
លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា សមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលកម្ពុជា បានរៀបចំលើកដំបូងជាប្រវត្តិសាស្ត្រនេះ បានបង្ហាញឱ្យឃើញពីការសម្ដែងមតិ និងទស្សនៈ ក្នុងការឈានទៅរកដំណោះស្រាយនានា ដើម្បីឆ្ពោះទៅអភិវឌ្ឍន៍សង្គមជាតិ។ អ្នកជំនាញរូបនេះ បានចាត់ទុកសមាជនេះ ជាវេទិកាដ៏សំខាន់ក្នុងការជជែកស្វែងរកចំណុចខ្វះខាតលើការអនុវត្តការងារ និងការកែលម្អការងាររបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពបន្ថែមទៀត។ តែយ៉ាងណាអ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើសមាជនេះ បានត្រឹមតែលើកឡើងពីបញ្ហាប្រឈម ហើយមិនបានយកបញ្ហាទាំងនោះទៅដោះស្រាយ នោះអង្គសមាជនេះ ក៏នឹងមិនផ្ដល់ផលប្រយោជន៍អ្វីច្រើនដល់សង្គមជាតិ នោះដែរ។
ដោយឡែក លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានគាំទ្រចំពោះការរៀបចំអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា និងចាត់ទុកអង្គសមាជនេះ គឺជាព្រឹត្តិការណ៍ដ៏ល្អ ដែលអាចលើកយកបញ្ហានានា ដែលកើតមាននៅក្នុងសង្គមជាតិ មកពិភាក្សាស្វែងរកដំណោះស្រាយ។ ជាមួយគ្នានេះ អ្នកជំនាញរូបនេះរំពឹងថា កម្ពុជានឹងបន្តរៀបចំអង្គសមាជបែបនេះជារៀងរាល់ឆ្នាំ និងរំពឹងឃើញវត្តមានមន្ត្រីតុលាការគ្រាប់ជាន់ថ្នាក់នៅក្នុងអង្គសមាជដ៏សំខាន់នេះ។ ទន្ទឹមនេះ លោក សេក សុជាតិ ជឿជាក់ថា ប្រសិនបើរដ្ឋាភិបាលទទួលយកសំណើរបញ្ចេញមតិនៅក្នុងអង្គសមាជនេះទៅអនុវត្តឱ្យបានហ្មត់ចត់នោះបញ្ហានានានឹងត្រូវបានដោះស្រាយយ៉ាងមានប្រសិទ្ធភាពខ្ពស់។ ការណ៍នេះនឹងធ្វើឱ្យរដ្ឋាភិបាល និងគណបក្សកាន់អំណាចទទួលបានការគាំទ្រកាន់តែច្រើនពីប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា សមាជរដ្ឋសភា និងព្រឹទ្ធសភា បានចាប់ផ្ដើមកាលពីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នៅក្នុងសមាជថ្ងៃដំបូង ថ្នាក់ដឹកនាំសមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល បានបើកការជជែកគ្នាតាំងពីម៉ោង៨ព្រឹករហូតដល់ម៉ោង១២៖២២នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥។ អង្គសមាជនេះ បានជជែកលើរបៀបវារៈសំខាន់ៗចំនួន៣ រួមមាន៖ ប្រព័ន្ធគាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រព័ន្ធកសិកម្ម៕
អត្ថបទ៖ បូ ដូឡា