សម្តេចធិបតី ហ៊ុន ម៉ាណែត រំពឹងថា ផ្លូវនេះនឹងជួយធ្វើឱ្យវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យដឹកជញ្ជូនរបស់កម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥ ឬផ្លូវអាស៊ានហាយវេលេខ១ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីគម្រោងនេះបានបញ្ចប់ការសាងសង់កាលពីពេលកន្លងទៅ។
សម្តេចធិបតីរំពឹងថា តាមរយៈផ្លូវដែលមានប្រវែងជាង៣៦០គីឡូម៉ែត្រមួយនេះ វានឹងជួយជំរុញឱ្យវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន និងផ្តល់នូវអត្ថប្រយោជន៍យ៉ាងធំធេងដូចជាអាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះវានឹងជួយឱ្យប្រជាពលរដ្ឋតាមដងផ្លូវមួយនេះនឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍ផងដែរ។
បើតាមការអះអាងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គោលនយោបាយអាទិភាពគន្លឹះទាំង៥ រួមមាន«មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ គឺចង់ធ្វើយ៉ាងរក្សាគម្លាតនៃការអភិវឌ្ឍន៍រវាងរាជធានីភ្នំពេញ និងខេត្តនានាឱ្យកាន់តែរួមតូច។ ពោលគីចង់ខេត្តនានាមានការអភិវឌ្ឍន៍រីកចម្រើនដូចរាជធានីភ្នំពេញ ដែលជាប៉ូលសេដ្ឋកិច្ចលេខ១របស់កម្ពុជា។
គួរបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ត្រូវបានបើកការដ្ឋានសាងសងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ដែលបានប្រើពេលសាងសង់អស់រយៈពេល៥៥ខែ។
ផ្លូវនេះជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ដោយបានចំណាយថវិកាសាងសង់ប្រមាណ៥០០លានដុល្លារសហរដ្ឋអាម៉េរិក។ ផ្លូវនេះមានប្រវែង៣៦៦គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដោយមានចំណុចចាប់ផ្តើមពីព្រែកក្តាមក្នុងខេត្តកណ្ដាល និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕