ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានបញ្ជាក់ថា ផលិតកម្មរថយន្ត នៅក្នុងប្រទេសវៀតណាម បានធ្លាក់ចុះ ១០% អំឡុងពេល ៣ខែនេះ គឺផលិតប្រមាណ ៥,៦ម៉ឺនគ្រឿងប៉ុណ្ណោះ ហើយការនាំចូលគ្រឿងបង្គុំរថយន្ត ក៏ធ្លាក់ចុះប្រមាណ៧%ដែរ ពោលគឺមានប្រមាណ ៩០០លានដុល្លារអាមេរិក។
ការធ្លាក់ចុះនូវផលិតកម្ម និងការលក់រថយន្ត នៅក្នុងប្រទេសវៀតណាម គឺដោយសារតែ រោងចក្រផលិត និងដំឡើងរថយន្តធំៗ ដូចជា Toyota និង Ford បានបិទរោងចក្រ និងសាខាលក់រថយន្តរបស់ខ្លួន អស់រយៈពេល ២សប្តាហ៍ នៅដើមខែមេសា ដើម្បីអនុវត្តទៅតាម វិធានការគម្លាតសង្គមរបស់រដ្ឋាភិបាលវៀតណាម។
ផលិតកម្មរថយន្ត បានចាប់ផ្តើមបន្តសកម្មភាពឡើងវិញហើយ តែក្នុងកម្រិតមួយទាបជាងមុន ដោយសារតែរថយន្តលក់ពុំទាន់ចេញនោះនៅមានចំនួនច្រើន។
សមាគមផលិតរថយន្តវៀតណាម VAMA បានបង្ហាញនៅក្នុងរបាយការណ៍របស់ខ្លួនថា ការលក់រថយន្តទាំងផលិតក្នុងស្រុក និងរថយន្តនាំចូលពីក្រៅប្រទេស គឺមានការធ្លាក់ចុះខ្លាំងមកនៅត្រឹមតែជាង ៥ម៉ឺនគ្រឿង ក្នុងត្រីមាសទី១ ឆ្នាំ ២០២០នេះ។
បើតាម គយវៀតណាមការនាំចូលរថយន្តមូលពីក្រៅប្រទេស មានការធ្លាក់ចុះរហូតដល់ទៅ ៣០% ពោលគឺ នាំចូលតែជាង ៣ម៉ឺនគ្រឿងប៉ុណ្ណោះ។
គួរជម្រាបដែរថា កាលពីដើមខែមេសា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក៏បានស្នើឲ្យមានការបញ្ចុះតម្លៃពាក់កណ្តាល លើការចុះបញ្ជីរថយន្តផលិតក្នុងស្រុក និងពន្យារពេលបង់ពន្ធ សម្រាប់រោងចក្រផលិត និងដំឡើងរថយន្ត រហូតដល់ឆ្នាំ ២០២១ ដើម្បីជួយសម្រាលបន្ទុកដល់ អ្នករកស៊ីនៅក្នុងវិស័យនេះ៕