អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន

ក្រុមអ្នកជំនាញ៖ អាជីវកម្មបម្រើសេវាទេសចរណ៍ចាប់ផ្ដើមកម្រើកឡើងវិញហើយ


មន្ត្រី និងក្រុមអ្នកជំនាញ ក្នុងវិស័យទេសចរណ៍ បានមើលឃើញពីក្ដីសង្ឃឹមកាន់តែខ្ពស់ឡើងសម្រាប់វិស័យទេសចរណ៍កម្ពុជាក្រោយពេលដែលចរន្ដទេសចរណ៍ផ្ទៃក្នុងចាប់ផ្ដើមកម្រើកឡើងវិញ ខណៈផែនការបើកសាកល្បងទទួលភ្ញៀវទេសចអន្តរជាតិចាក់វ៉ាក់សាំងក៏កាន់តែខិតចូលមកដល់។
សណ្ឋាគារសុខាភ្នំពេញ (រូបភាព៖https://www.travelweekly.com )

យ៉ាងណាមិញ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ថ្មី​ៗ​នេះ ក៏​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​ឈប់​សម្រាក និង​អាច​ដើរ​កម្សាន្ដ​បាន​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​៣​ថ្ងៃ ដែល​បាន​និង​កំពុង​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​ពិសេស​សេវាកម្ម​ទេសចរណ៍ ដូច​ជា សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន ចាប់ផ្ដើម​មានការ​រៀបចំ​ត្រៀមខ្លួន​ឡើង​វិញ ដើម្បី​ទទួលភ្ញៀវ​ទេសចរ ជាមួយនឹង​ការ​គោរព​តាម​វិធាន​សុខាភិបាល​យ៉ាង​ខ្ជាប់ខ្ជួន​ផង​ដែរ​។

នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ វិស័យ​ទេសចរណ៍​ចាប់ផ្ដើម​មាន​សកម្មភាព​កម្រើក​ឡើង​វិញ​ជា​បណ្ដើរ​ៗ​ហើយ​ពិសេស​នៅ​តាម​បណ្ដា​ខេត្ត​គោលដៅ​ទេសចរណ៍ធម្មជាតិ​មួយ​ចំនួន​។

លោក សោម ចិន្ដា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប ដែល​មាន​មាន​ទេសចរ​ផ្ទៃក្នុង ធ្វើ​ដំណើរ​កម្សាន្ត​ច្រើន អំឡុង​កូ​វី​ដ​-១៩​នេះ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា រយៈពេល​ចុង​ក្រោយ​នេះ សន្ទុះ​នៃ​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​លេង ខេត្ត​កែប ហាក់​មាន​កំណើន​ខ្លាំង រហូត​ប្រមាណ​១​ម៉ឺន ក្នុង​១​ស​ប្ដា​ហ៍ ដែល​ជំរុញ​ផ្នែក​សេវាកម្ម​មូលដ្ឋាន​ទេសចរណ៍ ដូច​ជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​តំបន់​រម​នី​យ​ដ្ឋា​ន​នានា ប្រមាណ​៧០% ទូ​ទាំង​ខេត្ត​កែប បាន​បើក​ដំណើរការ​ឡើង​វិញ ក្នុង​ចំណោម​សេវាកម្ម​ទេសចរណ៍ ប្រមាណ ៣០០ ទូ​ទាំង​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​។

បើ​តាម​ការ​បញ្ជាក់ របស់​ប្រធាន​មន្ទីរ​ទេសចរណ៍​រូប​នេះ សេវាកម្ម​ទេសចរណ៍​ស្ទើ​ទាំងអស់ ទូ​ទាំង​ខេត្ត​កែប សុទ្ធតែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ឡើង​វិញ លើកលែងតែ​អាជីវកម្ម ប្រភេទ​គ្រឿង​ស្រវឹង ប៉ុណ្ណោះ​។

ជាមួយ​គ្នា​នេះ​ដែរ លោក ឌិន សុមេធា​រិ​ទ្ធ ប្រធាន​សមាគម​សណ្ឋាគារ​ទេសចរណ៍​កម្ពុជា យល់​ឃើញ​ថា វិស័យ​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន ហាក់​នៅ​តែ​បន្ត​ទទួល​រង​នូវ​ឥទ្ធិពល ពី​វិបត្តិ​កូ​វី​ដ​-១៩ ក៏​ពិតមែន តែ​អ្នកជំនាញ​រូប​នេះ បាន​យល់​ឃើញ​ថា រយៈពេល​មួយ​ខែ​ចុង​ក្រោយ​នេះ សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន ហាក់​ចាប់ផ្ដើម​កំរើក​ឡើង​វិញ​បន្តិច​ហើយ ទន្ទឹម​នឹង​ទេសចរណ៍​ផ្ទៃក្នុង ក៏​កំពុង​មាន​សកម្មភាព​ឡើង​វិញ ជា​បណ្ដើរ​ៗ​ផង​ដែរ​។

បើ​ទោះបីជា ការ​បើក​ដំណើរការ​ឡើង​វិញ របស់​សណ្ឋាគារ ផ្ទះសំណាក់ មាន​ភាព​យឺតយ៉ាវ​ក៏​ពិតមែន ប៉ុន្ដែ​ប្រធាន​សមាគម​រូប​នេះ នៅ​តែ​មាន​ក្ដី​រំពឹង​ថា វិស័យ​នេះ នឹង​មាន​លក្ខណៈ​ប្រសើរ​ឡើង​វិញ នៅ​ពេល​កម្ពុជា បើក​ទទួល​ទេសចរ​អន្តរជាតិ​ឡើង​វិញ នា​ពេល​ឆាប់​ៗ ខាង​មុខ​នេះ​។

អ្នកជំនាញ​ទេសចរណ៍​មួយ​រូប​ទៀត លោក​ជំទាវ ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ក៏​យល់​ឃើញ​ដែរ​ថា នា​រយៈពេល​ចុង​ក្រោយ​នេះ នៅ​តាម​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​ចាប់ផ្ដើម​មាន​សកម្មភាព​ឡើង​វិញ ជា​បណ្ដើរ​ៗ​ហើយ​ពិសេស​ក្រោយ​ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​អនុញ្ញាត​ឲ្យ​មានការ​ដើរ​កម្សាន្ដ​នៅ​អំឡុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​។ ប៉ុន្ដែ​ការ​ងើបឡើង​វិញ​នេះ វា​ហាក់​នៅ​មាន​កម្រិត​នៅឡើយ  ពិសេស​នៅ​តាម​បណ្ដា​ខេត្ត​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ភ្ញៀវ​ទេសចរ​បរទេស​។

បើ​តាម​របាយការណ៍​ពី​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ដែល​ផ្ដល់​ឱ្យ​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​សបាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ជំរុញ​ទេសចរណ៍​ក្នុងស្រុក ដែល​ធ្វើ​ឱ្យ​សកម្មភាព​របស់​ទេសចរណ៍​ផ្ទៃក្នុង ចាប់ផ្ដើម​មាន​សកម្មភាព​ឡើង​វិញ បាន​ធ្វើ​ឱ្យ​សេវាកម្ម​ទេសចរណ៍ ដូច​ជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ភ្នាក់ងារទេសចរណ៍​នានា ប្រមាណ​ជាង ៦​រយ​អាជីវកម្ម បាន​បើក​ឡើង​វិញ ក្នុង​ចំណោម​សេវាកម្ម​ទេសចរណ៍​ជាង​៣​ពាន់​អាជីវកម្ម​នៅ​ទូ​ទាំង​ប្រទេស ដែល​បាន​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​១៩៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន មិត្តហ្វូន និង​ក្រុមហ៊ុន លី ហួរ វេរលុយ ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​គ្នា

ព័ត៌មាន
រាជធានីភ្នំពេញ – ក្រុមហ៊ុន មិត្តហ្វូន ដែល​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​នៅ​ក្នុង​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ឌីជីថល កាលពី​ពេល​ថ្មី...

ទំហំពាណិជ្ជកម្ម កម្ពុជា-កូរ៉េខាងត្បូងនៅតែរក្សាបានកំណើនតួលេខពីរខ្ទង់នៅ៨ខែឆ្នាំ២០២១

ព័ត៌មាន
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសកូរ៉េខាងត្បូងនៅរយៈពេល ៨ខែឆ្នាំ២០២១នេះ នៅតែសម្រេចបានកំណើន២ខ្ទង់ជាង ១១% ជាមួយនឹងទំហំទឹកប្រាក់សរុប...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ