អាជ្ញាធរមីយ៉ាន់ម៉ា បាននិយាយថា ខ្លួនបានចាប់ខ្លួនមនុស្សចំនួន១១នាក់ រួមមានពាណិជ្ជករអង្ករ មន្ត្រីរោងម៉ាស៊ីនកិនស្រូវ និងអ្នកលក់រាយអង្ករផងដែរ ក្រោយរកឃើញថា ពួកទាំងនោះបានលក់បំប៉ោងតម្លៃអង្ករធ្វើឱ្យតម្លៃអង្ករកើនឡើងចន្លោះពី៣១% ទៅ៧០% ពីតម្លៃដើម ដែលបានកំណត់។ អ្នកដែលបានចាប់ខ្លួនទាំងនេះក៏មាននាយកប្រតិបត្តិម្នាក់មកពីផ្សារទំនើប Aeon Orange ដែលបានបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនជប៉ុន Aeon Co និងក្រុមហ៊ុនមីយ៉ាន់ម៉ា Creation Myanmar មានមូលដ្ឋាននៅទីក្រុង Yangon ផងដែរ។
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់ជប៉ុនលោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី (Yoshimasa Hayashi)បានប្រាប់អ្នកសារព័ត៌មានថា ជនជាតិជប៉ុនម្នាក់នេះត្រូវបានសួរចម្លើយនៅក្នុងរដ្ឋធានីយ៉ាំងហ្គោនរបស់មីយ៉ាន់ម៉ា ហើយថា រដ្ឋាភិបាលជប៉ុន មានបំណងបន្តចាត់វិធានការសមស្របរួមទាំងការរក្សាទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនដែលពលរដ្ឋជប៉ុនកំពុងបម្រើការងារនៅទីនោះ និងផ្តល់ការគាំទ្រជាចាំបាច់ ខណៈកំពុងជំរុញឱ្យអាជ្ញាធរមូលដ្ឋានដោះលែងជនជាតិជប៉ុននេះឱ្យបានឆាប់ផងដែរ។
គួររំលឹកថា កាលពីខែមុន របបយោធាមីយ៉ាន់ម៉ា ក៏បានចាប់ខ្លួនមនុស្សយ៉ាងតិច៣៥នាក់ផងដែរ ក្នុងការបង្ក្រាបអ្នកជួញដូរមាស និងប្តូរប្រាក់បរទេស និងភ្នាក់ងារលក់អចលនទ្រព្យបរទេស ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាស្ថិរភាពរូបិយប័ណ្ណដែលកំពុងតែធ្លាក់ចុះយ៉ាងឆាប់រហ័ស៕
អត្ថបទ៖ សុខ មង្គល