ក្រសួងពាណិជ្ជកម្មបានបង្ហាញរបាយការណ៍ចុងក្រោយនៅថ្ងៃនេះថា ឆ្នាំ២០១៦ មានចំនួនសរុប ២ពាន់៩៣៧ ក្រុមហ៊ុន មានការថយចុះ ២៦ ភាគរយ ខណៈសហគ្រាសឯកត្តបុគ្គលចំនួន ៧៨៦ សហគ្រាសថយចុះ ៤០ភាគរយ។
ទោះបីជាតួលេខបង្ហាញថា វាមានការថមថយចុះនៃការចុះបញ្ជីក្រុមហ៊ុនថ្មីនៅឆ្នាំ២០១៦បែបនេះក្តី ប៉ុន្តែ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អះអាងថា ការធ្លាក់ចុះចំនួនក្រុមហ៊ុនថ្មីចុះបញ្ជីនេះ មិនបានឆ្លុះបញ្ចាំងពីការធ្លាក់ចុះស្ថានភាពពាណិជ្ជកម្មជាក់ស្តែងនោះឡើយ។
លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានបញ្ជាក់អះអាងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងឃើញពីកំណើនការចុះបញ្ជីពាណិជ្ជកម្មបើកក្រុមហ៊ុនថ្មី ពីសំណាក់វិនិយោគិន ពាណិជ្ជករនៅក្នុងស្រុក និងក្រៅប្រទេស ហាក់ដូចជាមានសន្ទុះកើនឡើងខ្លាំង ដោយសារតែប្រទេសកម្ពុជាបានបើកទូលាយ១០០ភាគរយ នូវច្បាប់វិនិយោគ គួបផ្សំជាមួយបរិយាកាសវិនិយោគល្អប្រសើរ។
កាលពីខែធ្នូឆ្នាំ២០១៥ ក្រសួងពាណិជ្ជកម្មបានប្រកាសដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីថ្មីតាមប្រព័ន្ធអ៊ិនថឹណិត ប៉ុន្តែរហូតមកដល់ពេលនេះ ប្រព័ន្ធចុះបញ្ជីថ្មីនេះ នៅមិនទាន់អនុវត្តបានល្អទាំងស្រុងនៅឡើយទេ។ មិនទាន់ល្អ ដោយសារតែម្ចាស់សហគ្រាសមួយចំនួនលើកឡើងថា ការចុះបញ្ជីអាជីវកម្មតាមអនឡាញ នៅតែមានភាពស្មុគស្មាញ និងជាបញ្ហាដែលធ្វើឲ្យការចុះបញ្ជីមានភាពយឺតយ៉ាវ។
យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម បង្ហាញថា ការចុះបញ្ជីក្រុមហ៊ុនសាឡើងវិញនៅក្នុងឆ្នាំ២០១៦ មានចំនួន ១ម៉ឺន ៩០៤ក្រុមហ៊ុន និង ១ពាន់២៤១សហគ្រាស ខណៈការផ្តល់សេវាកម្មនាំចេញ នាំចូល ប្រតិបត្តិការចុះបញ្ជីផ្តល់សិទ្ធិនាំចេញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម សម្រាប់រោងចក្រកាត់ដេរសម្លៀកបំពាក់ មាន ៤០រោងចក្រ រោងចក្រស្បែកជើង ៧ រោងចក្រ និង ១២៨ ផ្សេងទៀត ជាក្រុមហ៊ុន និងរោងចក្រតូចៗ។
នៅក្នុងឆ្នាំ២០១៦នេះដែរ ក្រសួងពាណិជ្ជកម្មបានទទួលពាក្យស្នើសុំសម្រាប់ចុះបញ្ជីម៉ាកផលិតផលសរុប ចំនួន ៤ពាន់៣២៨ ធ្លាក់ចុះជិត២៨% បើប្រៀបធៀបទៅនឹងពាក្យដែលបានស្នើសុំចុះបញ្ជីម៉ាកកាលពីឆ្នាំ២០១៥។
ក្នុងនោះ ពាក្យស្នើសុំចុះបញ្ជីម៉ាកផលិតផលរបស់ក្រុមហ៊ុនក្នុងសុ្រកមានចំនួន ១ពាន់៣៧០ ធ្លាក់ចុះជាង ១% បើធៀបនឹងឆ្នាំ២០១៥ និងពាក្យស្នើសុំចុះបញ្ជីម៉ាកពីក្រុមហ៊ុនបរទេសនៅកម្ពុជា មានចំនួន២ពាន់៩៥៨ ធ្លាក់ចុះ ២៧,៥៣%៕