អ៊ុយក្រែនសុំជំនួយពីណាតូ

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សឺឡិនស្គី ស្នើអង្គការណាតូផ្ដល់អាវុធ ខណៈដែលលោកខាងលិចបន្ថែមសម្ពាធលើរុស្ស៊ី


ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សឺឡិនស្គី អំពាវនាវចំៗឱ្យកិច្ចប្រជុំកំពូលរបស់អង្គការណាតូ បញ្ជូនសព្វាវុធចូលទៅក្នុងអ៊ុយក្រែនបន្ថែមទៀត ដើម្បីប្រើប្រាស់ប្រយុទ្ធទប់ទល់ជាមួយនឹងសង្គ្រាមឈ្លានរុស្ស៊ី ដែលបានអូសបន្លយពេលវេលា១ខែមកហើយនោះ។ស្របពេលដែលខាងសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន គឺក្រុមប្រទេសលោកខាងលិចឯណោះវិញ បានឆ្លើយតបដាក់ទណ្ឌកម្មថ្មីៗបន្ថែមទៀតទៅលើរុស្ស៊ី និង សន្យាផ្តល់ជំនួយយោធា និង ពិភាក្សាអំពីការដកទីក្រុងម៉ូស្គូចេញពីក្រុមប្រទេសរីកចម្រើនទាំង២០ ឬហៅថា G20ផងដែរ។ នេះបើតាមការរាយការណ៍ពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
លោក ហ្សឺឡិនស្គី ស្នើអង្គការណាតូផ្ដល់អាវុធ ខណៈដែលលោកខាងលិចបន្ថែមសម្ពាធលើរុស្ស៊ី
ដោយ

នៅពេលដែលការប្រយុទ្ធគ្នាបានរាលដាលពេញប្រទេសអ៊ុយក្រែន ពិសេសសមរភូមិក្ដៅបំផុត គឺនៅទីក្រុងម៉ារីយ៉ូប៉ូល (Mariupol) នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន លោក ហ្សឺឡិនស្គី បានថ្លែងទៅកាន់កិច្ចប្រជុំកំពូលបន្ទាន់របស់អង្គការណាតូ និង កិច្ចប្រជុំមេដឹកនាំក្រុមប្រទេសរីកចម្រើនទាំង៧ ឬហៅថាG7 ដោយទាមទារឱ្យប្រទេសលោកខាងលិចគួរតែផ្តល់ «សព្វាវុធទាំងអស់តាមការចង់បានរបស់អ៊ុយក្រែន ដើម្បីទប់ស្កាត់ការស្លាប់របស់ប្រជាជនអ៊ុយក្រែនពីការវាយប្រហាររបស់រុស្ស៊ី និងទប់ស្កាត់ការកាន់កាប់របស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែនផងដែរ។

ដោយចាប់ផ្តើមបានមួយថ្ងៃនៃកិច្ចការទូតដ៏តឹងតែងនេះ ប្រធានាធិបតីអាមេរិក Joe Biden បានបញ្ជាក់យ៉ាងច្បាស់ថា សម្ព័ន្ធភាពលោកខាងលិចកំពុងតែស្តាប់ការស្នើសុំរបស់អ៊ុយក្រែនហើយថា អង្គការណាតូមិនដែលមានការរួបរួមគ្នាខ្លាំងដូចក្នុងពេលនេះទេ។

បន្ទាប់ពីលោក Zelensky បាននិយាយថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន អាចនឹងបើកការវាយប្រហារអាវុធគីមីមកលើអ៊ុយក្រែននោះ លោក Biden បានប្រាប់ក្រុមអ្នកយកព័ត៌មានភ្លាមៗថា អាមេរិកនឹងមិនឈរឱបដៃមើលឡើយ ប្រសិនបើលោក ពូទីន ហ៊ានតែប្រើអាវុធគីមីមែននោះ។

លោក Biden បានបន្ថែមថា ក្រោមអាណត្តិដឹកនាំរបស់លោក សហរដ្ឋអាមេរិកបានសន្យាផ្តល់កញ្ចប់ជំនួយជាសព្វាវុធក្នុងតម្លៃ ២ពាន់លានដុល្លារដល់អ៊ុយក្រែន ហើយលោកបានប្តេជ្ញាចិត្តថ្មីចំពោះ "ជំនួយមនុស្សធម៌ជាង ១ ពាន់លានដុល្លារ" ព្រមទាំងបានសន្យាថា នឹងទទួលយកជនភៀសខ្លួនអ៊ុយក្រែន១០ម៉ឺននាក់ក្នុងចំណោមជនភៀសខ្លួនជាង ៣លាន៧សែននាក់ ដែលបានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនផងដែរ។

ជាងនេះទៅទៀតក្រុមមេដឹកនាំអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា (NATO) បានជំរុញឱ្យសម្ពន្ធមិត្តរបស់ខ្លួនបង្កើនទណ្ឌកម្មបន្ថែមទៀតទៅលើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ចំពោះការឈ្លានពានទៅលើអ៊ុយក្រែន។

ក្នុងកិច្ចប្រជុំនោះលោក បៃដិន បានប្រកាសពីការដាក់ទណ្ឌកម្មថ្មីថែមទៀតទៅលើប្រទេសរុស្ស៊ីដោយសំដៅត្រង់ទៅរកមន្ត្រីនយោបាយរុស្ស៊ីផ្ទាល់តែម្ដង ដើម្បីបង្កើនសម្ពាធកាន់តែខ្លាំងទៅលើរដ្ឋាភិបាលក្រុងម៉ូស្គូ។

ប្រធានាធិបតីអាមេរិករូបនេះបានបង្កើនកិច្ចប្រឹងប្រែងក្នុងការរារាំងរុស្ស៊ី ជាមួយការអំពាវនាវឱ្យដករុស្ស៊ីចេញពីក្រុមប្រទេស G20 ដោយលោកបានបញ្ជាក់ថា លោកនឹងពិភាក្សាពីបញ្ហានេះ ហើយប្រសិនបើក្រុមប្រទេសG20មិនយល់ព្រមទេ ពេលនោះលោកនឹងជំរុញឱ្យមានការដាក់ប្រទេសអ៊ុយក្រែនចូលរួមក្នុងក្រុមប្រទេសទាំងនេះវិញ។

ចំណែកនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson វិញបាននិយាយថា «លោក ពូទីន បានឆ្លងផុតបន្ទាត់ក្រហមចូលទៅក្នុងភាពព្រៃផ្សៃរួចទៅហើយ»។

នាយករដ្ឋមន្ត្រីអង់គ្លេសបានបន្ថែមថា ការដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ និងការបង្កើសម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំងទៅលើរបបលោកពូទីន នោះគឺជាអ្វីដែលនឹងអាចជួយទៅដល់ ប្រជាជន អ៊ុយក្រែនកាន់តែច្រើន។

ចំណែកនាយករដ្ឋមន្ត្រីអេស្តូនីលោកស្រី កាចា កាឡាស (Kaja Kallas) បានអំពាវនាវឱ្យសម្ព័ន្ធភាពទាំង ៣០ ប្រទេស«បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនទ្វេដង»ដើម្បីតាមដានការឈ្លានពានរបស់វិមានក្រឹមឡាំងទៅលើប្រទេសជិតខាងដែលគាំទ្រដោយលោកខាងលិចមួយនេះ។

លោកស្រីបាននិយាយថា លោក ពូទីន មិនអាចឈ្នះសង្គ្រាមនេះបានទេ ហើយប្រទេសទាំងអស់នេះត្រូវតែនាំគ្នាបញ្ឈប់ឧក្រិដ្ឋជនម្នាក់នេះ៕
None



អត្ថបទបន្ទាប់


UN ស្តីបន្ទោសរុស្ស៊ីចំពោះវិបត្តិមនុស្សធម៌នៅអ៊ុយក្រែន ហើយបន្តជំរុញការផ្តល់ជំនួយ

មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តក្នុងសំឡេងគាំទ្រយ៉ាងច្រើនលើសលប់នូវដំណោះស្រាយមួយកាលពីថ្ងៃព្រហស្បតិ៍ទី២៤សប្តាហ៍នេះ ដោយបានស្តីបន្ទោសរ…

រង្វាន់សរុប​៨០​លានរៀលកំពុងរង់ចាំអ្នក! គ្រាន់តែវេរលុយជាមួយភ្នាក់ងារ អេ អឹម ខេ!

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខិតជិតចូលមកដល់ បងប្អូនដែលមានបំណងចង់វេរលុយទៅកាន់សាច់ញាតិ អាចវេរបានយ៉ាងងាយស្រួលជាមួយភ្នាក់ងារ អេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ