ចាប់តាំងពីឡើងកាន់អំណាចដោយរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ មិន អោងលាំង នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសជិតខាងដ៏មានឥទ្ធិពលមួយនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា មេដឹកនាំរបបសឹករូបនេះ នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងសប្តាហ៍នេះ។
ចាប់តាំងពីធ្លាក់ក្នុងវិបត្តិជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ មីយ៉ាន់ម៉ាបានស្ថិតក្នុងភាពវឹកវរ រួមទាំងតំបន់នៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន ដែលបង្កឡើងដោយចលនាតស៊ូប្រដាប់អាវុធ រួមបញ្ចូលគ្នាជាមួយកងជីវពលជនជាតិភាគតិច ដែលបានបង្កើតឡើងដើម្បីដណ្តើមកាន់កាប់ទឹកដីដ៏ធំពីរដ្ឋាភិបាលយោធា។ តាមការគ្រោងទុកលោក មិន អោងលាំង នឹងចូលរួមកិច្ចប្រជុំកំពូលនៃមហាអនុតំបន់មេគង្គ និងយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ រួមជាមួយកម្ពុជា ឡាវ និងវៀតណាមពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែវិច្ឆិកា នៅទីក្រុងគុនមីង ប្រទេសចិន។
តាមសេចក្តីរាយការណ៍ មេដឹកនាំរបបយោធារូបនេះ នឹងមានកិច្ចប្រជុំ និងការពិភាក្សាជាមួយអាជ្ញាធរមកពីប្រទេសចិន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី សេដ្ឋកិច្ច និងការអភិវឌ្ឍក្នុងវិស័យមួយចំនួន។
ការឡើងកម្ដៅយ៉ាងឆាប់រហ័សនៃការប្រយុទ្ធគ្នារវាងក្រុមតស៊ូប្រដាប់អាវុធជនជាតិភាគតិចជាមួយរបបយោធាមីយ៉ាន់ម៉ា កាលពីខែតុលា ឆ្នាំមុន បានធ្វើឱ្យចិនព្រួយបារម្ភរហូតបានបិទផ្នែកខ្លះនៃព្រំដែន និងបញ្ឈប់ការនាំចេញទំនិញសំខាន់ៗទៅកាន់តំបន់ ដែលគ្រប់គ្រងដោយពួកឧទ្ទាម។ ប្រទេសចិន មានផលប្រយោជន៍សេដ្ឋកិច្ចជាយុទ្ធសាស្ត្រនៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងបំពង់បង្ហូរប្រេង និងឧស្ម័នសំខាន់ៗឆ្លងកាត់ប្រទេស និងផែនការសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ ដែលបានគ្រោងទុកនៅឈូងសមុទ្រ បេនហ្គាល់ (Bengal )៕
ដោយៈ សរ សុជាតិ