ប្រមុខដឹកនាំណាតូរូបនេះសង្កត់ធ្ងន់ថា អ៊ុយក្រែនក៏នឹងទទួលបានផងដែរ នូវជំនួយដើម្បីផ្លាស់ប្តូរពីសព្វាវុធចាស់ៗ ដែលសល់ពីសម័យសហភាពសូវៀត ទៅជាអាវុធ និងប្រព័ន្ធការពារជាតិ ទំនើបរបស់បស្ចិមប្រទេស។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ថ្នាក់ដឹកនាំណាតូ លោក ចេន ស្តូលេនប៊ឺក អះអាងបែបនេះ នៅបន្ទាប់ពីវិមានក្រឹមឡាំង បានព្រមានថា ការផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិចដល់អ៊ុយក្រែនរួមទាំងអាវុធធុនធ្ងន់ គឺជាការបង្កការគំរាមកំហែងដល់សន្តិសុខនៃទ្វីបអឺរ៉ុប បង្កអស្ថិរភាពពិភពលោក។
ប្រធានាធិបតីរុស្ស៊ីលោកពូទីន ថែមទាំងបានចេញមុខមកព្រមានដោយផ្ទាល់ថែមទៀត ថាប្រទេសណា ដែលហ៊ានលូកដៃក្នុងសំណុំរឿងអ៊ុយក្រែន នឹងទទួលបានការតបស្នងពីរុស្ស៊ីវិញយ៉ាងលឿនរហ័ស និងចាស់ដៃផងដែរ។
ទោះបីជាបែបនេះក្តី ពាក្យពេចន៍ទាំងអស់មិនបានធ្វើឲ្យសម្ព័ន្ធមិត្ត និងលោកខាងលិចព្រឺខ្នងឡើយ ហើយថែមទាំងបានប្រកាសបន្ថែមការផ្គត់ផ្គង់សព្វាវុធដល់ អ៊ុយក្រែនថែមទៀត។ ជាក់ស្តែង ដូចបានជម្រាបជូនខាងលើ ណាតូសន្យាបន្តជ្រោមជ្រែងអ៊ុយក្រែន ទោះទីក្រុងកៀវត្រូវចាយពេលរាប់ឆ្នាំធ្វើសង្គ្រាមនឹងរុស្ស៊ីក្តី ខណៈដែលលោកចូ បៃឌិនឯណេះវិញ នៅព្រឹកថ្ងៃសុក្រ២៩មេសានេះ បានស្នើកញ្ចប់ទឹកប្រាក់ ៣៣ពាន់លានដុល្លារបន្ថែមទៀតពីព្រឹទ្ធសភា សម្រាប់ឲ្យអ៊ុយក្រែន។
ចំណែកប្រធានអង្គការណាតូបាននិយាយថា លោកខាងលិចនឹងបន្តដាក់សម្ពាធជាអតិបរមាលើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដើម្បីបញ្ចប់ការលុកលុយលើអ៊ុយក្រែន ដែលទីក្រុងម៉ូស្គូហៅថាជា ប្រតិបត្តិការយោធាពិសេស តាមរយៈការដាក់ទណ្ឌកម្ម និងសេដ្ឋកិច្ច ក៏ដូចជាជំនួយយោធាដល់ទីក្រុងកៀវ។
គួរជម្រាបថា សព្វាវុធធុនធ្ងន់ភាគច្រើន ដែលប្រទេសសមាជិកណាតូបានបញ្ជូនទៅកាន់អ៊ុយក្រែនរហូតមកដល់ពេលនេះ គឺជាអាវុធដែលផលិតដោយសហភាពសូវៀត ហើយដែលភាគច្រើនមានក្នុងស្តុករបស់រដ្ឋសមាជិកណាតូនៃអឺរ៉ុបខាងកើត និងដោយសារតែទ័ពអ៊ុយក្រែនស៊ាំនឹងការប្រើប្រាស់អាវុធប្រភេទនេះជាង។ ប៉ុន្តែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួនទៀតបានចាប់ផ្តើមផ្គត់ផ្គង់ទីក្រុងកៀវ ជាមួយនឹងកាំភ្លើងទំនើបរបស់លោកខាងលិចវិញម្តង គូបផ្សំនឹងការបង្ហាត់បង្រៀនឲ្យចេះប្រើប្រាស់ផងដែរ។
ជាក់ស្តែង អាឡឺម៉ង់កាលពីថ្ងៃអង្គារបានប្រកាសពីការបញ្ជូនរថក្រោះប្រភេទ Gepard បំពាក់ដោយកាំភ្លើងប្រឆាំងយន្តហោះទៅកាន់ប្រទេសអ៊ុយក្រែន ដែលនេះជាលើកទីមួយហើយ ដែលទីក្រុងប៊ែកឡាំង បានអនុម័តការចែកចាយអាវុធធុនធ្ងន់សម្រាប់ទីក្រុងកៀវ៕