ថ្នាក់ដឹកនាំធនាគារជាតិ នៃកម្ពុជាបានក្រើនរំលឹកឲ្យប្រជាពលរដ្ឋជៀសវាងការខ្ចីប្រាក់ក្រៅផ្លូវការ ដោយងាកមកទទួលសេវាកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដ្បិតវាមានហានិភ័យទាប និងអាចទទួលបានការជួយសម្របសម្រួលពីធនាគារជាតិនៅពេលមានបញ្ហាអ្វីមួយកើតឡើង។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឲ្យប្រជាពលរដ្ឋនាំគ្នាដាក់ប្រាក់បញ្ញើសន្សំជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ជាជាងយកលុយទៅសន្សំតាមរយៈការលេងតុងទីន។
លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបន្តក្រើនរំលឹកឲ្យប្រជាពលរដ្ឋជៀសវាងការខ្ចីប្រាក់ពីស្ថាប័ន ឬអ្នកមានលុយក្រៅផ្លូវការ ដ្បិតវាអាចធ្វើឲ្យប្រជាពលរដ្ឋប្រឈមនឹងបញ្ហាវ័ណ្ឌកជាមួយបំណុល។ ការខ្ចីប្រាក់ក្រៅផ្លូវការ វាមិនត្រឹមតែមានអត្រាការប្រាក់ខ្ពស់នោះទេ ថែមទាំងពិបាកដោះស្រាយតាមផ្លូវច្បាប់ទៀតផង ក្នុងករណីមានបញ្ហាអ្វីមួយកើតឡើង បើទោះបីការខ្ចីប្រាក់តាមរបៀបនេះមានភាពងាយស្រួលជាងការខ្ចីប្រាក់ពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុក៏ដោយ។ ថ្នាក់ដឹកនាំធនាគារជាតិរូបនេះ លើកទឹកចិត្តឲ្យប្រជាពលរដ្ឋងាកមកទទួលសេវាកម្ចីប្រាក់ពីគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ព្រោះវាមានហានិភ័យទាប ហើយពេលមានបញ្ហាអ្វីមួយកើតឡើង អាចនឹងទទួលការជួយសម្របសម្រួលពីធនាគារជាតិ នៃកម្ពុជា ដែលជាអាណាព្យាបាលគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងនោះ។ ម្យ៉ាងទៀតការខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ មានអត្រាការប្រាក់ទាបជាងការខ្ចីប្រាក់ក្រៅផ្លូវការ។
លោកជំទាវ ជា សិរី កត់សម្គាល់ឃើញថា ទន្ទឹមនឹងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុមានការរីកចម្រើន ក៏មានមតិមួយចំនួនរិះគន់ផងដែរ ដោយពួកគេលើកឡើងថា ការកើនឡើងចំនួនគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏បានធ្វើឲ្យពលរដ្ឋជំពាក់បំណុលកាន់តែច្រើនទៅតាមនឹងដែរ។ ជុំវិញនឹងបញ្ហានេះ លោកជំទាវបានសង្កត់ធ្ងន់ថា ការខ្ចីប្រាក់ធនាគារមិនមែនជារឿងអាក្រក់នោះទេ ប្រសិនបើការខ្ចីមានគោលដៅ និងផែនការច្បាស់លាស់សម្រាប់បម្រើឲ្យការពង្រីក ឬ បើកអាជីវកម្ម។ ប៉ុន្តែបើការខ្ចីនោះ ដើម្បីបម្រើឲ្យភាពសប្បាយហ៊ឺហា មិនមានគោលដៅច្បាស់លាស់នោះទើបជារឿងមិនល្អ។
ទន្ទឹមនឹងជំរុញឲ្យពលរដ្ឋទទួលសេវាកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ លោកជំទាវ ជា សិរី ក៏បានលើកទឹកចិត្តឲ្យពលរដ្ឋដាក់ប្រាក់បញ្ញើសន្សំជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលបានចុះបញ្ជីការត្រឹមត្រូវជំនួសឲ្យការសន្សំដោយការលេងតុងទីនផងដែរ។ សម្រាប់លោកជំទាវ ការសន្សំប្រាក់នៅគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការមិនត្រឹមតែមានសុវត្ថិភាពនោះទេ ថែមទាំងទទួលបានអត្រាការប្រាក់សមរម្យ ដែលអាចធ្វើឲ្យលុយរបស់ពលរដ្ឋមានការកើនឡើងទៀតផង។ យ៉ាងណាមិញថ្នាក់ដឹកនាំរូបនេះមិនលើកទឹកចិត្តឲ្យពលរដ្ឋសន្សំប្រាក់តាមរយៈការលេងតុងទីននោះទេបើទោះបីវាផ្តល់ប្រាក់ចំណេញខ្ពស់ក៏ដោយ ព្រោះការលេងតុងទីនអាចប្រឈមនឹងមេរត់ចោល ហើយពេលមានបញ្ហាអាចនឹងពិបាកក្នុងការដោះស្រាយ៕