
ប្រទេសនេប៉ាល់ បានជ្រើសតាំងលោកស្រី ស៊ូស៊ីឡា កាគិ (Sushila Karki) អតីតប្រធានតុលាការកំពូលឱ្យធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នរបស់ខ្លួន បន្ទាប់ពីផ្ទុះមហាបាតុកម្មហិង្សាជាច្រើនថ្ងៃបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៧២នាក់ស្លាប់ និងបង្ខំឱ្យអតីតមេដឹកនាំនេប៉ាល់ លោក ខាដហ្គា ប្រាសាទ អូលី (Khadga Prasad Oli) ចុះចេញពីតំណែង។
ស្ថិតក្នុងវ័យ៧៣ឆ្នាំ លោកស្រី ស៊ូស៊ីឡា ជាអតីតប្រធានតុលាការកំពូល ហើយលោកស្រីត្រូវបានប្រជាជនគោរពគោរពស្រលាញ់យ៉ាងខ្លាំង ដោយសារតែលោកស្រីមានជំហរដ៏រឹងមាំប្រឆាំងនឹងអំពើពុករលួយ និងកេរ្តិ៍ឈ្មោះស្អាតស្អំរបស់លោកស្រី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើនរួមមានទាំង BBC។
ទោះបីជាលោកស្រីធ្លាប់រងការចោទប្រកាន់អំឡុងពេលជិត១១ខែនៃការកាន់តំណែងរបស់លោកស្រី ជាប្រធានតុលាការកំពូលយ៉ាងណាក្ដី ក៏លោកស្រី នៅតែត្រូវបានមហាជនមើលឃើញថា ជាឥស្សរជនឯករាជ្យមួយរូប ដែលគ្មានរឿងអាស្រូវនយោបាយ។
ដូចនេះទើបបានជាក្រុមបាតុករជាយុវជន Gen Z បានដាក់សេចក្ដីទុកចិត្តលើលោកស្រីដោយសារលោកស្រីមានភាពស្អាតស្អំ និងដោយសារលោកស្រីជាអតីតប្រធានតុលាការកំពូល ដែលមានការយល់ដឹងពីច្បាប់យ៉ាងទូលំទូលាយ។ ថ្លែងបន្ទាប់ពីការស្បថចូលកាន់តំណែងលោកស្រី Sushila Karki បាននិយាយថា លោកស្រីទទួលយកតំណែងជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្នដោយស្ទាក់ស្ទើរ ប៉ុន្តែលោកស្រីបានសន្យាថា នឹងកាន់អំណាចមិនលើសពី៦ខែនោះឡើយ។
សូមបញ្ជាក់ថា ការបោះឆ្នោតសភាថ្មីគ្រោងរៀបចំឡើងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ហើយលោកស្រីបានសន្យាថា នឹងកសាងឡើងវិញនូវស្ថាប័នរដ្ឋនានា ដែលត្រូវបានបំផ្លាញ ស្ដារឡើងវិញនូវច្បាប់ និងសណ្តាប់ធ្នាប់ និងដោះស្រាយក្ដីបារម្ភរបស់ក្រុមបាតុករ។
លោកស្រីបានប្រកាសធានាអះអាងចំពោះមុខសាធារណជនថា ក្រុមគ្រួសាររបស់បាតុករដែលបានស្លាប់ក្នុងបាតុកម្ម នឹងទទួលបានសំណងក្នុងម្នាក់១១.៣៣០ដុល្លារអាម៉េរិក ហើយអ្នករងរបួសនឹងទទួលបានការព្យាបាល ព្រមទាំងសំណងជាលុយកាក់មួយចំនួនផងដែរ។
លោកស្រីបានមានប្រសាសន៍ថា យើងទាំងអស់គ្នាត្រូវរួមគ្នាដើម្បីកសាងប្រទេសឡើងវិញ ដោយជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ ដើម្បីការពារលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេប៉ាល់៕
ដោយ: តែម សុខុម