វិស័យទេសចរណ៍កម្ពុជា

មន្ត្រី និងអ្នកជំនាញស្នើឱ្យអ្នកពាក់ព័ន្ធឱ្យចូលរួមបន្សាបព័ត៌មានអវិជ្ជមាន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា


ផែនការរពឹងទុកអំពីចំនួនភ្ញៀវទេសចរបរទេសប្រមាណ៥លាននាក់ មកកាន់កម្ពុជាក្នុងឆ្នាំនេះ កំពុងមានការកើនឡើងយឺត ដ្បិតនៅសល់ជាង១ខែទៀតប៉ុណ្ណោះនឹងដាច់ឆ្នាំ២០២៣។ ការកើនឡើងយឺតជាងផែនការរំពឹងទុកនេះ ត្រូវបានមន្រ្តីជាន់ខ្ពស់ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ក៏ដូចជាអ្នកជំនាញផ្នែកទេសចរណ៍ បានអះអាងប្រហាក់ប្រហែលគ្នាថា ដោយសារតែមានកត្តាប្រឈមមួយចំនួន ដូចជា ផលប៉ះពាល់អំពីការផ្សព្វផ្សាយព័ត៌មានអវិជ្ជមាន ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកទេសចរជាដើម។
2
ដោយ

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានគូសបញ្ជាក់ថា ផែនការរំពឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណ៥លាននាក់របស់កម្ពុជា នៅឆ្នាំនេះអាចនឹងមានចំនួនតិចជាងការព្យាករ ព្រោះនៅសល់តែជាង១ខែទៀតប៉ុណ្ណោះនឹងដាច់ឆ្នាំ២០២៣ ខណៈបច្ចុប្បន្នកម្ពុជាទទួលបានភ្ញៀវទេសចរបរទេសជាង៤លាននាក់ប៉ុណ្ណោះ។ មន្រ្តីជាន់ខ្ពស់រូបនេះបានវាយតម្លៃថា កត្តាដែលជះផលប៉ះពាល់មកលើវិស័យទេសចរកម្ពុជា អាចបណ្តាលមកពីការផ្សព្វផ្សាយព័ត៌មានអវិជ្ជមាន ដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់អ្នក ដែលគ្រោងធ្វើដំណើរមកលេងកម្សាន្តនៅកម្ពុជា។ ពាក់ព័ន្ធបញ្ហានេះមន្ត្រីជាន់ខ្ពស់រូបនេះ ស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមបន្សាបព័ត៌មានអវិជ្ជមាននោះ ដើម្បីលើកមុខមាត់វិស័យទេសចរណ៍កម្ពុជាឡើងវិញ ខណៈបច្ចុប្បន្នរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកំពុងខិតខំចរចាភ្ជាប់ជើងហោះហើរចេញចូលជាមួយបណ្ដាប្រទេសនានា។

ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា អះអាងថា ឥទ្ធិពលរបស់ជំងឺកូវីដ-១៩ ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងប្រទេសមហាអំណាច ព្រមទាំងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលទើបកើតឡើងថ្មីៗបាននិងកំពុងដាក់សម្ពាធមកលើស្ថានភាពសេដ្ឋកិច្ចសកល និងជះឥទ្ធិពលដល់វិស័យទេសចរណ៍កម្ពុជា។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា វិស័យទេសចរណ៍កម្ពុជា បានរងផលប៉ះពាល់ពីបញ្ហាជាសកល និងព័ត៌មានអវិជ្ជមានតាំងពីចុងឆ្នាំ២០២១មកម្ល៉េះ ហើយបញ្ហាទាំងអស់នេះ គឺទាមទារឱ្យមានការទទួលស្គាល់ និងកែប្រែរាប់ទាំងចំណុចអវិជ្ជមាន និងផ្នត់គំនិតរបស់ប្រជាជន ក៏ដូចជាការធ្វើទីផ្សារទេសចរណ៍ជាដើម។

ជុំវិញវិស័យទេសចរណ៍នេះ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្រសួងកំពុងយកចិត្តទុកដាក់រៀបចំយុទ្ធសាស្ត្រ និងស្វែងរកនូវយន្តការសមស្របរួម សម្រាប់ដោះស្រាយបញ្ហាក្នុងវិស័យទេសចរណ៍ ព្រោះករណីភាគច្រើនជាកិច្ចការ ដែលស្ថិតក្នុងអន្តរស្ថាប័ន ហើយក្រសួងនឹងលើកយកបញ្ហាផ្សេងៗ ព្រមទាំងដំណោះស្រាយនានាដាក់ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៣នេះ កម្ពុជារំពឹងថា នឹងអាចទទួលទេសចរអន្តរជាតិប្រមាណ៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ១៦លាននាក់ ដែលចំនួននេះប្រហាក់ប្រហែលនឹងការព្យាករនៅក្នុងផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។ ខណៈនៅពេញមួយឆ្នាំ២០២២ កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបជាង២លាន២សែននាក់ កើនឡើងជាង១០០០% បើធៀបនឹងឆ្នាំ២០២១ និងទទួលបានភ្ញៀវទេសចរជាតិប្រមាណជិត១៤លាននាក់កើនឡើងជិត២០០%ផងដែរ៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


កម្ពុជារកចំណូលបានជាង១៨ពាន់លានដុល្លារពីការនាំចេញទំនិញនៅ១០ខែឆ្នាំនេះ

កម្ពុជាទទួលបានចំណូលសរុបជាង១៨ពាន់លានដុល្លារពីការនាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារអន្តរជាតិនៅ១០ខែឆ្នាំនេះ កើនឡើង០,២% បើធៀបទៅនឹងរយៈពេល…

អ្នកជំនាញរំពឹងថា ទីផ្សារខុនដូរនៅកម្ពុជាឆ្នាំក្រោយ នឹងមានកំណើនល្អប្រសើរជាងឆ្នាំនេះ

ទីផ្សារខុនដូនៅកម្ពុជា អាចចាត់ទុកជាទីផ្សារមួយ ដែលទទួលរងនូវផលប៉ះពាល់ខ្លាំងជាងគេនៅក្នុងអំឡុងវិបត្តិកូវីដ-១៩ ដោយសារទីផ្សារនេះភាគច្រើនពឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ