នេះបើតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន អេភី។ ក្នុងរយៈពេលជាង ១ ឆ្នាំ ក្រោយពីប្រទេសរុស្ស៊ីចូលឈ្លានពានប្រទេសអ៊ុយក្រែន និងបានប្រែក្លាយប្រទេសភូមិផងរបងជាប់គ្នានេះឱ្យស្ទើរក្លាយជាផេះផង់ ក្រោមទង់«ប្រតិបត្តិការយោធាពិសេស», ទើបមេដឹកនាំកំពូលនៃអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង ហៅកាត់ថា ណាតូ ដាក់ជើងជាន់ដីអ៊ុយក្រែន ក្នុងដំណើរទស្សនកិច្ចដំបូងកាលពីថ្ងៃព្រហស្បតិ៍។ ដូច្នេះ លោក ចេន ស្តូលថេនប៊ើក មិនមែនទៅរដ្ឋធានី កៀវ ជួបប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្ស៊ើឡិនស្គី ដោយដៃទទេឡើយ។ អគ្គលេខាធិការអង្គការណាតូបានពាំនាំទៅជាមួយ នូវពាក្យពេចន៍ល្អៗ ដែលជាការផ្ដល់កម្លាំងចិត្តឱ្យប្រជាជននិងកងទ័ពនៃប្រទេសអឺរ៉ុបខាងកើតមួយនេះ។
ជាក់ស្ដែង លោក ស្តូលថេនប៊ើក បានថ្លែងដោយមិនក្រែងចិត្តប្រទេសរុស្ស៊ីថា «កន្លែងល្អ»សម្រាប់អ៊ុយក្រែនគឺត្រូវនៅក្នុងណាតូ។ ការថ្លែងដូច្នេះដោយប្រធានសម្ព័ន្ធភាពយោធា ណាតូ គឺចង់សំដៅថា អង្គការនេះមិនបណ្ដោយឱ្យប្រទេសអ៊ុយក្រែនស្ថិតនៅក្រោមឥទ្ធិពលរបស់រុស្ស៊ីតទៅទៀតឡើយ។ នៅឯសន្និសីទសារព័ត៌មានមួយ លោក ស្តូលថេនប៊ើក បានថ្លែងបញ្ជាក់ក្នុងសម្ដីដើមថា៖ «ខ្ញុំសុំនិយាយឱ្យច្បាស់ កន្លែងល្អរបស់អ៊ុយក្រែនគឺនៅក្នុងគ្រួសារអឺរ៉ុបអាត្លង់ទិច»។
អគ្គលេខាធិការអង្គការណាតូរូបនេះបានឱ្យដឹងថា រូបលោក និងលោក វ៉ូឡូឌីមៀ ហ្ស៊ើឡិនស្គី បានពិភាក្សាគ្នាអំពីកម្មវិធីរបស់ ណាតូ សម្រាប់ទ្រទ្រង់ប្រទេស អ៊ុយក្រែន។ បើតាមលោក ស្តូលថេនប៊ើក កម្មវិធីនេះនឹងធ្វើឱ្យប្រទេសអ៊ុយក្រែនងាកមកប្រើប្រាស់អ្វីៗជារបស់អង្គការណាតូវិញ មិនចាំបាច់ប្រើបរិក្ខារនិងមនោគមន៍វិជ្ជាជំនាន់សហភាពសូវៀតតទៅទៀតទេ ហើយក៏ធានាឱ្យប្រទេសអ៊ុយក្រែនអាចធ្វើប្រតិបត្តិការពេញលេញជាមួយសមាជិកណាតូឯទៀតៗដែរ។ លោក ស្តូលថេប៊ើក បានសង្កត់ធ្ងន់តាមសម្ដីដើមថា៖ «ណាតូឈរជាមួយអ្នកនៅថ្ងៃនេះ នៅថ្ងៃស្អែក និងជារៀងរហូត»។
ប៉ុន្តែ សម្ព័ន្ធភាពយោធាឆ្លងមហាសមុទ្រអាត្លង់ទិចនេះ មិនទាន់បានបង្កើតផែនការ និងពេលវេលាជាក់លាក់សម្រាប់ឱ្យប្រទេសអ៊ុយក្រែនក្លាយជាសមាជិកនៅឡើយទេ។ ហេតុនេះហើយ បានជាលោក ហ្ស៊ើឡិនស្គី ទទូចលើរឿងនេះ។ ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងតាមសម្ដីផ្ទាល់ថា៖ «វាដល់ពេលហើយសម្រាប់មេដឹកនាំ ណាតូ ដើម្បីកំណត់ផែនការឱ្យអ៊ុយក្រែនក្លាយជាសមាជិកណាតូ, ដាក់ចេញនូវសកម្មភាពនានាឱ្យអ៊ុយក្រែនដើរឆ្ពោះទៅគោលដៅនេះ និងបង្កើតការធានាសន្តិសុខសម្រាប់រដ្ឋរបស់យើងក្នុងរយៈពេលធ្វើសកម្មភាពទាំងនោះ ពោលគឺនៅមុនពេលដែលអ៊ុយក្រែនក្លាយជាសមាជិកណាតូ»។
អង្គការណាតូ ដែលត្រូវបានបង្កើតឡើងដើម្បីទប់ទល់នឹងសហភាពសូវៀតកាលពីមុន តែងមានក្ដីបារម្ភជាយូរមកហើយថាខ្លួនអាចត្រូវបានអូសចូលក្នុងសង្រ្គាមដ៏ធំធេងជាមួយប្រទេសរុស្ស៊ីដែលមានអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែខណៈដែលលោកខាងលិចបានផ្លាស់ប្តូរជំហរពីការផ្តល់ត្រឹមមួកការពារគ្រាប់ និងឯកសណ្ឋានយោធាទាំងស្ទាក់ស្ទើរ ទៅជាការផ្ដល់រថក្រោះ យន្តហោះចម្បាំង និងប្រព័ន្ធកាំជ្រួចទំនើបៗឱ្យអ៊ុយក្រែនជាចំហរវិញនោះ, ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់នានានៅអ៊ុយក្រែនបានក្លាយជាទម្លាប់។
លោក វ៉ូឡូឌីមៀ ហ្ស៊ើឡិនស្គី បានជំរុញឱ្យលោក ស្តូលថេនប៊ើក អំពាវនាវឱ្យប្រទេសសមាជិកណាតូទាំងឡាយជួយផ្ដល់យន្តហោះចម្បាំង កាំភ្លើងធំ និងរថពាសដែកថែមទៀត មកឱ្យកងទ័ពអ៊ុយក្រែនដែលកំពុងប្រយុទ្ធតទល់នឹងទាហានរុស្ស៊ី។
វិមានក្រឹមឡាំងតែងបានផ្តល់ហេតុផលជាច្រើន មុនពេលបើកការឈ្លានពានលើអ៊ុយក្រែន។ កាលពីថ្ងៃព្រហស្បតិ៍នោះដែរ ជាថ្មីម្ដងទៀត អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី លោក ឌីមីទ្រី ប៉េស្កូវ បានថ្លែងថា ការរារាំងអ៊ុយក្រែនមិនឱ្យចូលអង្គការណាតូ គឺជាគោលបំណងចម្បងនៃប្រតិបត្តិការយោធាពិសេសរបស់ខ្លួន ដោយហេតុថាសមាជិកភាពរបស់អ៊ុយក្រែននឹងបង្កឱ្យមានការគំរាមកំហែងចៀសមិនផុតចំពោះសន្តិសុខជាតិរុស្ស៊ី។
លោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បានព្រមានថា ទីក្រុងមូស្គូអាចប្រើ«គ្រប់មធ្យោបាយដែលមាន» ដើម្បីឆ្លើយតបនឹងការវាយប្រហារលើទឹកដីរបស់ខ្លួន បើអ៊ុយក្រែនព្យាយាមដណ្តើមយកតំបន់ដែលកាន់កាប់ដោយទីក្រុងម៉ូស្គូមកវិញ។ ឃ្លានេះត្រូវបានអ្នកខ្លះបកស្រាយថា ជាការគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
កាលពីដើមខែមេសានេះ ប្រទេសហ្វាំងឡង់ត្រូវបានអនុញ្ញាតឱ្យចូលជាសមាជិកពេញសិទ្ធិរបស់អង្គការណាតូ។ មាត្រា ៥ នៃសន្ធិសញ្ញាអង្គការណាតូចែងថា ប្រសិនបើមានការវាយប្រហារប្រដាប់អាវុធមកលើរដ្ឋសមាជិកណាមួយរបស់ណាតូ នោះគឺជាការប្រកាសសង្គ្រាមលើសម្ព័ន្ធយោធាទាំងមូល ហើយណាតូចាំបាច់ត្រូវតែឆ្លើយតបវិញ៕