យោងតាមអ្នកត្រួតពិនិត្យសេដ្ឋកិច្ចមីយ៉ាន់ម៉ា ប្រចាំឆមាសរបស់ធនាគារពិភពលោក បានឱ្យដឹងថា កំណើនផលិតផលក្នុងស្រុកសរុបរបស់មីយ៉ាន់ម៉ាត្រូវបានគេរំពឹងថា នឹងនៅទ្រឹងក្នុងកម្រិតប្រហែល ២% នៅឆ្នាំសារពើពន្ធបន្ទាប់។
ការវាយតម្លៃនេះបានធ្វើឡើងស្របពេល ដែលក្រុមឧត្តមសេនីយរបស់មីយ៉ាន់ម៉ា បានខំប្រឹងកម្ចាត់ក្រុមប្រឆាំង និងការគ្រប់គ្រងរបស់ពួកគេក្នុងតំបន់សំខាន់ៗក្នុងប្រទេសនេះ និងបានបរាជ័យក្នុងការរារាំងកងកម្លាំងតស៊ូចម្រុះ ដោយថ្មីៗនេះបានបង្ខំឱ្យរបបនេះចេញពីតំបន់ព្រំដែនធំៗ ដែលជាកន្លែងផ្ដល់ប្រាក់ចំណូលពាណិជ្ជកម្មយ៉ាងច្រើនសម្រាប់របបយោធាមីយ៉ាន់ម៉ា។
ធនាគារពិភពលោកបាននិយាយថា ការប្រយុទ្ធគ្នាបានប៉ះពាល់ដល់ពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ាជាមួយនឹងប្រទេសជិតខាង សម្រាប់ការនាំចេញរហូតដល់៤០% និងការនាំចូលចំនួន២១% ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣ ហើយថា ផ្លូវដឹកជញ្ជូនសំខាន់ៗនៅប្រទេសនេះត្រូវបានបិទ និងរឹតបន្តឹងការធ្វើដំណើរ និងការធ្វើពាណិជ្ជកម្មទំនិញជាហេតុធ្វើឱ្យខ្វះខាតស្បៀងអាហារ និងទំនិញមូលដ្ឋានផ្សេងទៀតនៅក្នុងទីផ្សារក្នុងស្រុក។
ការប្រែប្រួលតម្លៃរូបិយប័ណ្ណក្យាតរបស់មីយ៉ាន់ម៉ា ការដាច់ចរន្តអគ្គិសនីជាញឹកញាប់ និងអតិផរណាកើនខ្ពស់ ក៏បានរារាំងដល់ដំណើរការអាជីវកម្ម និងជីវភាពគ្រួសារផងដែរ ដោយសារតែវាមាន«កំណើនសេដ្ឋកិច្ចតិចតួច»នៅក្នុងប្រទេសនេះនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
ធនាគារពិភពលោកបាននិយាយថា នៅក្រោមការដឹកនាំរបស់របបយោធារបស់លោកឧត្តមសេនីយ មីន អ៊ុងឡាំង (Min Aung Hlaing) មីយ៉ាន់ម៉ា គឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីបូព៌ា ដែលសេដ្ឋកិច្ចមិនបានត្រឡប់ទៅរកកម្រិតដូចមុនពេលផ្ទុះឡើងនូវជំងឺរាតត្បាត ពោលគឺនៅតែទាបជាងប្រហែល១០% បើធៀបនឹងកំណើតសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០១៩។
ធនាគារពិភពលោកនិយាយថា បើទោះជាជម្លោះបានធូរស្រាល ក៏ដោយ ប៉ុន្តែកំណើនត្រូវបានគេរំពឹងថា នឹងនៅតែធ្លាក់ចុះដដែលនៅក្នុងរយៈពេលចុងនៃឆ្នាំ២០២៤ និងចូលដល់ឆ្នាំ២០២៥ ដោយសារមានការធ្លាក់ចុះវិស័យកសិកម្ម ផលិតកម្ម និងពាណិជ្ជកម្ម ហើយកំណើននឹងមានកម្រិតដោយសារភាពមិនច្បាស់លាស់ទាក់ទងនឹងជម្លោះនេះបានធ្វើឱ្យប៉ះពាល់ដល់ការប្រើប្រាស់ និងការវិនិយោគ។
នាយកធនាគារពិភពលោកប្រចាំមីយ៉ាន់ម៉ា គឺលោកស្រី ម៉ារៀម សឺម៉េន (Mariam Sherman) បាននិយាយថា ស្ថានភាពសេដ្ឋកិច្ចមីយ៉ាន់ម៉ាកាន់តែយ៉ាប់យ៉ឺន ហើយភាពស្រពេចស្រពិលកំពុងកើនឡើង ហើយថា អតិផរណាម្ហូបអាហារកើនខ្ពស់បានជះឥទ្ធិពលយ៉ាងខ្លាំង ជាពិសេសទៅលើពលរដ្ឋក្រីក្រ ដែលចំណាយមួយផ្នែកធំនៃប្រាក់ចំណូលរបស់ពួកគេលើម្ហូបអាហារ និងអ្នកដែលចូលចិត្តរស់នៅក្នុងតំបន់ ដែលតម្លៃបានកើនឡើងក្នុងល្បឿនលឿនជាងមុន៕
អត្ថបទ៖ សុខ ជា