះអាងពីមន្ត្រីជំនាញកម្ពុជា បានអះអាងប្រាប់ខេមបូណូមីសនៅថ្ងៃទី ៦ខែមករានេះថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានជួបគ្នាកាលពីចុងខែធ្នូឆ្នាំ២០២២រួចហើយ ដើម្បីកំណត់កាលបរិច្ឆេទសម្រាប់ការចរចាគ្នាជាថ្មីទៀតក្នុងពេលខាងមុខ។

ការជំរុញរបស់ភាគីថៃ​ឲ្យមានការពិភាក្សាស្ដីពីការរុករងប្រេង​លើតំបន់ត្រួតស៊ីគ្នា​រវាង​កម្ពុជា និងថៃនេះ ធ្វើឡើងបន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃមានការពិភាក្សាក្រៅផ្លូវការមួយកាលពីថ្ងៃអង្គារទី៣ខែមករា អំពីការអភិវឌ្ឍរួមគ្នាជាមួយកម្ពុជានៃធនធានប្រេង ដែលត្រូវបានភាគីថៃប៉ាន់ស្មានថាមានតម្លៃ ៥ទ្រីលានបាត ឬស្មើនឹងជាង ១៤៧ពាន់លានដុល្លារអាមេរិក។

ចំណែកភាគីកម្ពុជាវិញ កន្លងមកក៏បានបង្ហាញពីសញ្ញាវិជ្ជមាន សម្រាប់ការចង់បើកកិច្ចចរចា​ឡើងវិញ​អំពីការអភិវឌ្ឍនៅតំបន់ប្រេងត្រួតស៊ីគ្នា (OCA) រវាងកម្ពុជា និងថៃនេះផងដែរ។ ការចរចាដោះស្រាយវិវាទលើតំបន់ទាមទារត្រួតស៊ីគ្នា ត្រូវបានពន្យារ​អស់ពេល២០ឆ្នាំមកហើយ បន្ទាប់ពីប្រទេសទាំងពីរ បានបរាជ័យក្នុងការចរចាកាលពីឆ្នាំ២០០១។ មែនទែនទៅ ថៃនិងកម្ពុជា មានការជួបជជែកគ្នាជាហូរហែ នៅប៉ុន្មានឆ្នាំមកនេះ ទាំងជំនួបផ្លូវការ និងមិនផ្លូវការ។ ប៉ុន្តែមិនធ្លាប់មានលទ្ធផល ជាផ្លែផ្កាណាមួយពីជំនួបទាំងនោះទេ។

ជុំវិញបញ្ហានេះ ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានប្រាប់អ្នកយកព័ត៌មានខេមបូណូមីសថា ភាគីទាំងពីរ​បានជួបគ្នាម្តងហើយកាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២២ ប៉ុន្តែវាជាជំនួបក្រៅផ្លូវការ ដើម្បីពិភាក្សារៀបចំកិច្ចប្រជុំបន្ត ដែលកម្ពុជានិងថៃ ត្រូវកំណត់ពេលវេលាជាមួយគ្នា សម្រាប់កិច្ចប្រជុំផ្លូវការក្នុងពេលខាងមុខ។

បើតាមការសែតបាងកកបុស្តិ៍ដដែល មន្ត្រីថៃបានអះអាងថា ពេលនេះវាគួរតែជាពេលសមរម្យហើយ សម្រាប់ប្រទេសក្បែរខាងទាំងពីរចរចាគ្នា​ឱ្យបានច្បាស់លាស់ អំពីកិច្ចសហការលើ​អាជីវកម្មប្រេងក្នុងតំបន់ត្រួតស៊ីគ្នា នៅចំពោះមុខ វិបត្តិថាមពលសកល និងផលប៉ះពាល់ដែល​បង្កដោយរោគរាតត្បាតកូវីដ១៩។

ប្រទេសថៃត្រូវធានាការផ្គត់ផ្គង់ប្រេងបន្ថែមទៀត សម្រាប់ការផលិត​អគ្គិសនី បន្ទាប់ពីការថយចុះនៃបរិមាណប្រេង នៅក្នុងឈូងសមុទ្រថៃ បាននាំឱ្យមានការកើនឡើងនៃការនាំចូលប្រេងឧស្ម័នធម្មជាតិរាវ ឬLNG ដែលកំពុងមានតម្លៃថ្លៃ។

សូមជម្រាបថា តំបន់ទាមទារត្រួតស៊ីគ្នា មានផ្ទៃក្រឡាទំហំជាង២៦ពាន់គីឡូម៉ែត្រការ៉េ ដែលមានការប៉ាន់ប្រមាណថា អាចមានប្រេង និងឧស្ម័ន ច្រើនលានប៉ារ៉ែលនៅបាតសមុទ្រ៕




អត្ថបទបន្ទាប់


ស្រីលង្កានឹងចាប់ផ្ដើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបរទេសឡើងវិញ ក្រោយផ្អាកអស់ច្រើនឆ្នាំ

ព័ត៌មាន
ប្រទេសស្រីលង្កានឹងចាប់ផ្តើមការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ ប្រទេសឥណ្ឌា ចិន និងប្រទេសថៃឡើងវិញ បន្ទាប់ពីបានផ្អាករយៈពេល៤ឆ្នាំ ខណៈប្រទេសដែ…

ចិនពង្រឹងការរុករកធនធានរ៉ែក្នុងស្រុក ក្រោយបារម្ភពីហានិភ័យកង្វះខាតធនធានរ៉ែសំខាន់ៗ និងលែងចង់ពឹងផ្អែកលើការនាំចូល

ព័ត៌មាន
បញ្ហាផ្ទុះឡើងវិញនូវការរាតត្បាតពីជំងឺកូវីដ ១៩ មិនមែនជាបញ្ហាតែមួយដែលប្រទេសចិនកំពុងចាត់វិធានការប្រយុទ្ធប្រឆាំងនោះទេ។ កង្វះខាតនូវធនធានរ៉ែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ