គណបក្សនយោបាយ

ពលរដ្ឋថៃ ច្រើនលើសលប់បាត់បង់ទំនុកចិត្តលើគណបក្សនយោបាយក្នុងការដោះស្រាយបញ្ហាកិច្ចការងារជាតិ


ស្របពេលដែលប្រទេសថៃ កំពុងបន្តឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ឥតស្រាកស្រាន្តដោយមិនខ្លាចញញើតច្បាប់អន្តរជាតិ ការស្ទង់មតិរបស់វិទ្យាស្ថានជាតិ គ្រប់គ្រងការអភិវឌ្ឍន៍ (NIDA) របស់ថៃ បានរកឃើញគួរឱ្យភ្ញាក់ផ្អើលថា ប្រជាជនថៃ ច្រើនលើសលប់រហូតដល់ទៅជាង៤០% បានបង្ហាញការមិនសប្បាយចិត្តកាន់តែខ្លាំង និងបាត់បង់ទំនុកចិត្តលើគណបក្សនយោបាយ មិនថា គណបក្សកាន់អំណាច ឬគណបក្សប្រឆាំង។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍។
ពលរដ្ឋថៃ
ដោយ

វិទ្យាស្ថានជាតិ គ្រប់គ្រងការអភិវឌ្ឍន៍ (NIDA) របស់ថៃ បានស្ទង់មតិលើប្រជាជនថៃ ចំនួន១,៣១០នាក់ទូទាំងប្រទេស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែសីហា ហើយជាលទ្ធផលបានរកឃើញថា ពលរដ្ឋថៃ ៤១,៩១% បានបង្ហាញអារម្មណ៍អស់សង្ឃឹមទាំងស្រុងចំពោះសមត្ថភាពរបស់គណបក្សនយោបាយថៃ មិនថា គណបក្សកាន់អំណាច ឬគណបក្សប្រឆាំងក្នុងការដោះស្រាយបញ្ហាជាតិ។ ទន្ទឹមនេះ ពលរដ្ឋថៃ ៣៤,១៩% ទៀត និយាយថា ពួកគេអស់សង្ឃឹមខ្លះៗ ខណៈជិត២១% បង្ហាញពីក្តីសង្ឃឹមខ្លះៗ ហើយមានតែ២,៩៨% ប៉ុណ្ណោះ ដែលនិយាយថា ពួកគេមានសង្ឃឹមយ៉ាងមុតមាំលើគណបក្សនយោបាយ។

នៅពេលសាកសួរថា ប្រសិនបើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រត្រូវបានរៀបចំឡើងសាជាថ្មី តើពួកគេនឹងបោះឆ្នោតគាំទ្របេក្ខភាពដដែលឬយ៉ាងណា ក្នុងនោះពលរដ្ឋ៥០,៦៩% ឆ្លើយថា ពួកគេនឹងមិនបោះឆ្នោតឱ្យទៀតឡើយ ខណៈ២៥,៥៧% មិនទាន់សម្រេចចិត្តនៅឡើយ ហើយ២៣,៧៤% និយាយថាពួកគេនឹងគាំទ្របេក្ខភាពតំណាងរាស្ត្រដដែល។

ជាចុងបញ្ចប់នៅពេលសួរថា តើពួកគេនឹងបោះឆ្នោតឱ្យសមាជិកសភាមកពីគណបក្សដែលពួកគេធ្លាប់បានគាំទ្រនៅក្នុងការបោះឆ្នោតឆ្នាំ២០២៣ ទៀតឬយ៉ាងណានោះមានពលរដ្ឋ៤០,៤៦%ឆ្លើយថា ពួកគេនឹងមិនបោះឆ្នោតគាំទ្រទៀតឡើយ ហើយ២៩,៤៧%ឆ្លើយថា នឹងបោះឱ្យ ខណៈ២៦,៩៥%ឆ្លើយថា មិនទាន់ច្បាស់ និង៣,១២% ឆ្លើយថា ពួកគេមិនដែលបានបោះឆ្នោត។

ជាការកត់សម្គាល់ឃើញថា កងទ័ពថៃនៅមួយរយៈចុងក្រោយនេះហាក់ឡើងកូតខ្លាំងដោយទទួលបានការគាំទ្រខ្លាំងពីប្រជាជនថៃ ក្រោយកងទ័ពថៃ បានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានកម្ពុជារហូតក្រុមអ្នកតាមដានស្ថានការណ៍នយោបាយថៃបារម្ភថា យោធាថៃ អាចនឹងឈានដល់ការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលក្នុងពេលដ៏ខ្លីខាងមុខ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើអាជ្ញាធរគួរចាត់វិធានការបែបណាចំពោះក្រុមហ៊ុន ឬសហគ្រាសដែលលួចបន្លំបាកូដផលិតផល?

ក្រោយពលរដ្ឋកម្ពុជា ធ្វើពហិការមិនប្រើប្រាស់រាល់ទំនិញមានប្រភពមកពីប្រទេសថៃ មានក្រុមហ៊ុនក្នុងស្រុកមួយបានបន្លំប្រើបាកូដកម្ពុជា ៨៨៤ បិតលើបាកូដថៃ…

ក្រោយធ្លាក់ក្នុងសង្គ្រាមជិត៥ឆ្នាំ មីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតសកលលើកដំបូងនៅចុងឆ្នាំនេះ

បើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា ប្រទេសដែលកំពុងហែកហួរដោយសង្គ្រាមផ្ទៃក្នុងនេះនឹងរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ