ពលករបរទេស

ត្រឹម១សប្ដាហ៍ អាជ្ញាធរថៃ ចាប់ពលករបរទេសខុសច្បាប់ជិត៣ម៉ឺននាក់ ក្នុងនោះពលករកម្ពុជា ជិត៤ពាន់នាក់


រយៈពេលត្រឹមតែ១សប្ដាហ៍ អាជ្ញាធរនៃប្រទេសថៃ ដែលជាប់ភូមិផងរបងជាមួយកម្ពុជា ចាប់ពលករបរទេសខុសច្បាប់ទៅពីបណ្ដាប្រទេសក្នុងតំបន់អាស៊ាន បានរហូតដល់ទៅជិត៣ម៉ឺននាក់ ដោយក្នុងនោះពលករមីយ៉ាន់ម៉ា មានចំនួនច្រើនជាងគេបំផុត ហើយក៏មានពលកររាប់ពាន់នាក់ទៅពីកម្ពុជាផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។
ពលករបរទេស
ដោយ

ក្រសួងការងារនៃប្រទេសថៃ បានប្រកាសថា ពលករបរទេសគ្មានលិខិតស្នាមត្រឹមត្រូវ ឬខុសច្បាប់ជាង២ម៉ឺន៦ពាន់នាក់ ទៅពីប្រទេសមីយ៉ាន់ម៉ា ឡាវ កម្ពុជា និងវៀតណាម ត្រូវបានចាប់ខ្លួនក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍។ នេះជាផ្នែកមួយនៃយុទ្ធនាការបង្រ្កាបពលករបរទេសខុសច្បាប់រយៈពេល១២០ថ្ងៃរបស់រដ្ឋាភិបាលថៃ ខណៈអាជ្ញាធ​រ បានចុះត្រួតពិនិត្យតាមបណ្ដារោងចក្រ កន្លែងធ្វើការ និងការដ្ឋានចំនួន១ពាន់៧៧៤ទីតាំង នៅទូទាំងប្រទេសថៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១២ ខែមិថុនា ហើយការចុះត្រួតពិនិត្យនេះបានឈានដល់ការចាប់ខ្លួនពលករបរទេសខុសច្បាប់បានយ៉ាងច្រើន។

យោងតាមទិន្នន័យផ្លូវការបង្ហាញថា ពលករបរទេសខុសច្បាប់សរុបចំនួន២ម៉ឺន៦ពាន់១៨៩នាក់ ត្រូវបានចាប់ខ្លួន ហើយក្នុងនោះពលករខុសច្បាប់ទៅពីប្រទេសមីយ៉ាន់ម៉ា មានចំនួនច្រើនជាងគេរហូតដល់ទៅ២ម៉ឺន១១១នាក់ ខណៈពីកម្ពុជា មាន៣ពាន់៩៧១នាក់ ឡាវ មាន១ពាន់៦៥៩នាក់ និង៤៤៤នាក់ទៅពីប្រទេសផ្សេងទៀត។ ពលករបរទេសទាំងនេះត្រូវបានឃាត់ខ្លួនដោយសារខ្វះលិខិតស្នាមត្រឹមត្រូវ ឬមានឯកសារមិនពេញលេញ។

ក្នុងចំណោមពលករបរទេសដែលត្រូវបានចាប់ខ្លួនទាំងនោះ មាន២៤០នាក់ ត្រូវបានកាត់ទោស ដែលក្នុងនោះមាន១៩០នាក់ ទៅពីប្រទេសមីយ៉ាន់ម៉ា ៣៨នាក់ ទៅពីប្រទេសឡាវ ៨នាក់ ទៅពីកម្ពុជា និង៤នាក់ ទៅពីប្រទេសផ្សេងទៀត ខណៈពលករដែលត្រូវបានឃាត់ខ្លួនផ្សេងទៀតត្រូវទទួលទោសទណ្ឌផ្សេង​ៗរួមទាំងការផាកពិន័យ និងការបណ្ដេញចេញពីប្រទេសថៃផងដែរ។

យោងតាមច្បាប់ការងារដ៏តឹងរ៉ឹងរបស់ប្រទេសថៃ ពលករបរទេសណាដែលរកឃើញថា ធ្វើការដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ឬធ្វើការក្នុងមុខតំណែងដែលមិនត្រូវបានអនុញ្ញាត ត្រូវទទួលរងការផាកពិន័យជាប្រាក់ពី៥ពាន់បាត ប្រមាណ១៣៦ដុល្លារអាម៉េរិក ទៅ៥ម៉ឺនបាត ប្រមាណ១,៣៦០ដុល្លារអាម៉េរិក ត្រូវបានហាមឃាត់មិនឱ្យធ្វើការនៅក្នុងប្រទេសថៃ រយៈពេល២ឆ្នាំ និងត្រូវបណ្ដេញចេញទៅប្រទេសកំណើតរបស់ពួកគេវិញ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ដង្កូវហ្វូង កំពុងវាយប្រហារលើដំណាំកសិកម្មនៅតាមបណ្ដាខេត្តមួយចំនួន

ដំណាំដំឡូងមី និងដំណាំកសិកម្មមួយចំនួនទៀតនៅតាមបណ្ដាខេត្តនានា ក្នុងប្រទេសកម្ពុជា កំពុងរងការវាយប្រហារពីដង្កូវហ្វូង ដែលបង្កឱ្យមានការខូចខាតជា…

MoneyGram ចាប់ដៃគូជាមួយធនាគារ ព្រីនស៍ សម្រាប់ការបើកដំណើរការថ្មី និងយុទ្ធនាការប្រូម៉ូសិនដ៏អស្ចារ្យ

[ភ្នំពេញ ថ្ងៃទី 6 ខែមិថុនា ឆ្នាំ 2024] កាលពីពេលថ្មីៗនេះ MoneyGram បានបង្កើតភាពជាដៃគូ ដើម្បីផ្តល់ជូនអតិថិជននូវអត្ថប្រយោជន៍ពិសេសក្នុងការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ