![សហរដ្ឋអាមេរិក ដែលគេចាត់ទុកជាបិតាប្រជាធិបតេយ្យ ឥឡូវនេះ ក្លាយជាប្រជាធិបតេយ្យដែលមានគុណវិបត្តិ។](https://cdn.cambonomist.com/media/images/america-pixabay.2e16d0ba.fill-960x540.jpg)
អង្គការ វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) បានចុះផ្សាយអត្ថបទមួយ បង្ហាញពីប្រទេសប្រជាធិបតេយ្យពេញលេញ ប្រទេសប្រជាធិបតេយ្យមានគុណវិបត្តិ ប្រទេសដែលមានរបបកូនកាត់ និងប្រទេសផ្ដាច់ការ ដោយយោងទៅលើ សន្ទស្សន៍ប្រជាធិបតេយ្យ របស់ទស្សនាវដ្ដី The Economist។
សូមមើល សន្ទស្សន៍លទ្ធិប្រជាធិបតេយ្យ ឆ្នាំ២០១៦ !
សន្ទស្សន៍លទ្ធិប្រជាធិបតេយ្យ វាស់វែងទៅលើស្ថានភាពលទ្ធិប្រជាធិបតេយ្យ ដោយដាក់ពិន្ទុទៅលើដំណើរការនៃការបោះឆ្នោត និងពហុបក្សនិយម ស្ថានភាពសេរីភាពស៊ីវិល ការប្រព្រឹត្តទៅនៃរដ្ឋាភិបាល ការចូលរួមផ្នែកនយោបាយ និងវប្បធម៌នយោបាយ នៅក្នុងប្រទេសជាង ១៦០ប្រទេស ទូទាំងពិភពលោក។
ប្រទេសទាំង១០ ដែលមានប្រជាធិបតេយ្យខ្លាំងជាងគេបំផុតនៅលើពិភពលោក រួមមាន លេខ១. ប្រទេសន័រវ៉េ (Norway) លេខ២. ប្រទេសអ៊ិស្លង់ (Iceland) លេខ៣. ប្រទេសស៊ុយអែត (Sweden) លេខ៤. ប្រទេសញូវហ្ស៊ីឡិន (New Zealand) លេខ៥. ប្រទេសដាណឺម៉ាក (Denmark) លេខ៦ស្ទួន គឺប្រទេសកាណាដា (Canada) និងប្រទេស អៀរឡង់ (Ireland) លេខ៨. ប្រទេសស្វ៊ីស (Switzerland) លេខ៩. ប្រទេសហ្វាំងឡង់ (Finland) និងលេខ១០. ប្រទេសអូស្ត្រាលី (Australia)។
![តារាង និងក្រាហ្វិកអំពីរបាយការណ៍លទ្ធិប្រជាធិបតេយ្យពិភពលោក](https://cdn.cambonomist.com/media/images/ten-strongest-democracies.2e16d0ba.fill-960x540.jpg)
ប្រទេសទាំង១០នេះ ត្រូវបានចាត់ទុកជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យពេញលេញ។ ដោយឡែកប្រទេសមហាអំណាចលេខ១ នៅលើពិភពលោក គឺសហរដ្ឋអាមេរិក ដែលគេចាត់ទុកថា ជាបិតាប្រជាធិបតេយ្យ មិនស្ថិតក្នុងចំណោមប្រទេសទាំង១០ ដែលមានប្រជាធិបតេយ្យខ្លាំងបំផុតឡើយ។
ឥឡូវ អាមេរិកក្លាយជាប្រទេសប្រជាធិបតេយ្យដែលមាន«គុណវិបត្តិ»
ជារឿងគួរឲ្យភ្ញាក់ផ្អើលដែរ ដែលប្រទេសបិតាប្រជាធិបតេយ្យអាមេរិក មិនជាប់ចំណាត់ថ្នាក់ជាងប្រទេសមានប្រជាធិបតេយ្យខ្លាំងបំផុត។ មូលហេតុដែលគេទម្លាក់ចំណាត់ថ្នាក់អាមេរិកទៅជាប្រទេសប្រជាធិបតេយ្យដែលមានគុណវិបត្តិ គឺដោយសារតែការជឿទុកចិត្តរបស់មហាជនទៅលើរដ្ឋាភិបាលអាមេរិកមានកម្រិតទាប។
របាយការណ៍ដដែលខាងលើ សង្កត់ធ្ងន់ថា បញ្ហានៃការធ្លាក់ចុះនូវជំនឿរបស់មហាជនទៅលើរដ្ឋាភិបាល នៅក្នុងសហរដ្ឋអាមេរិក បានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលលោក ដូណាល់ ត្រាំ បានឈ្នះក្លាយជាប្រធានាធិបតី៕