ការឆ្លងរាលដាលនៃជំងឺដុំពកស្បែកលើសត្វគោ ក្របី កាន់តែបង្កក្ដីព្រួយបារម្ភ ដល់ពលរដ្ឋដែលចិញ្ចឹមសត្វគោ ក្របី។ បើតាម លោក នូ វនិកា ប្រធាននាយកដ្ឋានសុខភាពសាធារណៈ និងបសុព្យាបាល រហូតមកដល់ពេលនេះ កម្ពុជា មានសត្វគោ ក្របី ចំនួន ៣ម៉ឺន៨ពាន់ក្បាល បានឆ្លងជំងឺដុំពកស្បែកលើសត្វគោ ក្របី និងមានសត្វគោ ក្របី ចំនួន ៣៨០ក្បាល បានងាប់ ដោយសារជំងឺនេះ ដោយភាគច្រើនជាកូនគោ។ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺដុំពកស្បែកគោ ក្របី ឱ្យបានទាន់ពេលវេលា ក្រសួងកសិកម្ម បាននិងកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជំងឺដុំពកស្បែក ដល់សត្វគោ ក្របី នៅកម្ពុជា។
ពាក់ព័ន្ធបញ្ហានេះ លោក នូ វនិកា ប្រធាននាយកដ្ឋានសុខភាពសាធារណៈ និងបសុព្យាបាល បានប្រាប់សារព័ត៌មានខេមបូណូមីស ថា សព្វថ្ងៃ ក្រសួងកសិកម្ម កំពុងតែជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺដុំពកស្បែកលើសត្វគោ ក្របី នៅតាមបណ្ដាខេត្តនានា កំពុងផ្ទុះនូវជំងឺដុំពកស្បែកលើសត្វគោ ក្របី សរុបជិត ៥ម៉ឺនក្បាល។ បើតាមលោក នូ វនិកា បច្ចុប្បន្ន ជំងឺនេះ បានឆ្លងរាលដាលស្ទើរទូទាំងប្រទេស លើកលែងតែ ខេត្តកែប ប៉ុណ្ណោះ ដែលមិនទាន់មានការឆ្លងជំងឺដុំពកស្បែកលើសត្វគោ ក្របី។
ស្របពេលជាមួយគ្នានោះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានណែនាំដល់ មន្ទីរកសិកម្មខេត្ត និងបណ្ដាការិយាល័យសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវយកចិត្តទុកដាក់ចាត់ចែងកម្មវិធីចាក់ថ្នាំការពារជំងឺនេះ ជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ គ្រប់ៗគ្រួសារដែលជាម្ចាស់សត្វ ដើម្បីធានា និងលើកកម្ពស់ការការពារជំងឺឆ្លងក៏កាចសាហាវនេះ។ ដោយឡែក ក្រសួងកសិកម្ម ក៏កំពុងគៀរគរបន្ថែមនូវថវិកា ដើម្បីបញ្ជាទិញវ៉ាក់សាំងការពារជំងឺដុំពកស្បែកលើសត្វគោ ក្របី បន្ថែមទៀត។
ជំងឺដុំពកស្បែកគោ ក្របី ជាជំងឺម្យ៉ាងដែលបង្កដោយ វីរុសម្យ៉ាង ដែលវាបានផ្ទុះឡើងជាលើកដំបូងនៅប្រទេសហ្ស៉ាំប៊ី កាលពីឆ្នាំ១៩២៩ និងបានឆ្លងរីករាលដាលនៅពាសពេញពិភពលោក ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមអ្នកចិញ្ចឹមសត្វ និងសេដ្ឋកិច្ចជាតិ។
ជំងឺដុំពកស្បែកគោ ក្របី មានរោគសញ្ញាសំខាន់ៗ ដូចជា សត្វគោ ក្របី មានលេចចេញនូវដុំពកតូចៗ ឬធំ នៅលើស្បែកនិងដងខ្លួនសត្វ កញ្ចឹងក ច្រមុះ ក្រអូមមាត់ ជាដើម ដែលធ្វើឱ្យសត្វមានកម្ដៅ រហូត ៤១អង្សាសេ។ ជំងឺនេះ នឹងធ្វើឱ្យសត្វមានអត្រាឈឺពី ៥-៤៥ភាគរយ និងមានអត្រាស្លាប់ចំនួន ១០ភាគរយ។ នេះបើតាមការបញ្ជាក់របស់ក្រសួងកសិកម្ម៕
អត្ថបទ៖ ខន ណារី