
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចដាក់ពន្ធបដិការរហូតដល់១៤៥% លើទំនិញនាំចូលពីប្រទេសចិន ប៉ុន្តែភាគីទាំងពីរបានព្រមព្រៀងគ្នាពន្យារអនុវត្តនេះពន្ធនេះជាបណ្តោះអាសន្នរហូតមកទល់ពេលនេះ។ ទោះបីមានការពន្យារពេលអនុវត្តពន្ធនេះក៏ដោយ ក៏ពន្ធអាម៉េរិក លើទំនិញរបស់ចិន នៅតែស្ថិតក្នុងកម្រិតខ្ពស់រហូតដល់ជាង៣០% ដែលធ្វើឱ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយការនាំចេញរបស់ចិនទៅអាម៉េរិក ក្នុងខែសីហា បានធ្លាក់ចុះជាង៣៣% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលពីអាម៉េរិកមកវិញមានការធ្លាក់ចុះ១៦%។
ពាក់ព័ន្ធបញ្ហាពន្ធនេះ សភាពាណិជ្ជកម្មអាម៉េរិក ប្រចាំនៅទីក្រុងសៀងហៃ ប្រទេសចិន បានធ្វើការស្ទង់មតិមួយលើអ្នកវិនិយោគអាម៉េរិក នៅក្នុងប្រទេសចិន ចន្លោះពីថ្ងៃទី១៩ ខែឧសភា ដល់ថ្ងៃទី២០ ខែមិថុនា ហើយជាលទ្ធផលបានបង្ហាញថា ៤៨%នៃអ្នកចូលរួមឆ្លើយសំណួរចំនួន២៥៤នាក់ បានជំរុញឱ្យលោក ត្រាំ ដកចេញទាំងស្រុងនូវពន្ធគយ ក៏ដូចជារបាំងមិនមែនពន្ធប្រឆាំងនឹងទំនិញចិន ផងដែរ។
លោក អេរិច ហ្សេង (Eric Zheng) ប្រធានសភាពាណិជ្ជកម្មអាម៉េរិក នៅទីក្រុងសៀងហៃ បាននិយាយថា អ្នកឆ្លើយសំណួរជិត២ភាគ៣ រំពឹងថា ភាពតានតឹងជុំវិញបញ្ហាពន្ធគយនឹងជះឥទ្ធិពលអវិជ្ជមានដល់ប្រាក់ចំណូលរបស់ពួកគេនៅប្រទេសចិន ដោយក្រុមហ៊ុនក្នុងវិស័យគីមី ភស្តុភារកម្ម និងផលិតកម្មឧស្សាហកម្ម បានរងផលប៉ះពាល់ខ្លាំងជាងគេ ខណៈពួកគេប្រឈមនឹងទ្វេគ្រោះដោយសារពួកគេបាននាំចូលវត្ថុធាតុដើមមកពីអាម៉េរិក មកចិន ហើយបន្ទាប់មកបញ្ជូនផលិតផលសម្រេចត្រឡប់ទៅអាម៉េរិកវិញ។
ពាក់ព័ន្ធនឹងបញ្ហាពន្ធគយនេះដែរ នាយកប្រតិបត្តិធនាគារ JPMorgan Chase លោក ជេមីន ឌីម៉ុន (Jamie Dimon) បានលើកឡើងថា គោលនយោបាយរបស់សេដ្ឋកិច្ចរបស់អាម៉េរិក នៅមិនទាន់មានភាពប្រាកដប្រជានៅឡើយទេ ហើយផលប៉ះពាល់បង្កឡើងដោយបញ្ហាពន្ធគយ និង បញ្ហារឹតបន្តឹងលើជនអន្តោប្រវេសន៍ ដែលដាក់ចេញដោយលោក ដូណាល់ ត្រាំ ក៏មិនទាន់បង្ហាញឱ្យឃើញនោះដែរ៕
ដោយ៖ សុខ មង្គល