ផ្លូវល្បឿនលឿនទី២

ឯកឧត្តម ស៊ុន ចាន់ថុល៖ ផ្លូវល្បឿនលឿនទី២របស់កម្ពុជានឹងចាប់ផ្ដើមសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣


រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត នៅឆ្នាំក្រោយនេះ បន្ទាប់ពីផ្លូវល្បឿនលឿនទី១ ភ្នំពេញ-ក្រុងព្រះសីហនុ ទើបត្រូវបានដាក់ឲ្យដំណើរការសសាកល្បង កាលដើមខែតុលា។ បើតាមឯកឧត្តម ស៊ុន ចាន់ថុល បើគ្មានអ្វីប្រែប្រួលនោះទេ គម្រោងផ្លូវល្បឿនលឿនទី២នេះ អាចនឹងបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣ ប្រសិនបើភាគីកម្ពុជា អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទាននៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន

ថ្លែងនាឱកាសសន្និសីទសារពត៌មានស្ដីពី«សមិទ្ធិផល៥ឆ្នាំរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន» នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនទីភ្នំពេញ-បាវិត ជាច្រកសេដ្ឋកិច្ចដ៏សំខាន់រវាងកម្ពុជា-វៀតណាម។ បើតាមឯកឧត្តម ស៊ុន ចាន់ថុល បច្ចុប្បន្ន កិច្ចព្រមព្រៀងក្របខណ្ឌបានបញ្ចប់ ១០០%ហើយ នៅតែរង់ចាំការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទាន ប៉ុណ្ណោះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានសង្កត់ធ្ងន់ទៀតថា រយៈពេលប៉ុន្មានថ្ងៃនេះ គណកម្មាធិការអន្តរក្រសួង កំពុងខិតខំប្រឹងប្រែង ដុតដៃដុតជើង ចរចាឲ្យបានកិច្ចព្រមព្រៀងសម្បទាន ដើម្បីចុះហត្ថលេខា នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ស្របពេលនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាំង នឹងធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមកិច្ចកំពូលអាស៊ាន ឆ្នាំ២០២២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ បើតាមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល កម្ពុជា នឹងធ្វើយ៉ាងណា ដើម្បីពន្លឿននិងជំរុញ​ដល់ភាគីចិន ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទាន នាអំឡុងខែវិច្ឆិកាខាងមុ​ខ ដើម្បីឲ្យក្រុមហ៊ុនសាងសង់អាច​បើកការដ្ឋានសាងសង់ទៅតាមការគ្រោងទុក គឺនៅពាក់កណ្ដាលឆ្នាំ២០២៣។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ទៀតថា ដោយសារឥទ្ធិពលសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន បញ្ហានេះក៏អាចជិះឥទ្ធិពលខ្លះដែរ ដល់គម្រោងសាងសង់ផ្លូវល្បឿនលឿនទី២ នៅកម្ពុជា តែវាមិនមែនជាបញ្ហាធ្ងន់ធ្ងរនោះទេ ដោយសារក្រុមហ៊ុនសាងសង់បានសន្យាថា ក្រោយការចុះកិច្ចព្រមព្រៀងសម្បទាន ក្រុមហ៊ុននឹងផ្ដើមដំណើរការសាងសង់​នៅពាក់កណ្ដាលឆ្នាំ២០២៣ តែម្ដង។ យ៉ាងណាក៏ដោយ​ ទាក់ទងនឹងទំហំទឹកប្រាក់ដែលត្រូវចំណាយលើគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិតនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល មិនទាន់អាចបញ្ជាក់បាននៅឡើយទេ តែឯកឧត្តមបានពន្យល់ថា បន្ទាប់ពីមាន​ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានរួចរាល់​ភាគីចិន នឹងយកឯកសារនោះ ដើម្បីស្វែងរកថវិកាសម្រាប់សាងសង់។

បើតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិតនេះ មានប្រវែង ១៣៨គីឡូម៉ែត្រ តភ្ជាប់ពីត្រើយខាងកើតទន្លេមេគង្គ ឆ្លងកាត់ខេត្តព្រៃវែង ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង។ ក្រោយការសាងសង់ផ្លូវល្បឿនលឿនទី២នេះ បានបញ្ចប់ដោយរួចរាល់ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានបង្ហាញក្ដីរំពឹងថា ចរន្តសេដ្ឋកិច្ចកម្ពុជា នឹងកាន់តែរីកចម្រើន និងអភិវឌ្ឍថែមមួយកម្រិតទៀត ពិសេសនៅតំបន់​ត្រើយខាងកើតរា​ជធានីភ្នំពេញ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ជាដើម។ គួររំលឹកផងដែរថា ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ភ្នំពេញ-ព្រះសីហនុ ដែលទើបដាក់ឲ្យប្រើប្រាស់សាកល្បងកាលពីពេលថ្មីៗនេះ គឺជាច្រកសេដ្ឋកិច្ចដ៏សំខាន់ក្នុងការដឹកជញ្ជូនទំនិញពីរាជធានីភ្នំពេញ ទៅមកខេត្តព្រះសីហនុ ដែលមានប្រវែង ១៨៧គីឡូម៉ែត្រ និងប្រើប្រាស់ថវិកាសាងសង់អស់ប្រមាណ ២ពាន់លានដុល្លារអាមេរិក៕




អត្ថបទបន្ទាប់


ចំណូលពន្ធដារសម្រេចបានជាង ២,៩ ពាន់លានដុល្លារ នៅជិត១០ខែឆ្នាំនេះ ស្មើនឹង ១០៤% នៃផែនការច្បាប់

ព័ត៌មាន
ទោះបីជាស្ថិតក្នុងស្ថានភាពនៃការងើបឡើងវិញនៃសេដ្ឋកិច្ចបន្ទាប់ពីការបាក់ស្រុតដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ និងកំពុងប្រឈមនឹងផលប៉ះពាល់ថ្មីនៃ…

ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញឲ្យអ្នកសារព័ត៌មានអភិវឌ្ឍចំណេះដឹងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងព័ត៌មានកត់សម្គាល់ឃើញថា អ្នកយកព័ត៌មាននៅកម្ពុជាមួយចំនួនខ្វះការយល់ដឹងលើជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាវិស័យស្នូលក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ