បើយោងតាមលោកឧត្តមសេនីយ៍ ហ្សរ មីន ទុន (Zaw Min Tun) អ្នកនាំពាក្យក្រុមប្រឹក្សារដ្ឋនៃរបបដឹកភូមាបានឱ្យដឹងថា អ្នកទោសសរុប ៥,៧៧៤ នាក់ត្រូវបានដោះលែង រួមទាំងអ្នកទោសនយោបាយបរទេសសំខាន់ៗផ្សេងទៀត ហើយពួកគេបានត្រៀមនិរទេសខ្លួនពីប្រទេសមីយ៉ាន់ម៉ាផងដែរ។
លោក Turnell សេដ្ឋវិទូអូស្ត្រាលី ដែលត្រូវបានបោះលែងនេះ គឺបានបម្រើការជាទីប្រឹក្សារបស់អតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi ហើយត្រូវបានអាជ្ញាធរចាប់ខ្លួនប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ដោយត្រូវបានកាត់ទោសឱ្យជាប់ពទ្ធនាគាររយៈពេល៣ឆ្នាំ ពីបទបំពានច្បាប់សម្ងាត់ផ្លូវការសម័យអាណានិគមនៅក្នុងសេចក្តីសម្រេចរបស់តុលាការភូមាកាលពីខែកញ្ញាកន្លងទៅ។
អ្នកវិភាគនយោបាយឯករាជ្យ លោក David Mathieson បានប្រាប់សារព័ត៌មានបារាំង AFP ថា ការដោះលែងលោក ថូនែល នេះគឺជាព័ត៌មានគួរឱ្យសាទរ បន្ទាប់ពីលោកត្រូវបានឃុំខ្លួនជាចំណាប់ខ្មាំងដោយរបបសឹក ហើយក្រុមគ្រួសារ និងមិត្តភក្តិរបស់គាត់នឹងរីករាយយ៉ាងខ្លាំងអំពីរឿងនេះ។ ទោះយ៉ាងណា លោក ដេវីត បាននិយាយថា របបយោធា «នៅតែមិនទាន់បង្ហាញសញ្ញានៃកំណែទម្រង់ និងបញ្ឈប់អំពើរឃោរឃៅដែលខ្លួនបានប្រព្រឹត្តលើជនសីវ៉ិលនោះទេ»។
ក្នុងនោះដែរ របបយោធាក៏បានដោះលែងអតីតឯកអគ្គរដ្ឋទូតអង់គ្លេស លោកស្រី Bowman ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំពីបទបំពានច្បាប់អន្តោប្រវេសន៍របស់ប្រទេសមីយ៉ាន់ម៉ា។ លោកស្រីបានបម្រើការជាឯកអគ្គរដ្ឋទូតអង់គ្លេសពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៦ ក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានឃុំខ្លួនជាមួយស្វាមីរបស់លោកស្រីកាលពីខែសីហា ពីបទខកខានមិនបានប្រកាសថាលោកស្រីកំពុងរស់នៅក្នុងអាសយដ្ឋានខុសពីអាសយដ្ឋានដែលមាននៅក្នុងលិខិតបញ្ជាក់ការចុះឈ្មោះជនបរទេស។
មួយទៀតគឺ លោក Kubota អាយុ ២៦ ឆ្នាំត្រូវបានឃុំខ្លួនកាលពីខែកក្កដា រួមជាមួយពលរដ្ឋមីយ៉ាន់ម៉ាពីរនាក់ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ១០ឆ្នាំ ពីបទជំរុញឲ្យមានកាតវ៉ារប្រឆាំងនឹងរបបយោធា ដោយបំពានច្បាប់ទូរគមនាគមន៍ និងច្បាប់អន្តោប្រវេសន៍របស់ប្រទេស។
បើតាមប្រភពមួយនៅស្ថានទូតជប៉ុនក្នុងប្រទេសមីយ៉ាន់ម៉ាបានលើកឡើងថា លោក Kubota ត្រូវដោះលែងនៅថ្ងៃទី ១៧ វិច្ឆិកានេះ ដោយអាជ្ញាធររបបយោធា ហើយលោកក៏នឹងធ្វើដំណើរចាកចេញពីមីយ៉ាន់ម៉ាទៅប្រទេសជប៉ុននៅថ្ងៃដដែលនោះ។
គិតត្រឹមខែមីនាឆ្នាំនេះ អ្នកកាសែតចំនួន ៤៨ នាក់កំពុងជាប់ឃុំនៅទូទាំងប្រទេស នេះបើតាមក្រុមអ្នកឃ្លាំមើលការរាយការណ៍អាស៊ាន។ គួរជម្រាបដែរថា មេដឹកនាំជាប់ឆ្នោត ដែលត្រូវបានទម្លាក់ដោយរដ្ឋប្រហារគឺលោកស្រី ស៊ូជី ត្រូវជាប់ពន្ធនាគាររយៈពេល ២៦ ឆ្នាំ ខណៈកំពុងរង់ចាំសាលក្រមសម្រាប់ការចោទប្រកាន់ចំនួន៥ទៀត។
យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ បានឱ្យដឹងថា ទាហានរដ្ឋាភិបាលបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ជាង ២ពាន់នាក់ និងចាប់ខ្លួនមនុស្សជាង ១ពាន់នាក់ទៀតចាប់តាំងពីរដ្ឋប្រហារមក។ សមាគមនេះបាននិយាយថា ជនស៊ីវិលជាង១ពាន់នាក់កំពុងជាប់ពន្ធនាគារនៅក្រោមរបបយោធា ហើយគេនៅមិនទាន់ច្បាស់ថា តើពួកគេប៉ុន្មាននាក់ត្រូវបានដោះលែងនៅក្នុងការលើកលែងទោសកាលពីថ្ងៃព្រហស្បតិ៍នេះដែរ ឬក៏យ៉ាងណានោះទេ៕