គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន The Palms គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដ៏ប្រណីតប្លែកថ្មីមួយទៀតមិនធ្លាប់មាននៅកម្ពុជា វិនិយោគដោយឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលប្រ៊ីដគ្រុប សហការជាមួយដៃគូវិនិយោគមកពីប្រទេសសិង្ហបុរី។
គម្រោងនេះនឹងចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការនៅចុងខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះហើយ។
លោកឧកញ៉ា សៀ ឫទ្ធី មានប្រសាសន៍ថា គម្រោងនេះមានលក្ខណៈពិសេសដូចគ្នាទៅនឹងគម្រោង ឌឹផាម នៅប្រទេសកាតា និងសិង្ហបុរីអ៊ីចឹងដែរ ដែលសាងសង់មានសណ្ឋានរូបរាងដូចជាដើមត្នោត។
លោកឧកញ៉ា បន្តថា គម្រោង The Palms នេះ សាងសង់នៅលើផ្ទៃដីចំនួន ៣,៧ហិកតា ដែលបានបោះទុនវិនិយោគរាប់រយលានដុល្លារអាមេរិក។
គម្រោងនេះ ខុសប្លែកពីគម្រោងទី១ និងគម្រោងទី២ ដែលក្រុមហ៊ុន វើលប្រ៊ីដ បានអភិវឌ្ឍសាងសង់រួចមកហើយ ដូចជា គម្រោងសាងសង់អគារពាណិជ្ជកម្ម និងលំនៅដ្ឋានកម្ពស់ ៤៥ជាន់ The Bridge និង អគារពាណិជ្ជកម្ម លំនៅដ្ឋាន សណ្ឋាគារ ដែលមានឈ្មោះថា The Peak។ ហើយគម្រោងទាំងពីរនេះទទួលបានការគាំទ្រនិងមានភាពជោគជ័យយ៉ាងខ្លាំង។
គម្រោងអភិវឌ្ឍន៍ បុរី ឌឹផាម នឹងមានការសាងសង់វីឡាកូនកាត់ចំនួន ២០៤ វីឡា ជាលក្ខណៈបឹងកាឡូ ១៦វីឡា និងមានកន្លែងចតអូប័រជាពិសេសសម្រាប់អ្នកដែលទិញវីឡាបឹងកាឡូ។ ហើយវីឡាទាំងអស់សុទ្ធតែអាចមើលឃើញផ្ទៃទន្លេទាំងអស់ ហើយផ្ទះមានជណ្តើរយន្តសម្រាប់មនុស្សចាស់ផងដែរ។
គម្រោងបុរីលំនៅដ្ឋានលក្ខណៈជា Resort ឈ្មោះ The Palms ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចម្ងាយប្រមាណ ៤គីឡូម៉ែត្រ ពីគល់ស្ពានព្រះមុនីវង្ស ដែលតភ្ជាប់ទៅរហូតដល់មាត់ទន្លេ ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
មូលហេតុដែលឧកញ៉ា សៀ ឫទ្ធី សម្រេចចិត្តអភិវឌ្ឍបុរីលំនៅដ្ឋាន The Palms នៅតំបន់នោះ ដោយសារតែមើលឃើញថា តំបន់នោះមានប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធល្អ ផ្លូវជាតិធំទូលាយ មានស្ពានពីរ តភា្ជប់នឹង ទីតាំងអភិវឌ្ឍន៍នៅជិតមាត់ទន្លេ ដែលបង្កលក្ខណៈពិសេសសម្រាប់ការអភិវឌ្ឍគម្រោងលំនៅដ្ឋាន ឌឹ ផាម នេះ ឲ្យក្លាយជា រីស៊ត (resort) ដ៏ប្រណីត។
យ៉ាងណាក៏ដោយ ឧកញ៉ា សៀ ឫទ្ធី មិនទាន់អាចប្រាប់ពីតម្លៃផ្ទះលក់ចេញនៅឡើយទេ ប៉ុន្តែ លោកអះអាងថា តម្លៃនឹងលក់ទៅតាមទីផ្សារបច្ចុប្បន្ន មិនខ្ពស់ជាងគេពេកនោះទេ។ ហើយអថិតិជនរបស់យើងគឺជាប្រភេទអតិថិជនថ្នាក់ខ្ពស់ និងថ្នាក់មធ្យម។
ពាក់ព័ន្ធទៅនឹងគម្រោងសាងសង់ក្នុងអាណត្តិបោះឆ្នោតជាតិ លោកឧកញ៉ា សៀ ឫទ្ធី មិនមានការព្រួយបារម្ភអ្វីនោះទេ។ សម្រាប់លោកជាអ្នកវិនិយោគត្រូវតែឆ្លៀតឱកាស ឆក់យកឱកាសដែលល្អ ដើម្បីធ្វើការអភិវឌ្ឍ និងវិនិយោគ បើសិនអ្នកទាំងអស់ខ្លាច យើងក៏ខ្លាច នោះយើងនឹងបាត់បង់ឱកាសហើយ។ ប៉ុន្តែ យើងដឹងច្បាស់ យើងមិនខ្លាច នោះហើយជាភាពជោគជ័យរបស់យើង។
លោកឧកញ៉ាថា ការរកស៊ីសំខាន់ គឺត្រូវមានភាពមុតស្រួច និងមានការសម្រេចចិត្តឲ្យទាន់ពេលវេលា។ លោកឧកញ៉ា សៀ ឫទ្ធី បានបញ្ជាក់អះអាងថា លោកនៅមានគម្រោងអភិវឌ្ឍន៍សាងសង់អគារពាណិជ្ជកម្ម និង លំនៅដ្ឋាន ពីរឬបីទៀត ដែលនឹងប្រកាសសាងសង់ជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ៕