ការប្រកាសបកស្រាយភ្លាមៗរបស់ធនាគារជាតិនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ ក៏ដូចជា ភាន់ច្រឡំពីសំណាក់ប្រជាពលរដ្ឋមួយចំនួនពាន់ព័ន្ធនឹងរឿងប្រើប្រាស់ប្រាក់យ័ននៅលើទីផ្សារកម្ពុជា និងមានព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការចេញផ្សាយជាសាធារណៈ ក្រោយពីក្រសួងទេសចរណ៍ និងធនាគារចិនបានចុះអនុស្សរណៈ នៃការយោគយល់គ្នានាពេលថ្មីៗនេះ ក្នុងគោលដៅសម្រួលការបង្កើតការទូទាត់តាមប្រព័ន្ធអនឡាញ ឬឌីជីថលដូចជា Union Pay WeChat Pay និង Alipay សម្រាប់សណ្ឋាគារ ភោជនីយដ្ឋាន និងទីភ្នាក់ងារទេសចរណ៍ផ្សេងៗ តែប៉ុណ្ណោះ។
លោកជំទាវ ជា សេរី អគ្គនាយិកាបច្ចេកទេសធនាគារជាតិបានបកស្រាយថា ជំហររបស់ ធនាគារជាតិគឺគាំទ្រ ឲ្យមានការទូទាត់ទំនិញជាប្រាក់យ័ន តាមប្រព័ន្ធអនឡាញតែប៉ុណ្ណោះ ដោយនឹងធ្វើការប្រតិបត្តិការទូទាត់ជាមួយប្រព័ន្ធ Union Pay WeChat Pay និង Alipay ក្នុងក្របខណ្ឌការទូទាត់តាមប្រព័ន្ធធនាគារ ពោលគឺមិនសំដៅការទូទាត់ជាសាច់ប្រាក់នោះឡើយ ហើយធនាគារដែលអាចសម្រួលប្រមូលទិញ ឬលក់ប្រាក់យ័នបាន គឺមានតែធនាគារចិន និងធនាគារអាស៊ីបីស៊ីប៉ុណ្ណោះ។
លោកជំទាវ ជា សេរី បានគូសបញ្ជាក់ថា ជំហររបស់រដ្ឋាភិបាលទាំងពីរមិនបានអនុញ្ញាតឲ្យមានការប្រើប្រាស់ប្រាក់យ័នក្នុងទីផ្សារឡើយ អ្វីដែលយើងបានអនុញ្ញាតនោះគឺធ្វើឡើងតែតាមស្ថាប័នហិរញ្ញវត្ថុក្នុងប្រព័ន្ធធនាគារប៉ុណ្ណោះ ដែលបច្ចុប្បន្នមានធនាគារចំនួន១៥ ដែលមានប្រតិបត្តិការជាប្រាក់យ័ន និងប្រមាណ១២ ធនាគារផ្សេងទៀតទៅថ្ងៃមុខក៏មានបំណងប្រតិបត្តិការទូទាត់ប្រាក់យ័នផងដែរ ដោយពួកគេមើលឃើញពីឱកាសថា លុយយ័ននឹងរីកចម្រើន ហើយអាចទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិន។
ការអនុញ្ញាតឲ្យមានការប្រើប្រាស់ប្រាក់យ័នសម្រាប់ការទូទាត់ សម្រាប់ពាណិជ្ជកម្មឆ្លងព្រំដែនកម្ពុជា-ចិន ក៏មិនមានន័យថា ជាការជំរុញឲ្យមានការទូទាត់ជាប្រាក់យ័ននៅក្នុងការលក់ដូររាយប្រចាំថ្ងៃនៅក្នុងប្រទេសនោះទេ។ វាគឺសម្រាប់តែក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនចិនដែលធ្វើពាណិជ្ជកម្មជាមួយគ្នា អាចធ្វើការទូទាត់ពាណិជ្ជកម្ម ដោយប្រើប្រាស់ប្រាក់យន់ ឬប្រាក់រៀលដោយផ្ទាល់តាមប្រព័ន្ធធនាគារ។
លោកជំទាវអះអាងទៀតថា ការតម្រូវឲ្យប្រតិបត្តិករទូទាត់ប្រាក់យ័នតាមប្រព័ន្ធអេឡិចត្រូនិកនេះមិនបានធ្វើឲ្យប៉ះពាល់ដល់ចរាចរណ៍ប្រាក់រៀលនោះឡើយ ពោលគឺវាធ្វើឲ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ ជាងការទូទាត់ជាក្រដាសប្រាក់ផ្ទាល់ទៅវិញ។ និងប្រយោជន៍មួយទៀត គឺធ្វើឲ្យទំហំនៃការចាយវាយប្រាក់យ័នកាន់តែច្រើនជាងមុននៅក្នុងប្រព័ន្ធធនាគារ។
បើតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា បង្ហាញថា ទុនបម្រុងនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាកើនដល់ជាង ១០ពាន់លានដុល្លារ ហើយការគរពូននៃទុនបម្រុងនេះ មួយផ្នែកបានមកពីប្រតិបត្តិការអត្រាប្តូប្រាក់នៃអ្នកវិនិយោគ និងអត្រាការប្រាក់របស់អ្នកវិនិយោគ ខណៈ២៥ឆ្នាំមុន ទុនបម្រុងនេះ មានត្រឹមតែ៤០០លានដុល្លារប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា ប្រាក់យ័នទើបតែគេទទួលស្គាល់ជាអន្តរជាតិ ដោយគេយកជាខ្នាតតម្លៃទូទាត់ពាណិជ្ជកម្មអន្តរជាតិ និងទុនបម្រុងអន្តរជាតិ។ តាមការអង្កេតស្រាវជ្រាវរបស់ធនាគារជាតិការទូតទាត់ប្រាក់យ័ននៅក្នុងពាណិជ្ជកម្មប្រមាណ ២ភាគរយ និងការទូទាត់ពាណិជ្ជកម្មជាប្រាក់ដុល្លារជាង ៩០ភាគរយ។
ស្របតាមរដ្ឋាភិបាលចិនបានអនុញ្ញាតឲ្យប្រជាជនរបស់ខ្លួនធ្វើដំណើរកម្សាន្ដចេញក្រៅប្រទេស ដូច្នេះ ថ្មីៗនេះ ភ្ញៀវចិនបានសម្រុកចេញក្រៅប្រទេសច្រើនរួមទាំងកម្ពុជា ដែលមានទេសចរចិនឈរលំដាប់លេខមួយ ធៀបនឹងបណ្តាប្រទេសផ្សេងៗទៀត នេះបើតាមរបាយការណ៍ពីក្រសួងទេសចរណ៍ ដែលកាលពីឆ្នាំ២០១៨ កន្លងមកភ្ញៀវទេសចរចិនមកកម្ពុជាបានកើនជាង ២លាននាក់។
លោកជំទាវ ជា សិរី បានបញ្ជក់ទៀតថា កម្ពុជា ជាផ្នែកមួយ ដែលទទួលបានបច្ច័យល្អពីរដ្ឋាភិបាលចិន និងសំខាន់ជាងនេះទៀត គឺកម្ពុជាមានទំនាក់ទំនងល្អជាមួយចិនតែម្តង។ លោកជំទាវ បន្តថា ការវិនិយោគឧបករណ៍ហិរញ្ញវត្ថុនៅប្រទេសចិន គឺចំណេញជាងទីផ្សារប្រទេសផ្សេងៗ។
យ៉ាងណាតាមការបញ្ជាក់របស់ធនាគារជាតិ
ការប្រើប្រាស់ប្រាក់រៀលដ្បិតតែមិនលឿន វាបានបោះជំហានទៅមុខ ដូចកាលពីឆ្នាំ២០១៧
កន្លងមករដ្ឋាភិបាលកម្ពុជាតាមរយៈធនាគារជាតិ និងធនាគារកណ្តាលចិនបានព្រមព្រៀងគ្នាអាចឲ្យប្រាក់រៀលកម្ពុជា
មានការទិញដូរបាននៅទីក្រុងណាននីងខេត្តគ័ងស៊ីប្រទេសចិន ដែលកាលពីឆ្នាំទៅ ទំហំប្រាក់រៀល
មានប្រមាណ ១៨ ប៊ីលានរៀល និងក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ប្រាក់រៀលមានកំណើន ១៦ភាគរយ
ក្នុងនោះ សម្រាប់ប្រតិបត្តិការផ្តល់កម្ចីជាប្រាក់រៀលសម្រាប់ធនាគារពាណិជ្ជ ខ្ចីប្រាក់រៀលពីធនាគារជាតិ
កំពុងរីកចម្រើនខ្លាំង ដែលធ្វើតម្រូវឲ្យការប្រាក់រៀល បច្ចុប្បន្នកើនលើស ៣
ដងឯណោះ៕