កូវីដ-១៩ នៅអាល្លឺម៉ង់

រដ្ឋមន្ត្រី​សុខាភិបាល​អាល្លឺម៉ង់​ស្នើឲ្យ​បិទប្រទេស​ទាំងមូល និងពិចារណាទិញ​វ៉ាក់សាំង​រុស្ស៊ី


អាជ្ញាធរ​សុខាភិបាល​អាល្លឺម៉ង់​បានសម្ដែង​ការព្រួយ​បារម្ភ​យ៉ាងខ្លាំង​ចំពោះការកើនឡើង​យ៉ាងគំហុក​នូវករណីឆ្លង​កូវីដ-១៩ថ្មី​នៅ​ក្នុង​ប្រទេសនេះ និង​បាន​និយាយថា ការបិទ​ប្រទេស​ទាំងមូល​គឺជាការចាំបាច់​ដើម្បី​បញ្ចប់​រលក​ទី៣​នៃ​ការឆ្លង​រាលដាល​ជំងឺកាច​សាហាវនេះ ។
អាល្លឺម៉ង់​ព្រួយបារម្ភពីការកើនឡើង​យ៉ាងខ្លាំង នូវករណីឆ្លង​កូវីដ-១៩ថ្មី ចាប់តាំងពីចុងខែមីនា ឆ្នាំ​២០២១ មក ។
ដោយ

រដ្ឋមន្ត្រីសុខាភិបាល​អាល្លឺម៉ង់ លោក ជេនស៍ ស្ប៉ាន (Jens Spahn) បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅថ្ងៃសុក្រនេះ ថា «ពលរដ្ឋ​ជាច្រើន​ទទួលស្គាល់ពីភាពចាំបាច់​ដើម្បី​បញ្ចប់​រលក​ឆ្លង​ថ្មីនេះ ដោយ​អនុវត្តវិធានការបន្ថែម ហើយ​ប្រជាជន​ភាគច្រើន​ចង់​ឃើញ​វិធានការតឹងរ៉ឹង​ជាងនេះ​បន្ថែមទៀត ។» 

លោករដ្ឋមន្ត្រីសុខាភិបាល បន្ត​ថា «គេត្រូវការចាំបាច់​នូវការបិទប្រទេស​ទាំងមូល ដើម្បីកាត់ផ្ដាច់រលក​ឆ្លងថ្មី​នាពេល​បច្ចុប្បន្ននេះ ។» 

ចាប់តាំងពីខែតុលាឆ្នាំ២០២០មក ករណី​ឆ្លង​កូវីដ-១៩​ នៅ​អាល្លឺម៉ង់​បាន​ហក់ឡើង​ខ្លាំង​វិញ ហើយ​បើទោះបីជាមានភាពប្រសើរឡើង​បន្តិច​ក្ដីកាលពីខែកុម្ភៈ ចំនួន​ឆ្លង​ថ្មី​បាន​កើនឡើង​យ៉ាងគំហុក​វិញ ចាប់តាំងពីចុង​ខែមីនា មក ។ នាសប្ដាហ៍នេះ ថ្ងៃខ្លះ ចំនួន​ឆ្លងថ្មីបានកើនឡើងដល់ទៅ ជាង ២ម៉ឺន ឬដល់​ ៣ម៉ឺន​ករណី ។

ស្របពេលនឹងការព្រួយបារម្ភនេះ អាល្លឺម៉ង់​ក៏បានជំរុញ​ពន្លឿន​ការចាក់វ៉ាក់សាំង​ឲ្យ​ប្រជាជន​ផង​ដែរ ដោយ​អត្រា​ចំនួនអ្នកចាក់វ៉ាក់សាំង​បាន​កើន​ពីជាង ៣សែននាក់ក្នុងមួយថ្ងៃ កាលពីសប្ដាហ៍មុន មក​ដល់​ជាង ៧សែននាក់ក្នុងមួយថ្ងៃ ។ ហើយ​ទៅដល់​ចុង​ខែមេសានេះ គេរំពឹងថា អាល្លឺម៉ង់​អាចនឹង​ចាក់វ៉ាក់សាំង​ឲ្យ​ប្រជាជន ក្នុង​ល្បឿន​ ៤ ទៅ ៥លានដូស​ក្នុង​មួយសប្ដាហ៍ ។ 

ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រី​សុខាភិបាល​អាល្លឺម៉ង់​បាន​បញ្ជាក់ថា ការចរចា​កិច្ចសន្យាទិញ​វ៉ាក់សាំង​ដែល​ផលិតដោយរុស្ស៊ី Sputnik V ឥឡូវនេះ កំពុង​ប្រព្រឹត្តទៅហើយ ។ កាលពីដើម​ខែមីនា ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​បាន​ចាប់ផ្ដើម​វាយតម្លៃ​វ៉ាក់សាំង​រុស្ស៊ី ហើយ​ទីភ្នាក់ងារនេះ​នឹង​សម្រេច​ថា តើ​នឹងអនុម័ត​ឲ្យប្រើប្រាស់​វ៉ាក់សាំង​ Sputnik V នៅក្នុង​រដ្ឋ​សមាជិក​សហភាពអឺរ៉ុបទាំង ២៧ ឬ​យ៉ាងណានោះ នៅពេល​ខាងមុខ ។ 

កន្លងមក អាជ្ញាធរអាល្លឺម៉ង់​បាន​និយាយថា គេនឹងពិចារណា​ប្រើប្រាស់​វ៉ាក់សាំងរុស្ស៊ី ប្រសិនបើ​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​សម្រេចថា វ៉ាក់សាំងនេះ​មានប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ការឆ្លង​កូវីដ-១៩ ៕




អត្ថបទបន្ទាប់


តំណាង​ប្រទេស​ចំនួន ៣២ រួមគ្នា​ផ្ញើសារ​អបអរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ

ព័ត៌មាន
(ក្រុង​បាងកក) ៖ ប្រធាន​ស្ថានតំណាង​នៃ​ប្រទេស​ចំនួន ៣២ ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា ដែល​មាន​និវាសដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេសថៃ បានរួមគ្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ