លោកពូទីនព្រមានសងសឹកអ្នកលូកដៃរឿងអ៊ុយក្រែន

លោកពូទីនចេញមុខដោយផ្ទាល់ព្រមានសងសឹកលឿនបំផុត លើលោកខាងលិចលូកដៃរឿងអ៊ុយក្រែន


យើងមិនទាន់ចាកចេញទៅឆ្ងាយពីរឿងរ៉ាវរុស្ស៊ី និង អ៊ុយក្រែនទេ !! ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានពីការសងសឹកយ៉ាងឆាប់រហ័ស ប្រសិនបើប្រទេសនានា ពិសេសលោកខាងលិច នៅតែជ្រៀតជ្រែកក្នុងរឿងសង្គ្រាមនៅអ៊ុយក្រែន។ ការព្រមានពីវិមានក្រឹមឡាំងបែបនេះកើតឡើង ស្របពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងត្រូវថ្លែងសារ បង្ហាញការគាំទ្រ ការប្រយុទ្ធរបស់ទ័ពអ៊ុយក្រែនប្រឆាំងនឹងសង្គ្រាមដ៏ឃោរឃៅរបស់រុស្ស៊ី។
Putin warn west

ភាគី​រុ​ស្ស៊ី តាម​រយៈ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​ក្រុង​វ៉ា​ស៊ី​ន​តោន ធ្លាប់​បាន​ប្រាប់​អា​មេ​រិ​ក​ឲ្យ​ឈប់​បញ្ជូន​អាវុធ​ទៅ​អ៊ុយ​ក្រែ​ន​ដោយ​និយាយ​ថា ការ​ចែកចាយ​សព្វាវុធ របស់​លោក​ខាងលិច​ប្រៀប​ដូច​ជា​ការ​យក​សាំង​ទៅ​ចាក់​លើ​ភ្លើង​អ៊ីចឹង​ដែរ​។ ថ្លែង​ទៅ​កាន់​សមាជិក​សភា​នៅ​ទីក្រុង សាន់​ភី​ត​ធឺ​ស្បឺ​ក​(St Petersburg) កាលពី​ថ្ងៃ​ទី ២៧​មេ​សា លោក ពូ​ទី​ន​បាន​ចោទប្រកាន់​ប្រទេស​លោក​ខាងលិច​ថា ចង់​កាត់​រុ​ស្ស៊ី​ទៅ​ជា​បំណែក​ផ្សេង​ៗ ហើយ​ចោទប្រកាន់​ទៀត​ថា លោក​ខាងលិច​នេះ​ហើយ បាន​រុញ​អ៊ុយ​ក្រែ​ន​ឱ្យ​មាន​ជម្លោះ​ជាមួយ​រុ​ស្ស៊ី​។

លោកពូ​ទី​ន​បាន​ថ្លែង​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា​៖ «​ប្រសិនបើ​នរណា​ម្នាក់​មាន​បំណង​ធ្វើ​អន្តរាគមន៍​បន្ត​ពី​ខាងក្រៅ ហើយ​បង្កើត​ការ​គំរាមកំហែង​ជា​យុទ្ធសាស្ត្រ​សម្រាប់​ប្រទេស​រុ​ស្ស៊ី​ដែល​មិន​អាច​ទទួលយក​បាន ខ្ញុំ​ធានា​ថា ពួក​គេ​នឹង​ស្គាល់​រសជាតិ​ពី​ការ​សងសឹក​របស់​យើង លឿន​ដូច​ផ្លេកបន្ទោរ​។ យើង​មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ធ្វើ​រឿង​នេះ ហើយ​យើង​នឹង​មិន​អួត​ក្អេងក្អាង​ទេ យើង​នឹង​ធ្វើ​វា​តែ​ម្តង​បើសិនជា​ចាំបាច់​។ ខ្ញុំ​ចង់ឱ្យ​អ្នក​រាល់គ្នា​ដឹង​ឲ្យ​ច្បាស់​ពី​រឿង​នេះ​។​»​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​រ៉​យ​ទ័​រ​។

បើ​តាម​ប្រភព​ពី​សេត​វិមាន លោក​ចូ​បៃ​ឌិន ក៏​នឹង​ថ្លែង​សារ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​មេ​សា​ផង​ដែរ ដើម្បី​គាំទ្រ​ដល់​ប្រជាជន​អ៊ុយ​ក្រែ​ន​ក្នុង​ការ​ការពារ​ប្រទេស និង​សេរីភាព​របស់​ពួក​គេ ប្រឆាំង​នឹង​សង្គ្រាម​ដ៏​ឃោរឃៅ​របស់​រុ​ស្ស៊ី​។

ស្រប​ពេល​ដែល​រុ​ស្ស៊ី​កំពុង​ដាក់​សម្ពាធ​វាយលុក​នៅ​ភាគ​ខាងកើត និង​ភាគ​ខាងត្បូង​អ៊ុយ​ក្រែ​ន រុ​ស្ស៊ី​ក៏​កំពុង​ប្រយុទ្ធ​លើ​សមរភូមិ​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​លោក​ខាងលិច​ដែរ​។ ប៉ុន្តែ​ថ្មី​ៗ​នេះ​វា​បាន​គំរាមកំហែង​ដល់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ដល់​អឺរ៉ុប ពិសេស​ប្រទេស​ប៉ូ​ឡូញ និង​ប៊ុល​ហ្កា​រី ហើយ​សេដ្ឋកិច្ច​រុ​ស្ស៊ី​ខ្លួនឯង​ក៏​កំពុង​ស្ថិត​ក្រោម​សម្ពាធ​ខ្លាំងក្លា​ផង​ដែរ​។

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF ទើបបាន​ព្យាករ​ទម្លាក់​សេដ្ឋកិច្ច​រុ​ស្ស៊ី​ដល់​អត្រា -៨% នៅ​ឆ្នាំ​នេះ​។ ក្នុង​នោះ ទណ្ឌកម្ម​របស់​លោក​ខាងលិច ជាដើម​ចម​សំខាន់​ជាងគេ​ធ្វើ​ឲ្យ ម៉ូ​ស្គូ​ជួប​ប្រទះ​នឹង​វិបត្តិ​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន រាប់​ចាប់តាំងពី​ការ​ដួល​រលំ​នៃ​សហភាព​សូ​វៀត​ឆ្នាំ ១៩៩១​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ជប៉ុន Nikkei​។

ភាគី​អ៊ុយ​ក្រែ​ន​បាន​ទទូច​ជា​រឿយ​ៗ​ថា អឺរ៉ុប​គួរតែ​បញ្ឈប់​ការ​ពឹងផ្អែក​លើ​រុ​ស្ស៊ី​សម្រាប់​ពាណិជ្ជកម្ម បន្ទាប់​ពី​រុ​ស្ស៊ី​បាន​បញ្ឈប់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ទៅ​ប៊ុល​ហ្គា​រី និង​ប៉ូ​ឡូញ សម្រាប់​ការ​មិន​បង់ប្រាក់​ជា​រូបិយ​បណ្ណ​រុ​ស្ស៊ី​។

គួរ​ជម្រាប​ថា ប្រទេស​អា​ល្លឺ​ម៉​ង់ ដែល​ជា​អ្នកទិញ​ថាមពល​រុ​ស្ស៊ី​ដ៏​ធំ​បំផុត រំពឹង​ថា​នឹង​បញ្ឈប់​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ ប៉ុន្តែ​បាន​ព្រមាន​ថា ការ​ហាមឃាត់ ឬ​រារាំង​ថាមពល​របស់​រុ​ស្ស៊ី​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​អឺរ៉ុប​ទាំងមូល​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អឺរ៉ុបថ្កោលទោសរុស្ស៊ី ពីការកាត់ផ្តាច់ឧស្ម័នពីប្រទេសប៉ូឡូញ និង ប៊ុលហ្គារី ថា ជាការគំរាមកំហែង

ព័ត៌មាន
សហភាពអឺរ៉ុបថ្កោលទោសរុស្ស៊ី ពីការកាត់ផ្តាច់ឧស្ម័នពីប្រទេសប៉ូឡូញ និង ប៊ុលហ្គារី ថាជាការគំរាមកំហែង! ក្រុមហ៊ុន Gazprom របស់រុស្ស៊ីបានកាត…

ធនាគារពិភពលោកយល់ព្រមផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ៦០០លានដុល្លារដល់ប្រទេសស្រីលង្កាដែលជំពាក់បំណុលវណ្ឌក

ព័ត៌មាន
នៅទីបំផុត កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលស្រីលង្កាក្នុងការស្វែងរកប្រាក់ មកដោះស្រាយវិបត្តិបំណុលដែលកំពុងវ័ណ្ដករបស់ខ្លួន ចាប់ផ្ដើមសម្រេចបាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ