ដើម្បីសម្រេចបាននូវគោលដៅដ៏មហិមានេះ កម្ពុជា បានចំណាយទាំងពេលវេលា និងហិរញ្ញវត្ថុ ដើម្បីអាចធ្វើជាម្ចាស់ផ្ទះ និងរៀបចំកម្មវិធីនេះ បានយ៉ាងឱឡារិកនាពេលនេះ ហើយវាក៏បានលើកស្ទួយនូវមុខមាត់ និងកិត្យានុភាពរបស់ កម្ពុជា កាន់តែខ្លាំងនៅលើឆាកអន្តរជាតិ។
មុននឹងអាចរៀបចំឡើងនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដ៏អធិកអធមនេះទៅបាន កម្ពុជា បានគិតទុកជាមុន និងត្រៀមខ្លួនរាប់ឆ្នាំមកហើយ។ តួយ៉ាង កម្ពុជាបានចំណាយថវិកាប្រមាណ ១៦០លានដុល្លារអាមេរិក ឯណោះ ដើម្បីសាងសង់ ពហុកីឡដ្ឋានជាតិមរតកតេជោ ដ៏ធំស្កឹមស្កៃ សម្រាប់ ត្រៀមរៀបចំនូវព្រឹត្តិការណ៍កីឡាថ្នាក់តំបន់នេះឡើង ជាមួយនឹងការចំណាយ លើការសាងសង់ហេដ្ឋរចនាសម្ព័ន្ធជាច្រើន តភ្ជាប់ទៅកាន់ទីតាំងនោះផងដែរ។
ក្រៅពីនេះ សម្រាប់ ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ កម្ពុជា បានប្រកាន់គោលជំហរខុសពីប្រទេសដទៃ ដោយសម្រេចមិនតម្រូវឱ្យប្រតិភូកីឡាមកពីបណ្តាប្រទេសនានាបង់ថ្លៃ៥០ដុល្លារក្នុងម្នាក់លើការហូបចុក-ស្នាក់នៅក្នុងមួយថ្ងៃ សម្រាប់ការចូលរួម ក្នុងព្រឹត្តិការណ៍កីឡានេះនោះទ។ ការសម្រេចនេះ ត្រូវបាន សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា អះអាងថា ដើម្បីបង្ហាញទៅកាន់អន្តរជាតិថា កម្ពុជាជាប្រទេសដែលតូច ប៉ុន្ដែ មានបេះដូងធំ ហើយសម្តេចក៏បានសង្កត់ធ្ងន់ថា ការគិតថ្លៃចំណាយ របស់ប្រតិភូកីឡា ក៏មិនអាច ធ្វើឲ្យកម្ពុជា ក្លាយជាអ្នកមាននោះដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម បានគូសបញ្ជាក់នៅក្នុងសន្និសីទព័ត៌មាន នៅមុន ថ្ងៃបើកជាផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមថា កម្ពុជាបានត្រៀមកញ្ចប់ថវិកាជិត១២០លានដុល្លារ ដើម្បីចំណាយលើការធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រមួយនេះ ហើយថវិកា ទាំងនេះ គឺជាថវិកាសន្សំផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា។
តើកម្ពុជា នឹងចំណេញអ្វីខ្លះពីការធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមនៅឆ្នាំនេះ?
ការរៀបចំឡើងនូវកីឡាស៊ីហ្គេមដែលមានប្រទេស ចូលរួមប្រកួតចំនួន ១១រួមទាំង កម្ពុជា នេះ វាមិនត្រឹមបង្ហាញឲ្យឃើញពីការសាមគ្គីភាព និងស្មារតីកីឡានៃប្រទេស នៅក្នុងតំបន់នោះទេ ប៉ុន្ដែ វាក៏ជាឱកាស ក្នុងការលើកមុខមាត់របស់កម្ពុជា នៅក្នុងឆាកអន្តរជាតិ និងបង្ហាញពីសុខសន្ដិភាព និងការអភិវឌ្ឍ របស់ កម្ពុជាផងដែរ។ ដូចទៅនឹង ពាក្យសោ្លកមួយឃ្លាដែលបានបញ្ចូលនៅក្នុងការរៀបចំព្រឹត្តិការណ៍នេះ គឺ «កីឡារស់ក្នុងសន្ដិភាព»។
លើសពីនេះទៅទៀត ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡានេះ ក៏ជាឱកាស សម្រាប់ កម្ពុជា ក្នុងការ ទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ឲ្យចូលមក កម្ពុជាកាន់តែច្រើន ដើម្បីជំរុញលើកកម្ពស់កំណើនសេដ្ឋកិច្ច កាន់តែខ្លាំងក្លា។
អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវើលដ៍ប្រ៊ីដ គ្រុប ដែលជាអ្នកជំនួញដ៏ល្បីឈ្មោះនៅកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមក្នុងការរួមចំណែកជួយអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាការកត់សម្គាល់របស់ អ្នកឧកញ៉ា មានតែព្រឹត្តិការណ៍កីឡា និងវប្បធម៌ប៉ុណ្ណោះ ដែលមានឥទ្ធិពលខ្លាំងក្នុងការជួយផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគ ព្រោះរាល់ការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិម្តងៗ វាតែងតែពាំនាំថ្នាក់ដឹកនាំគណៈប្រតិភូ និងអ្នកវិនិយោគមកជាមួយមន្ត្រី គ្រូបង្វឹក និងអត្តពលិក ដែលត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡានោះ។
សម្រាប់អ្នកឧកញ៉ា សៀ ឬទ្ធី ការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមមិនត្រឹមតែបង្ហាញពីមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិប៉ុណ្ណោះ ថែមទាំងរួមចំណែកជួយទាក់ទាញភ្ញៀវទេសចរបរទេស និងអ្នកវិនិយោគឲ្យមកកម្សាន្ត និងសម្លឹងឱកាសវិនិយោគនៅកម្ពុជា។
អ្នកឧកញ៉ា សៀ ឫទ្ធី ក៏ជា វិនិយោគិន មួយរូប ដែលបានលះបង់នូវពេលវេលា កម្លាំងកាយចិត្ត និងហិរញ្ញវត្ថុ ក្នុងការជួយគាំទ្រ រាជរដ្ឋាភិបាល នៅក្នុង រៀបចំឡើងនូវកីឡាស៊ីហ្គេមឆ្នាំនេះ ដោយ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា បានសម្រេចបោះទុន រាប់រយលានដុល្លារ វិនិយោគលើភូមិកីឡដ្ឋានវើលប្រ៊ីដ ដើម្បីទុកសម្រាប់ទទួលប្រតិភូកីឡា ក៏ដូចជាអត្តពលិក ស្នាក់នៅ នៅអំឡុងការប្រកួត។ អ្នកឧកញ៉ា បន្ថែមថា ទម្រាំសាងសង់គម្រោងភូមិកីឡដ្ឋាននេះ បានរួចរាល់វាមិនមានជារឿងងាយស្រួលទេ ដ្បិតអំឡុងពេលសាងសង់ត្រូវជួបបញ្ហាប្រឈមជាច្រើនពិសេសការរាតត្បាតកូវីដ១៩តែម្ដង។
ជាមួយគ្នានេះលោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាយល់ឃើញថា រាល់ការរៀបចំមិនថាព្រឹត្តិការណ៍កីឡា ឬបុណ្យប្រពៃណីជាតិវាតែងតែជួយទាក់ទាញភ្ញៀវទេសចរ និងអន្តរជាតិឲ្យមកចូលរួមដើរលេងកម្សាន្ត ដែលវាជាផ្នែកមួយជួយអាជីវកម្មក្នុងវិស័យទេសចរណ៍ដូចជាភោជនីយដ្ឋាន ផ្ទះសំណាក់និងសណ្ឋាគារជាដើម។ នៅពេលអាជីវកម្មទាំងនេះមានសកម្មភាព និងដំណើរការល្អប្រសើរ វានឹងជះផលប្រយោជន៍បន្តដល់វិស័យអចលនទ្រព្យ និងវិស័យសំណង់លំនៅឋាន អគារពាណិជ្ជកម្មបម្រើឲ្យការលក់រាយ និងអគារសហកម្មសិទ្ធិជាដើម។
សម្រាប់ផលចំណេញនៅក្នុងវិស័យទេសចរណ៍វិញ ព្រឹត្តិការណ៍កីឡដ្ឋានស៊ីហ្គេមក៏បាន និងកំពុង ជំរុញឲ្យកំណើនឲ្យមានកំណើន ទេសចរមកកាន់កម្ពុជា កាន់តែច្រើនដែរ។ តួយ៉ាង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញក្ដីរំពឹងថា តាមរយៈព្រឹត្តិការណ៍នេះ នឹងអាចស្រូបទាញបានទេសចរបរទេស ៥០ម៉ឺននាក់មកទស្សនាកម្ពុជា ដែលវានឹងរួមចំណែកជំរុញគោលដៅទេសចរសរុប ៤លាននាក់នៅឆ្នាំនេះ។ យ៉ាងណាមិញ សម្រាប់ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះដែរ មានប្រតិភូកីឡាអន្តរជាតិសរុប ប្រមាណជាង១ម៉ឺន២ពាន់នាក់ បានមកចូលរួម ហើយ កម្ពុជា បានដាក់កីឡាចំនួន ៣៧ប្រភេទ និងជាង ៥រយវិញ្ញាសា ឲ្យចូលរួមប្រកួត។ ក្នុងចំណោមប្រទេសចំនួន ១១ ដែលចូលរួម ប្រទេសថៃ គឺបានបញ្ជូន ប្រតិភូមកច្រើនជាងគេ ដល់ទៅជិត២ពាន់នាក់ បន្ទាប់មកគឺឥណ្ឌូនេស៊ី ១ពាន់៨រយនាក់។ រីឯកម្ពុជា ជាម្ចាស់ផ្ទះវិញ មានប្រមាណ ជាង ១ពាន់នាក់។
ក្រៅពីភ្នំពេញប្រភេទកីឡាមួយចំនួន នឹងត្រូវរៀបចំឲ្យមានការប្រកួតនៅតាមខេត្តចំនួន៤ រួមមានខេត្តព្រះសីហនុ កំពត កែប សៀមរាប។
គិតត្រឹមរសៀលថ្ងៃទី ៥ ខែឧសភា កម្ពុជា បាននាំមុខគេ ក្នុងចំណោម ប្រទេស ផ្សេងៗទៀត ដែលទទួលបានមេដាយ ច្រើនជាងគេ ពីការប្រកួតប្រជែង កីឡាស៊ីហ្គេម ដោយក្នុងនោះ កម្ពុជា បានឈ្នះមេដាយ សរុប រហូតដល់៩ ក្នុងនោះមានមេដាយមាសចំនួន៥ និងប្រាក់ចំនួន ៤ ។ បន្ទាប់មក គឺប្រទេសហ្វីលីពីនទទួលបានមេដាយសរុបចំនួន៧ និងឥណ្ឌូនេស៊ីចំនួន ៦។ រីឯឡាវ និងមីយ៉ាន់ម៉ាឈ្នះបានមេដាយចំនួន ៤ ដូចគ្នា ខណៈដែល វៀតណាម និងថៃឈ្នះបានមេដាយចំនួន៣ ដូចគ្នាដែរ។ ដោយឡែក ប្រទេសម៉ាឡេស៊ី ប្រុយណេ សិង្ហបុរី និងទីម័រខាងកើត មិនទាន់បានឈ្នះមេដាយនោះឡើយ៕