លោក មីន អ៊ុងឡាំង

លោក មីន អ៊ុងឡាំង លាលែងពីតំណែងយោធា ដើម្បីត្រៀមឡើងកាន់តំណែងជាប្រធានាធិបតីមីយ៉ាន់ម៉ា


លោក មីន អ៊ុងឡាំង (Min Aung Hlaing) ប្រមុខយោធាមីយ៉ាន់ម៉ា ដែលបានដឹកនាំរដ្ឋប្រហារឆ្នាំ២០២១ បានសម្រេចចុះចេញពីតំណែងយោធា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដើម្បីឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី នៅក្នុងការបោះឆ្នោតដោយសភា។ ការផ្លាស់ប្តូររបត់នយោបាយនេះ កើតឡើងបន្ទាប់ពីរបបយោធាបានរៀបចំការបោះឆ្នោតសកលកាលពីដើមឆ្នាំ ដែលរងការរិះគន់យ៉ាងចាស់ដៃពីសហគមន៍អន្តរជាតិ និងបានរុញច្រានប្រទេសនេះឱ្យធ្លាក់ក្នុងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។
លោក មីន អ៊ុងឡាំង
ដោយ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC និង Reuters លោក មីន អ៊ុងឡាំង ត្រូវបានសភាកោះហៅ និងទទួលស្គាល់ជាបេក្ខភាពប្រធានាធិបតី​ជាផ្លូវការ ខណៈដែលសភាថ្មីបានចាប់ផ្តើមសម័យប្រជុំលើកដំបូងរបស់ខ្លួន បន្ទាប់ពីការបោះឆ្នោត ដែលត្រូវបានគេមើលឃើញថា បានផាត់ចេញនូវគណបក្សប្រឆាំងធំៗមិនឱ្យចូលរួម។

អ្នកវិភាគអន្តរជាតិ យល់ឃើញថា ឧត្តមសេនីយ៍វ័យ៦៩ឆ្នាំរូបនេះ ប្រាកដជានឹងទទួលបានតំណែងជាប្រធានាធិបតី ព្រោះបេក្ខភាពពីររូបផ្សេងទៀត ដែលឈរឈ្មោះជាមួយលោក សុទ្ធតែជាមនុស្សជំនិត និងជាអ្នកស្មោះត្រង់នឹងរបបយោធា។ គួររំលឹកថាលោក មីន អ៊ុងឡាំង បានរងនូវទណ្ឌកម្មសេដ្ឋកិច្ច និងការទូតពីបណ្តាប្រទេសលោកខាងលិចជាបន្តបន្ទាប់ ចាប់តាំងពីលោកបានដឹកនាំរដ្ឋប្រហារទម្លាក់រដ្ឋបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពី៥ឆ្នាំមុន។

បច្ចុប្បន្នមីយ៉ាន់ម៉ា កំពុងស្ថិតក្នុងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ដោយមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ និងរាប់លាននាក់ត្រូវផ្លាស់ទីលំនៅដោយសារជម្លោះប្រដាប់អាវុធ។ ទោះបីជាតំបន់ភាគច្រើន នៃប្រទេសស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមតស៊ូប្រដាប់អាវុធ (PDF) និងក្រុមកងទ័ពជនជាតិភាគតិចក៏ដោយ ប៉ុន្តែរបបយោធានៅតែអះអាងថា ការបោះឆ្នោតកាលពីពេលកន្លងទៅ គឺជាផ្លូវឆ្ពោះទៅរកសន្តិភាព និងប្រជាធិបតេយ្យឡើងវិញ។

ជាមួយគ្នានេះ បន្ទាប់ពីលាលែងពីតំណែង​យោធាលោក មីន អ៊ុងឡាំង បានប្រគល់តួនាទីជាប្រមុខកងទ័ពទៅឱ្យ​ឧត្តមសេនីយ៍ យី វិនអ៊ូ (Ye Win Oo) ដែលជាមន្ត្រីយោធាជំនិតបំផុតរបស់លោក។ ទោះបីជាលោក បោះបង់ឯកសណ្ឋានយោធាក៏ដោយ ប៉ុន្តែឥទ្ធិពលរបស់លោកនៅតែគ្របដណ្តប់លើសភាទាំងមូល ដោយសារសមាជិកសភាប្រមាណ៩០% គឺជាអ្នកដែលមានភក្ដីភាពចំពោះរូបលោកផ្ទាល់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ត្រាំ កំពុងថ្លឹងថ្លែងរវាងមនុស្សជំនិតពីររូប សម្រាប់តំណែងបេក្ខភាពប្រធានាធិបតីបន្តវេន

ខណៈដែលសង្គ្រាមជាមួយអ៊ីរ៉ង់ កំពុងក្លាយជាបញ្ហាប្រឈមដល់មរតកនយោបាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ភ្នែករបស់មហាជនកំពុងសម្លឹងមើលជំនួយការដ៏មា…

លោក ត្រាំ គ្រោងស្នើសុំឱ្យប្រទេសនៅតំបន់អារ៉ាប់ជួយចេញថ្លៃធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់

សេតវិមានបានបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នឹងស្នើសុំឱ្យបណ្តាប្រទេសអារ៉ាប់ជួយចេញថ្លៃចំណាយក្នុងប្រតិបត្តិការសង្គ្រាមរបស់សហរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ