
វិថីនយោបាយរបស់លោកស្រី ផែថងថាន ត្រូវបានគេក្រាលយ៉ាងរលោងកាលពីដើមអាណត្តិ ប៉ុន្តែបែរជារលាក់ពិបាកធ្វើដំណើររហូតដល់ព្យួរតំណែងរង់ចាំសាលក្រមសម្រេចពីតុលាការធម្មនុញ្ញថៃ នៅថ្ងៃទី២៩ សីហា ដោយសារសង្រ្គាមផ្លូវច្បាប់ក្នុងសំណុំរឿងខ្សែអាត់សំឡេង នៃការសន្ទនាជាមួយមេដឹកនាំកម្ពុជា។ លោកស្រី ផៃថងថាន បានក្លាយជានាយករដ្ឋមន្រ្តីទី៣១របស់ថៃ ក្រោយលោក ស្រ៊ីថា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញដកសិទ្ធិ បន្ទាប់ពីតែងតាំងមន្រ្តីមិនត្រូវតាមច្បាប់កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។
វិថីនយោបាយរបស់លោកស្រី ផែថងថាន មានភាពរដិបរដុបខ្លាំង ក្នុងនោះក្រៅពីបញ្ហារឿងក្តីនៅតុលាការធម្មនុញ្ញ និងបញ្ហាអំពើពុករលួយ ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេត រដ្ឋាភិបាលរបស់លោកស្រី ក៏បានជួបជម្លោះផ្ទៃក្នុងរវាងគណបក្សចងសម្ព័ន្ធទាំង១១ ជាពិសេសរវាងគណបក្សភឿថៃ និងគណបក្សភូមិចៃថៃ តែម្តង។
មកដល់ពេលនេះ ជោគវាសនាកៅអីនាយករដ្ឋមន្ត្រីរបស់លោកស្រី ផៃថងថាន នៅមិនច្បាស់លាស់នៅឡើយទេ ដូច្នេះប្រសិនបើ លោកស្រី អស់ឱកាសក្រោមការសម្រេចសាលក្រមដោយតុលាការធម្មនុញ្ញ តើនរណាជាបេក្ខជនដ៏ស័ក្ដិសមសម្រាប់តំណែងនេះ?
យោងតាមការស្ទង់មតិប្រចាំត្រីមាសចុងក្រោយដោយ Nida Poll កាលពីពេលថ្មីៗនេះបានបង្ហាញថា មេដឹកនាំគណបក្សប្រឆាំង លោក ណាថាផុង រួនផានយ៉ាវុធ (Natthaphong Ruengpanyawut) បានក្លាយជាជម្រើសកំពូលសម្រាប់តំណែងនាយករដ្ឋមន្ត្រី ដោយមានអ្នកគាំទ្រ៣១,៤៨% រីឯលោក ប្រាយុទ្ធ ចាន់អ៊ូចា ទទួលបានការគាំទ្រ១២,៧២% ដោយឡែកលោកស្រី ផែថងថាន វិញប្រជាប្រិយភាពធ្លាក់ចុះពី ជិត៣១% មកនៅត្រឹម៩% ប៉ុណ្ណោះ៕
ដោយៈ សរ សុជាតិ