អាម៉េរិកត្រៀមបញ្ចប់សព្វាវុធ

លោក ត្រាំ ប្តេជ្ញាជួយធានាការពារសន្តិសុខដល់អ៊ុយក្រែន ជាមួយកញ្ចប់សព្វាវុធទំហំ៩០ពាន់លានដុល្លារ


នៅក្នុងជំនួបកំពូលដ៏សំខាន់មួយរវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ជាមួយ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លូឌីមៀ ហ្សេឡិនស្គី និងបណ្ដាមេដឹកនាំកំពូលៗរបស់អឺរ៉ុប បានដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់ការធានាសន្តិសុខដល់អ៊ុយក្រែន និងការបោះជំហានឆ្ពោះទៅរកសន្តិភាពដែលអាចកើតមាន។
លោក ត្រាំ ប្តេជ្ញាជួយធានា
ដោយ

ទន្ទឹមនឹងនេះលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាម៉េរិកនឹងជួយធានាការពារសន្តិសុខរបស់អ៊ុយក្រែន ក្រោមលក្ខខណ្ឌដ៏សំខាន់មួយ គឺអ៊ុយក្រែនត្រូវបោះបង់គំនិតសុំចូលជាសមាជិកនៃអង្គការបក្សសម្ព័ន្ធយោធា NATO។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក

វ៉្លូឌីមៀ ហ្សេឡិនស្គី នៅក្នុងជំនួបកំពូលដ៏សំខាន់មួយនៅសេតវិមានកាលពីថ្ងៃទី១៨ ខែសីហា ថា សហរដ្ឋអាម៉េរិកនឹងជួយធានាការពារសន្តិសុខរបស់អ៊ុយក្រែននៅក្នុងការចរចាកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។ នៅក្នុងជំនួបកំពូលនេះមានការចូលរួមពីមេដឹកនាំប្រទេសធំៗក្នុងពិភពលោករួមមានបារាំង អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី ហ្វាំងឡង់ សហភាពអឺរ៉ុប និងអង្គការបក្សសម្ព័ន្ធយោធា NATO ហើយកិច្ចពិភាក្សាបានផ្តោតលើការផ្តល់ការធានាសន្តិសុខរយៈពេលវែងដល់អ៊ុយក្រែន កាត់បន្ថយកម្រិតសង្គ្រាម ឬការច្បាំងគ្នា និងការត្រៀមរៀបចំសម្រាប់ការចរចាដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។

ស្របពេលលោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីពីជំហររបស់លោកជំទាស់នឹងអ៊ុយក្រែន ដែលមានបំណងចូលជាសមាជិកនៃអង្គការបក្សសម្ព័ន្ធយោធា NATO ក៏ពិតមែន តែលោកបានគាំទ្រក្របខណ្ឌថ្មីនៃការធានាសន្តិសុខ ដែលយកគំរូតាមរបស់អង្គការ NATO ដែលនឹងរួមបញ្ចូលការប្តេជ្ញាចិត្តពហុភាគីសម្រាប់ការការពារអ៊ុយក្រែន ដែលដឹកនាំដោយអឺរ៉ុប អមដោយការគាំទ្ររបស់សហរដ្ឋអាម៉េរិកផងដែរ។ ទន្ទឹមនេះកញ្ចប់សព្វាវុធរបស់សហរដ្ឋអាម៉េរិកក្នុងទំហំ៩០ពាន់លានដុល្លារអាម៉េរិកសម្រាប់អ៊ុយក្រែន រួមទាំងយន្តហោះចម្បាំង និងប្រព័ន្ធការពារដែនអាកាសផងដែរនោះ ត្រូវបានគេរំពឹងថា នឹងឈានដល់ការសម្រេចចុងក្រោយក្នុងរយៈពេល១០ថ្ងៃខាងមុខ។

បណ្ដាមេដឹកនាំអឺរ៉ុប ជាពិសេសប្រធានាធិបតីបារាំងលោក អេម៉ាញូអែល ម៉ាក្រុង (Emmanuel Macron) និងអធិការបតីអាល្លឺម៉ង់លោក ហ្វ្រេដ្រិក មើស (Friedrich Merz) បានសង្កត់ធ្ងន់ថា រុស្ស៊ី និងអ៊ុយក្រែនចាំបាច់ត្រូវឈានដល់បទឈប់បាញ់ជាបន្ទាន់។ ទោះជាយ៉ាងណាលោក ដូណាល់ ត្រាំ មិនបានដាក់លក្ខខណ្ឌជាមុនសម្រាប់កិច្ចចរចានាពេលខាងមុខនោះឡើយ។

បន្ទាប់ពីជំនួបកំពូលខាងលើលោក ដូណាល់ ត្រាំ បានទូរសព្ទទៅប្រធានាធិបតីរុស្ស៊ីលោក ពូទីន ដោយស្នើឱ្យមេដឹកនាំរុស្ស៊ីរូបនេះ និងមេដឹកនាំអ៊ុយក្រែនលោក ហ្សេឡិនស្គី ជួបចរចាគ្នាទល់មុខ។ ក្រុមមន្ត្រីអាល្លឺម៉ង់បានបញ្ជាក់ថា លោក ពូទីន បានយល់ព្រមជាបណ្តោះអាសន្នចំពោះកិច្ចចរចាបែបនេះក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ដែលលោក ដូណាល់ ត្រាំ អាចនឹងធ្វើជាអ្នកសម្របសម្រួល។

លោក ដូណាល់ ត្រាំ បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមអំពីជំនួបកំពូលនេះថា គ្រប់គ្នាសប្បាយចិត្តយ៉ាងខ្លាំងចំពោះលទ្ធភាពដែលអាចឈានទៅដល់សន្តិភាពសម្រាប់រុស្ស៊ី និងអ៊ុយក្រែន។ នៅពេលបញ្ចប់កិច្ចប្រជុំ លោកបានទូរស័ព្ទទៅលោក ពូទីន ហើយបានចាប់ផ្ដើមត្រៀមរៀបចំសម្រាប់ជំនួបផ្ទាល់មួយរវាងប្រធានាធិបតី ពូទីន និងប្រធានាធិបតី ហ្សេឡិនស្គី ដែលទីតាំងនឹងត្រូវបានកំណត់នៅពេលក្រោយ។

លោក ហ្សេឡិនស្គី បានចាត់ទុកជំនួបកំពូលនេះថា ជាជំនួបកំពូលដ៏ល្អបំផុតមិនធ្លាប់មាន ចាប់តាំងពីលោកចូលកាន់តំណែងជាប្រធានាធិបតីមក ដោយលោកទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ហើយលោកបានថ្លែងអំណរគុណដល់លោក ដូណាល់ ត្រាំ ជាច្រើនដង និងបានសរសើរការរួបរួមជាថ្មីរបស់លោកខាងលិច។

ដូចនេះជំហានបន្ទាប់គឺត្រូវបញ្ចប់សេចក្ដីព្រាងកិច្ចព្រមព្រៀងសន្តិសុខ ចាប់ផ្តើមការដំណើរការចរចាសន្តិភាពជាក់ស្ដែង ហើយរង់ចាំមើលថា តើភាគីរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចា ឬយ៉ាងណា៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើជំនួបរវាងលោក ត្រាំ ជាមួយមេដឹកនាំអ៊ុយក្រែន និងមេដឹកនាំអឺរ៉ុប ពិតជាអាចនាំមកនូវសន្តិភាពនៅអ៊ុយក្រែនឬយ៉ាងណា?

ក្រោយជួបពិភាក្សាជាមួយមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប៉ុន្មានថ្ងៃ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបន្តជួបជជែកជាមួយប្រធាន…

តើការកកស្ទះទំនិញនៅតាមព្រំដែនកម្ពុជា-វៀតណាមកាលពីពេលថ្មីៗ មកទល់ពេលនេះមានស្ថានភាពយ៉ាងណាហើយ?

ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមថ្មីៗនេះបានរងការកកស្ទះនៅតាមច្រកទ្វារព្រំដែនយ៉ាងខ្លាំង ក្រោយអាជ្ញាធរវៀតណាមអនុវត្តបទប្បញ្ញត្តិថ្ម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ