អាជីវកម្ម​ស្រូវអង្ករ

ឧកញ៉ា សុង សារ៉ន៖ រក​ស៊ី​ស្រូវ​អង្ករ​ត្រូវ​មាន​អាវុធ​ពីរ​យ៉ាង​ដើម្បី​ច្បាំង​ក្នុង​សមរភូមិ​ដ៏​ក្តៅ​គគុក​និង​ផុយ​ស្រួយ!


កាល​ពី​សម័យ​ដើម អាជីវកម្ម​ជួញ​ដូរ​ស្រូវ​អង្ករ គឺ​ជា​មុខ​របរ​ដ៏​ពេញ​និយម​មួយ​របស់​ឈ្មួញ សេដ្ឋី ឬ​ដង្ខៅ​អ្នក​មាន​គ្រាក់ៗ ប៉ុន្ដែ ឈាន​មក​ដល់​សម័យ​បច្ចុប្បន្ន មុខ​របរ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​របរ​មួយ​ឆាប់​ផុយ​ស្រួយ ឬ​និយាយ​មួយ​បែប​ទៀត​ថា បើក​ថ្ងៃ​នេះ អាច​បិទ​ទៅ​វិញ​នៅ​ថ្ងៃ​ស្អែក​ក៏​ថា​បាន ប្រសិន​បើ​មិន​មាន​យុទ្ធសាស្ត្រ ក៏​ដូចជា​យន្ដការ​ច្បាស់​លាស់​ក្នុង​ការ​​គ្រប់គ្រង​និង​ស្វះ​ស្វែង​រក​ទីផ្សារ​ដើម្បី​អាច​ធានា​បាន​នូវ​ចីរភាព។
លោក​ឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice
ដោយ

លោក​ឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice ដែល​ជា​ឧកញ៉ា​ស្រូវ​អង្ករ​វ័យ​ក្មេង បាន​លើក​ឡើង​ថា មាន​កត្តា​ស្លាប់​រស់​មួយ​ចំនួន ដែល​អ្នក​ជំនួញ​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​ទាំង​អស់​គួរ​តែ​គិតគូរ មុន​នឹង​ចូល​ប្រឡូក​ក្នុង​វិស័យ​មួយ​នេះ។

រក​ស៊ី​ត្រូវ​តែ​ស្មោះ​ត្រង់

ការ​ប្រតិបត្តិ​អាជីវកម្ម វាមាន​បែប​ផែន​ផ្សេងៗ​គ្នា​ទៅ​តាម​ប្រភេទ​អាជីវកម្ម​នីមួយៗ ប៉ុន្ដែ បើ​តាម​ប្រសាសន៍​របស់​លោក​ឧកញ៉ា សុង សារ៉ន បាន​លើក​ឡើង​ថា មាន​ចំណុច​មួយ​គោល​ដែល​សហគ្រិន​ទាំង​អស់​ត្រូវ​មាន​ដូច​គ្នា នោះគឺ​ភាព​​ស្មោះ​​ត្រង់ មាន​ន័យ​ថា ស្មោះត្រង់​ជាមួយ​ក្រុម​ការងារ អតិថិជន និង​ដៃគូ​អាជីវកម្ម។

ទោះ​យ៉ាង​ណា​ក៏​ដោយ លោក​ថា មាន​តែ​១​ចំណុច​នោះ នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ តួយ៉ាង នៅ​ក្នុង​សមរភូមិ​ដ៏​ក្ដៅ​គគុក​នៃ​វិស័យ​អាជីវកម្ម​ស្រូវ​អង្ករ ទាមទារ​ឲ្យ​សហគ្រិន​ត្រូវ​មាន​សព្វា​វុធ​​សំខាន់​ ២​​​បន្ថែម​ទៀត រួមមាន៖

រោងចក្រ​និង​ឃ្លាំង​ស្រូវអង្ករ​របស់​ក្រុមហ៊ុន Amru Rice។

ការ​ធ្វើ​ពិពិធកម្ម (Diversification) 

ការ​បន្ថែម​នូវ​រូបរាង​ថ្មី ការវេច​ខ្ចប់​ស្អាត​ប្លែក​ទៅ​លើ​ផលិត គឺ​ជា​កំណែ​ប្រែ​មួយ​ដើម្បី​ទាក់ទាញ​អតិថិជន​ឲ្យ​កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍ ហើយ​វា​ក៏​ជួយ​ឲ្យ​ផលិតផល​អាច​ជ្រៀត​ចូល​ទីផ្សារ​កាន់​តែ​ប្រសើរ​ឡើង ផង​ដែរ។ 

បើ​តាម​ប្រសាសន៍​របស់​លោក​ឧកញ៉ា សុង សារ៉ន រហូត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​លោក​បាន​ផលិត​អង្ករ​ជា​ច្រើន​ប្រភេទ​ដើម្បី​លក់​លើ​ទីផ្សារ​មាន​ដូចជា អង្ករ​ក្រហម អង្ករ​ស អង្ករ​សម្រូប អង្ករ​សរីរាង្គ ក៏ដូចជា​ប្រភេទ​អង្ករ​ពិសេសៗ​របស់​កម្ពុជា​ច្រើន​ទៀត។ 

លោក​បន្ថែម​ទៀត​ថា រាល់​ផលិតផល​របស់​លោក​ហាក់​មិន​សូវ​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ខ្លាំង​ជាមួយ​ផលិតផល​អង្ករ​នៅ​បណ្ដា​ប្រទេស​ជិត​ខាង​នោះ​ទេ ព្រោះតែ​វា​មាន​លក្ខណៈ​ពិសេស​ដែល​គូប្រជែង​មិន​មាន​ដូច​នោះ​ឡើយ។ 

យើង​ជា​ឈ្មួញ​រក​ស៊ី​ស្រូវ​អង្ករ​ជាមួយ​កសិករ ដូច្នេះ​យើង​មិន​ត្រូវធ្វើ​ឲ្យ​កសិករ​ទឹក​ភ្នែក​ដោយសារ​យើង​ទេ
— លោក​ឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice

ការ​បង្កើត​ថ្មី (Innovation) 

ភាព​ច្នៃ​ប្រឌិត ក៏​ដូចជា​ការ​បង្កើត​នូវ​គំនិត​យុទ្ធ​សាស្ត្រ​ទីផ្សារ​ថ្មីៗ​នៅ​ក្នុង​ការ​ធ្វើ​ជំនួញ គឺ​ជា​អនុភាព​មួយដែល​សហគ្រិន​ទាំង​ឡាយ​ត្រូវ​មាន​ជាប់​ខ្លួន​ជានិច្ច។ ទោះ​យ៉ាង​ណា លោក​ឧកញ៉ា សុង សារ៉ន បាន​បញ្ជាក់​ថា ការ​បង្កើត​ថ្មី​នេះ ត្រូវ​ឈរ​លើ​គោលការណ៍​គុណ​តម្លៃ​និង​គុណភាព​ជា​ចម្បង កុំ​ផ្ដោត​តែ​នៅ​លើ​បរិមាណ​ខ្លាំង​ពេក។ 

ជាពិសេស សម្រាប់​វិស័យ​អាជីវកម្ម​ស្រូវ​អង្ករ​ដែល​កំពុង​ប្រកួត​ប្រជែង​គ្នា​ខ្លាំង គឺ​មាន​តែ​គុណ​តម្លៃ និង​គុណភាព​នេះ​ហើយ ដែល​អាច​ផ្ដល់​នូវ​ទំនុក​ចិត្ត​ដល់​ទីផ្សារ​អន្តរជាតិ​ធំៗ ឲ្យ​នៅ​តែ​បន្ត​គាំទ្រ​ផលិតផល​អង្ករ​របស់​កម្ពុជា។ 

ឧកញ៉ា​វ័យ​ក្មេង​ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​លើ​វិស័យ​ស្រូវ​អង្ករ​រូប​នេះ បាន​បន្ត​ថា បច្ចុប្បន្ន ក្រុមហ៊ុន​លោក​បាន​បង្កើត​នូវ​ផលិត​ផល​អង្ករ​ខុស​ប្លែក​ពី​ក្រុមហ៊ុន​នានា​នៃ​បណ្ដា​ប្រទេស​ជិត​ខាង ពោល​គឺ​ជា​ប្រភេទ​អង្ករ​ពិសេស​របស់​កម្ពុជា ដូចជា អង្ករ​សរីរាង្គ​គ្រាប់​ខ្លី និង​ប្រភេទ​អង្ករ​ផ្សេងៗ​ទៀត ដែល​ជា​ពូជ​ស្រូវ​អង្ករ​របស់​ខ្មែរ តែ​យើង​មិន​បាន​សិក្សា​យក​មក​កែច្នៃ។ 

លោក​គូស​បញ្ជាក់​ថា ផលិតផល​ទាំង​អស់​នេះ គឺ​ប្រៀប​បី​ដូចជា​គ្រាប់​ពេជ្រ​ដែល​មិន​ទាន់​កែ​ច្នៃ​យ៉ាង​ដូច្នេះ​ដែរ ហើយ​ជា​ទិសដៅ​បន្ទាប់ នៅ​ពេល​ខាង​មុខ លោក​ថា ក្រុមហ៊ុន​លោក​គ្រោង​ស្វែង​រក​ដៃគូ​ក្រៅ​ស្រុក​ជា​ច្រើន​ទៀត ដើម្បី​ទិញ​យក​ផលិតផល​អង្ករ​ពី​កម្ពុជា ក៏​ដូចជា​ជំរុញ​ឲ្យ​មាន​ជា​ខេត្ត​មួយ ផលិតផល​មួយ​ផង​ដែរ។ 

អ្នក​ជំនាញ​របស់​ក្រុមហ៊ុន Amru Rice ពិនិត្យ​គុណភាព​ស្រូវ​អង្ករ​នៅ​ឃ្លាំង។

ដំបូន្មាន​សម្រាប់​អ្នក​ចង់​រកស៊ី​វិស័យ​ស្រូវ​អង្ករ

អតីត​ជា​កូន​កសិករ និង​បច្ចុប្បន្ន​ជា​អគ្គនាយក​ក្រុមហ៊ុន​អង្ករ Amru Rice លោក​ឧកញ៉ា សុង សារ៉ន បាន​ផ្ដល់​ជា​ដំបូន្មាន​សម្រាប់​អ្នក​មាន​បំណង​ប្រកប​អាជីវកម្ម​ជួញដូរ​ស្រូវ​អង្ករ​ថា ត្រូវ​មាន​ចំណេះដឹង​ទាក់ទង​នឹង​វិស័យ​កសិកម្ម​ឲ្យ​បាន​ច្រើន ព្រោះ​របរ​នេះ​ជា​របរ​មួយ​ឆាប់​ផុយ​ស្រួយ​ណាស់ និង​ទាមទារ​ឲ្យ​មាន​ការ​អត់​ធ្មត់​ខ្ពស់។ 

តួយ៉ាង មុន​នឹង​អាច​ទាញ​ចំណូល​បាន​មក​វិញ​បន្ទាប់​ពី​ការ​ប្រមូល​ទិញ​ស្រូវ និង​ការ​ផលិត​អង្ករ យ៉ាង​ហោច​ណាស់ ក៏​ចំណាយ​ពេល ៣ ទៅ ៤​ខែ​ដែរ ហើយ​ប្រសិន​បើ​ផលិតផល​មិន​អាច​ផ្ដល់​នូវ​ទំនុក​ចិត្ត​សម្រាប់​អតិថិជន​ទេ នោះ​អ្នក​មិន​អាច​ឈរ​ជើង​បាន​យូរ​នោះ​ឡើយ។

ទោះ​យ៉ាង​ណា លោក​ឧកញ៉ា​បាន​ចង្អុល​បង្ហាញ​ថា សហគ្រិន​ស្រូវ​អង្ករ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ភាព​ស្មោះត្រង់ មាន​សាមគ្គី​ភាព​ល្អ ក្នុង​ការ​សហការ​ជាមួយ​សហគមន៍​ដែល​ជា​កសិករ ហើយ​ត្រូវ​ធ្វើ​ឲ្យ​សហគមន៍​យល់​ថា ក្រុមហ៊ុន​និង​កសិករ​គឺ​តែ​មួយ ពោល​គឺ​កសិករ​គឺ​ជា​បុគ្គលិក ក៏​ដូចជា​ដៃគូ​ផ្គត់ផ្គង់​ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុន។ 

ទន្ទឹម​នឹង​នោះ​ដែរ ចូរ​បន្ត​រក្សា​ឲ្យ​បាន​នូវ​អ្វី​ដែល​ជា​គុណ​តម្លៃ និង​គុណភាព​របស់​ផលិតផល នោះ​ទើប​ជា យុទ្ធសាស្ត្រ​ដែល​អាច​ឈាន​ទៅ​រក​និរន្តរ​ភាព​បាន។

លោក​ឧកញ៉ា សុង សារ៉ន មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «យើង​ជា​ឈ្មួញ​រក​ស៊ី​ស្រូវ​អង្ករ​ជាមួយ​កសិករ ដូច្នេះ​យើង​មិន​ត្រូវធ្វើ​ឲ្យ​កសិករ​ទឹក​ភ្នែក​ដោយសារ​យើង​ទេ។ យើង​ត្រូវតែ​ធ្វើ​ឲ្យ​កសិករ​ចំណេញ មាន​ជីវភាព​ធូរធារ ទើប​យើង​អាច​រក​ស៊ី​យូរ​អង្វែង​ជាមួយ​ពួកគាត់​បាន​យូរ»។ 

លោក​ឧកញ៉ា សុង សារ៉ន តែងតែ​ផ្សារ​ភ្ជាប់​មុខ​ជំនួញ​របស់​លោក​ជាមួយ​នឹង​កសិករ ដោយ​ការ​បង្កើត​ជា​សហគមន៍​កសិកម្ម​ដើម្បី​ជួយ​ទ្រទ្រង់​កសិករ​ទាំង​ការ​បណ្តុះ​បណ្តាល​បច្ចេកទេស ការ​ស្វែងរក​ទីផ្សារ​ឲ្យ​កសិករ និង​ការ​ធានា​ទិញ​ផល​ពី​កសិករ​ក្នុង​សហគមន៍​ដែល​លោក​ទ្រទ្រង់​ទាំង​អស់​នោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការពុះដី​ឡូត៍​លក់៖ តើ​មាន​ផល​វិជ្ជមានអ្វីខ្លះ? អវិជ្ជមាន​អ្វីខ្លះ?

ព័ត៌មាន
សកម្មភាព​ពុះ​ដី​ឡូត៍​លក់​កាន់​តែ​កក្រើក​ខ្លាំង​នៅ​រាជ​ធានី​ភ្នំពេញ ដែល​ឥទ្ធិពល​នៃ​កំណើន​នេះ​បាន​បន្ត​សាយភាយ​ដល់​តំបន់​ជាយៗ​ក្រុង​ ខ…

ម្រេច​កំពត​ខ្មែរ​​ល្បី​មាន​តម្លៃ​ថ្លៃ​គ្មាន​គូ​ប្រៀប​នៅទីផ្សារ​អឺរ៉ុប

ព័ត៌មាន
នៅ​កម្ពុជា ផលិតផល​ដែល​បាន​ចុះ​បញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ (GI) មាន​ពីរ​មុខ គឺ​ម្រេច​កំពត និង​ស្ករ​ត្នោត​កំពង់ស្ពឺ។ បន្ទាប់ពី​ការ​ចុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ