ក្រោយបញ្ហាវិវាទរវាងអតិថិជនម្ចស់បុរី ម៉ន ដានី ជាប់គាំងរកដំណោះសា្រយមិនចេញអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ទីបំផុតអតិថិជនជិត១ពាន់នាក់ ដែលទិញដី និងផ្ទះនៅក្នុងគម្រោងបុរី ម៉ន ដានី បានទទួលដំណោះស្រាយ។ ជាក់ស្តែងកាលពីពេលថ្មីៗ អតិថិជនទាំងនេះបានទៅបំពេញបែបបទនីតិវិធីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើសុំប្លង់កម្មសិទ្ធិកាន់អចលនទ្រព្យដែលពួកគេបានទិញពីក្រុមហ៊ុនបុរី ម៉ន ដានី។
ពាក់ព័ន្ធការដោះស្រាយបញ្ហាវិវាទរវាងអតិថិជន និងបុរី ម៉ន ដានី នេះដែរ ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបញ្ជាក់ប្រាប់ខេមបូណូមីសថា មន្រ្តីពាក់ព័ន្ធបាន និងកំពុងខិតខំដោះស្រាយបញ្ហាវិវាទរវាងអតិថិជនជាមួយម្ចាស់បុរី ម៉ន ដានី យ៉ាងយកចិត្តទុកដាក់។ តែយ៉ាងណាថ្នាក់ដឹកនាំរូបនេះ មិនទាន់អាចបញ្ជាក់ និងវាយតម្លៃពីលទ្ធផលនៃការដោះស្រាយលើបញ្ហានេះបាននៅឡើយទេ។
ជាមួយគ្នានេះឯកឧត្តម សេង ឡូត អ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា បញ្ហាវិវាទរវាងអតិថិជនជាមួយម្ចាស់បុរី ម៉ន ដានី ទទួលបានផលវិជ្ជមានច្រើន ហើយមន្រ្តីកំពុងបន្តកិច្ចការដោះស្រាយតាមសំណូមពររបស់ពលរដ្ឋ ខណៈក្រសួងនៅបន្តដោះស្រាយជារៀងរាល់ថ្ងៃ។ បើតាមអ្នកនាំពាក្យរូបនេះ ការដោះស្រាយបញ្ហារបស់ពលរដ្ឋនេះ មិនមែនធ្វើឡើងតែជាមួយបុរី ម៉ន ដានី នោះទេ ប៉ុន្តែក្រសួងក៏កំពុងដោះស្រាយវិវាទជាមួយបុរីផ្សេងទៀត ដែលមានវិវាទជាមួយអតិថិជនផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ អតិថិជនប្រមាណជិត១ពាន់នាក់ បាននាំគ្នាទៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ដើម្បីចូលរួមធ្វើបច្ចុប្បន្នភាពគម្រោងទី២៩ របស់បុរី ម៉ន ដានី ដែលផ្តល់លទ្ធភាពដល់ក្រសួងបន្តនីតិវិធីក្នុងការបំបែកក្បាលដី និងផ្ទេរកម្មសិទ្ធិ ដែលពួកគេបានទិញដីឡូតិ៍ និងផ្ទះនៅក្នុងគម្រោងនេះ។
គូសបញ្ចាក់ដែរថា បញ្ហាវិវាទរវាងអតិថិជនជាមួយម្ចាស់បុរី ម៉ន ដានី បានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែភាគីអតិថិជនមិនទទួលបានបណ្ណបំបែកក្បាលដីពីភាគីម្ចាស់បុរី ក្រោយមកម្ចាស់បុរី ក៏ត្រូវបានតុលាការចេញដីកាឱ្យចាប់ខ្លួន ពាក់ព័ន្ធនឹងការមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ឬចេញសែកគ្មានសាច់ប្រាក់ជាង៦០ម៉ឺនដុល្លារ៕អត្ថបទ៖ បូ ដូឡា