
តែយ៉ាងណា អ្នកជំនាញនៅក្នុងវិស័យជីថ្នាំកសិកម្មបានវាយតម្លៃការប្រើប្រាស់ជីកសិកម្មរបស់ប្រជាកសិករនៅដើមឆ្នាំនេះថា ហាក់មានការថយចុះជាងឆ្នាំមុន ទោះបីជាតម្លៃជីមានភាពល្អប្រសើរ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញថា នៅក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំ២០២៥ កម្ពុជា បានចំណាយថវិការប្រមាណជាង៩៨លានដុល្លារលើការនាំចូលជីកសិកម្មពីក្រៅប្រទេស មានការកើនឡើងជាង៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែប្រមាណ៩០លានដុល្លារប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ លោក ហួរ ធីនាង ប្រធានគ្រប់គ្រងទូទៅផ្នែកជីថ្នាំកសិកម្ម នៃក្រុមហ៊ុនអង្គរហ្គ្រីន បានវាយតម្លៃថា ការនាំចូលជីកសិកម្មមានការកើនឡើងនៅរយៈពេល៤ខែកន្លងមកនេះ ទំនងជាជំរុញដោយសារការកើនឡើងចំនួនអ្នករកស៊ីនៅក្នុងវិស័យនេះ ដ្បិតថា ក្រោយសេដ្ឋកិច្ចរងការគំរាមកំហែងជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានតែវិស័យកសិកម្មប៉ុណ្ណោះ ដែលនៅតែរក្សាបានកំណើនល្អប្រសើរ។
តែយ៉ាងណាអ្នកជំនាញរូបនេះ បានអះអាងថា សម្ទុះនៃតម្រូវការប្រើប្រាស់ជីកសិកម្មរបស់ប្រជាកសិករនៅដើមឆ្នាំនេះ ហាក់មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំមុន។ ការប្រើប្រាស់ជីកសិកម្មមានការធ្លាក់ចុះនេះត្រូវបានអ្នកជំនាញរូបនេះអះអាងថា ក៏ដោយសារតម្លៃកសិកផលមួយចំនួនដូចជាស្រូវ និងដំឡូងមីជាដើម មានការធ្លាក់ចុះនៅឆ្នាំនេះ ដែលជំរុញឱ្យកសិករកាត់បន្ថយការដាំដុះ។ កត្តានេះបានជំរុញឱ្យការលក់ និងការនាំចូលជីកសិកម្មរបស់ក្រុមហ៊ុនអង្គរហ្គ្រីន មានការធ្លាក់ចុះប្រមាណ២០% នៅរយៈពេល៤ខែកន្លងមកនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សូមជម្រាបថា នៅពេញមួយឆ្នាំ២០២៤ កន្លងទៅកម្ពុជា បាននាំចូលជី និងថ្នាំកសិកម្មពីទីផ្សារខាងក្រៅ គិតជាទឹកប្រាក់មានប្រមាណជាង៦១៥លានដុល្លារ មានការកើនឡើងជាង២៥% បើធៀបឆ្នាំ២០២៣ ដែលមានចំនួនជាង៤៨៨លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម៕