តាមរយៈទំព័រហ្វេបុកផ្លូវការរបស់គណបក្សរួបរួមជាតិថៃ, លោក ប្រាយុទ្ធ ចាន់អូចា ដែលជាឧត្តមសេនីយ៍ចូលនិវត្តន៍ មុនពេលក្លាយជាអ្នកនយោបាយ បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋថៃ ដែលបានគាំទ្ររូបលោក និងក្រុមអ្នកនយោបាយរបស់លោក ក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី ១៤ ឧសភា។
លោក ប្រាយុទ្ធចាន់អូរចារ បានប្រកាសថា លោកនឹងចូលនិវត្តន៍ពីនយោបាយ ដោយលាលែងពីសមាជិកភាពក្នុងគណបក្សរួបរួមជាតិថៃ។ យោងតាមលទ្ធផលឆ្នោត គណបក្សរបស់លោកទទួលបានតែ ៣៦ អាសនៈប៉ុណ្ណោះ ក្នុងចំណោមអាសនៈសរុបចំនួន៥០០នៅក្នុងរដ្ឋសភា។ លោកនាយករដ្ឋមន្ត្រីចាំផ្ទះថៃរូបនេះ បានសំណូមពរឱ្យប្រធានគណបក្ស នាយកប្រតិបត្តិគណបក្ស និង សមាជិកបក្ស បន្តសកម្មភាពនយោបាយរបស់ខ្លួនជាមួយនឹងមនោគមវិជ្ជាឥតប្រែប្រួល, ការពារជាតិ សាសនា និងព្រះមហាក្សត្រ, ព្រមទាំងយកចិត្តទុកដាក់ចំពោះប្រជាជនថៃ។
សូមរំលឹកថា ក្រោយការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ត្រា ក្នុងឆ្នាំ២០១៤, លោក ប្រយុទ្ធ ចាន់អូចា ដែលជាអ្នកគាំទ្ររបបរាជានិយម បានកាន់អំណាចតាំងពីពេលនោះមក រហូតដល់ឆ្នាំ២០១៩ ជាពេលដែលមានការបោះឆ្នោតសកលក្រោមរដ្ឋធម្មនុញ្ញថ្មីដែលកែប្រែដោយក្រុមយោធា។ នៅពេលនោះ គាត់គឺជាបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់របស់គណបក្សគាំទ្ររបបយោធា ផាឡាង ប្រាឆារ៉ាត់ (Palang Pracharat)។ គណបក្សនេះបានបង្កើតរដ្ឋាភិបាលជាមួយនឹងសម្ព័ន្ធមិត្តនយោបាយរបស់ខ្លួនផ្សេងទៀត បើទោះបីជាពេលនោះ គណបក្សប្រឆាំង ភឿថៃ បានឈ្នះអាសនៈភាគច្រើនបំផុតនៅក្នុងសភាក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី ១៤ ខែឧសភាឆ្នាំនេះ គណបក្សថ្មីរបស់លោកប្រាយុទ្ធ គឺគណបក្សរួបរួមជាតិថៃ បានចាញ់ការបោះឆ្នោតដ៏ធ្ងន់លើសពីការរំពឹងទុក បើធៀបនឹងគណបក្សប្រឆាំងថ្មី គឺបក្សឆ្ពោះទៅមុខ និងបក្សភឿថៃ ដែលទទួលបានអាសនៈរៀងគ្នា ១៥១ និង១៤១។
ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះបាន បក្សប្រឆាំងធំៗទាំងពីរបានព្រមព្រៀងគ្នាបង្កើតសម្ព័ន្ធភាពជាមួយបក្សតូចៗប្រាំមួយផ្សេងទៀត ដែលបូកសរុបពួកគេមាន៣១២អាសនៈ។ គេនឹងរង់ចាំមើលថា តើបេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោក ភីថា លីមចារឿនរ៉ាត់ នឹងត្រូវបានសភាថៃអនុម័តតែងតាំងក្នុងការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ ដើម្បីជំនួសតំណែងរបស់លោក ប្រាយុទ្ធ ចាន់អូចា ឬយ៉ាងណា ខណៈដែលលោកត្រូវការសំឡេងគាំទ្របន្ថែមពីយោធា ក៏ដូចជាពីអ្នករាជានិយម ដែលមិនសូវចូលចិត្តរូបលោករឿងចង់កែមាត្រាច្បាប់ប្រមាថព្រះមហាក្សត្រនោះ៕