សេដ្ឋកិច្ចកម្ពុជា

កត្តាស្នូលមួយចំនួន ដែលនឹងជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យស្ទុះងើបឡើងវិញលឿននៅឆ្នាំ២០២២


ស្របពេលដែលសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១នេះ កំពុងតែបន្ដផុងជើងដកមិនទាន់រួចពីវិបត្តិកូវីដ-១៩នៅឡើយ បែរជាក្រុមអ្នកជំនាញសេដ្ឋកិច្ចបានមើលឃើញពីសក្ដានុពលកំណើនខ្ពស់សម្រាប់សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២២ទៅវិញ។ តើមានកក្តាសំខាន់ៗអ្វីខ្លះ ដែលជំរុញឲ្យកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ស្ទះងើបឡើងវិញ?
ទិដ្ឋភាពអាគារវឌ្ឍនៈ និងសំណង់អាគារខ្ពស់ៗផ្សេងទៀតក្នុងរាជធានីភ្នំពេញ (រូបភាព៖ ស៊ិនហួរ)

បើ​តាម​ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច​បាន​អះអាង​ថា កត្តា​ស្នូល​ដែល​ជួយ​សេដ្ឋកិច្ច​កម្ពុជា​ស្ទុះ​ងើបឡើង​វិញ​លឿន​នៅ​ឆ្នាំ​ក្រោយ​នេះ គឺ​ក​ក្តា​សំខាន់​ទី​១ ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជូន​ពលរដ្ឋ​បាន​កាន់តែ​ច្រើន ដែល​ធ្វើ​ឲ្យ​មាន​ភាពស៊ាំ​ប្រឆាំង​នឹង​កូ​វី​ដ​ក្នុង​សហគមន៍​។ ពិសេស​ជាង​នេះ​ទៅ​ទៀត គឺ​បន្ទាប់​ពី​ច្បាប់​ស្តី​ការ​វិនិយោគ​នៅ​កម្ពុជា និង កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​(RCEP)​បាន​ចូល​ជា​ធរមាន វា​នឹង​ជំរុញ​ការ​វិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ និង មាន​ភាព​ប្រកួតប្រជែង​ខ្ពស់​។ ទន្ទឹម​នឹង​នេះ​អ្នកជំនាញ​សេដ្ឋកិច្ច​ជំរុញ​ឲ្យ​អ្នករក​ស៊ីក្នុង​ស្រុក​គួរ​ស្វែង​យល់​ពី​ច្បាប់​ទាំង​ពីរ​នេះ និង បរិបទ​នយោបាយ និង សេដ្ឋកិច្ច​របស់​ពិភពលោក​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩​។

ជុំវិញ​ទៅ​នឹង​បញ្ហា​នេះ ឯកឧត្តម​បណ្ឌិត សុខ ស៊ី​ផា​ន់​ណា ទីប្រឹក្សា​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ជឿជាក់​ថា ក្រោយ​រាជរដ្ឋាភិបាល​ចាក់​វ៉ា​ក់កូ​វី​ដ​-១៩ ជូន​ពលរដ្ឋ​បាន​គ្រប់​តាម​ផែនការ ដែល​បង្កើត​ភាពស៊ាំ​ក្នុង​សហគមន៍ កម្ពុជា​អាច​នឹង​ឈាន​ទៅ​បើក​វិស័យ​មួយ​ចំនួន​ឡើង​វិញ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​-១៩ នៅ​ឆ្នាំ​២០២២ ខាង​មុខ​នេះ​។ ក្រោយ​វិស័យ​ទាំងនោះ​បាន​បើក​ដំណើរការ​ឡើង​វិញ វា​នឹង​ធ្វើ​ឲ្យ​អាជីវកម្ម​ដែល​បាន​ផ្អាក​ដំណើរ​បណ្តោះអាសន្ន​ត្រូវ​បើក​ដំណើរការ​ឡើង​វិញ ដែល​ធ្វើ​ឲ្យ​ចរន្ត​សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​។

អ្នកជំនាញ​សេដ្ឋកិច្ច​កម្ពុជា សុទ្ធតែ​ពឹងផ្អែក និង មាន​ជំនឿ​យ៉ាង​មុតមាំ​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​អាច​វិល​មក​រក​ភាពល្អ​ប្រសើរ​ឡើង​វិញ​នៅ​ឆ្នាំ​២០២២ បន្ទាប់​ពី​ច្បាប់​ស្តី​ពី​ការ​វិនិយោគ​នៅ​ព្រះរាជ​ណា​ចក្រ​កម្ពុជា និង​ច្បាប់​ស្តី​ពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ហៅ​កាត់ RCEP ចូល​ជា​ធរមាន​។ តាម​គម្រោង​ច្បាប់​ទាំង​ពីរ​នេះ គ្រោង​ចូល​ជា​ធរមាន​នៅ​ដើមឆ្នាំ​២០២២ ខាង​មុខ​នេះ​។

កត្តា​ដែល​ជំរុញ​ឲ្យ​ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច ហ៊ាន​វាយតម្លៃ​បែប​នេះ ដ្បិតអី​ពួក​គេ​មើលឃើញ​ថា ច្បាប់​ស្ដី​ពី​ការ​វិនិយោគ​ថ្មី និង​ច្បាប់​ស្ដី​ពី​កិច្ចព្រមព្រៀង RCEP​នេះ គឺ​មាន​អត្ថប្រយោជន៍​ខ្ពស់​ក្នុង​ការ​ពង្រីក​ការ​វិនិយោគ ក៏​ដូច​ជា​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​លើ​ពិភពលោក​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម​បណ្ឌិត សុក ស៊ី​ផា​ន់​ណា ជំរុញ​ឲ្យ​អ្នក​រកស៊ី ក៏​ដូច​ជា​វិនិយោគិន​ក្នុងស្រុក​ត្រូវ​ស្វែង​យល់​ពី​ច្បាប់​ទាំង​ពីរ​ខាងលើ​ឲ្យ​បាន​ស៊ីជម្រៅ ជា​ពិសេស​ត្រូវ​ពង្រឹង និង​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​ល្អ​ប្រសើរ​ថែម​ទៀត ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​វិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​របស់​ពិភពលោក​។ ជា​ពិសេស​ដើម្បី​ត្រៀម​ចាប់​ដៃគូ​ជាមួយ​វិនិយោគិន​បរទេស ដែល​នឹង​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ក្រោយ​ច្បាប់​ទាំង​ពីរ​ខាងលើ​ត្រូវ​បាន​អនុម័ត​។ 

ទីប្រឹក្សា​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​រូប​នេះ ក៏​បាន​ផ្តល់​ជា​គំនិត​យោបល់​ឲ្យ​អ្នក​រកស៊ី និង​វិនិយោគ​ក្នុងស្រុក​ត្រូវ​ចេះ​ស្វែង​យល់​ពី​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​របស់​ពិភពលោក​ឲ្យ​បាន​ស៊ីជម្រៅ​។ ជា​ពិសេស​ការ​ប្រែប្រួល​ការ​វិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ពិភពលោក ដោយសារ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​រក្សា​និរន្តរភាព និង​បន្ត​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ក្នុង​បរិបទ​កូ​វី​ដ​-១៩​។

ចំណែកឯ លោក​បណ្ឌិត គី សេរី​វ​ឌ្ឍ អ្នកវិភាគ​សេដ្ឋកិច្ច​មួយ​រូប​នៅ​កម្ពុជា បាន​ជឿជាក់​ថា ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជូន​ពលរដ្ឋ​បាន​កាន់តែ​ច្រើន ហើយ​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​ប្រឆាំង​កូ​វី​ដ​-១៩ មាន​ប្រសិទ្ធភាព​ខ្ពស់ គួប​ផ្សំ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​មានការ​ថយ​ចុះ នោះ​វា​នឹង​ធ្វើ​ឲ្យ​អាជីវកម្ម​ក្នុង​វិស័យ​សេវាកម្ម​ដែល​ជា​វិស័យ​ស្នួល​មួយ​នៃ​សេដ្ឋកិច្ច​កម្ពុជា​បើក​ដំណើរការ​ឡើង​វិញ​។ ពេល​នោះ​សេដ្ឋកិច្ច​កម្ពុជា​នឹង​ចាប់ផ្តើម​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​ផង​ដែរ​។ សម្រាប់​បណ្ឌិត គី សេរី​វ​ឌ្ឍ មើលឃើញ​ថា ក្នុង​វិបត្តិ​កូ​វី​ដ​-១៩ នេះ កម្ពុជា​ក៏​មានឱកាស​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ និង​ប្រជែង​ដណ្តើម​ទីផ្សារ​នាំ​ចេញ​ទំនិញ​ជាមួយ​ប្រទេស​ជិតខាង​ដូច​ជា​វៀតណាម និង​ថៃ​ដែល​បាន និង​កំពុង​ជាប់ដៃ​ប្រយុទ្ធ​ទប់ទល់​ជាមួយ​កូ​វី​ដ​-១៩ ផង​ដែរ​។

ជាមួយ​គ្នា​នេះ​លោក ស៊ា​ង សុ​បញ្ញា ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា បាន​លើក​ឡើង​ថា វិបត្តិ​កូ​វី​ដ​-១៩ បាន​ធ្វើ​ឲ្យ​វិស័យ​មួយ​ចំនួន​ត្រូវ​បាន​បិទទ្វារ និង​មួយ​ចំនួន​បន្តរ​ស់ទាំង​ត្រដាបត្រដួស ប៉ុន្ដែ​ក៏​មាន​អាជីវកម្ម​មួយ​ចំនួន​មានដំណើរ​ការ​ល្អ​ប្រសើរ​ផង​ដែរ​។ ទន្ទឹម​នឹង​នេះ​លោក ជំរុញ​អ្នករក​ស៊ីក្នុង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​កំពុង​ផ្អាក​ដំណើរការ​អាជីវកម្ម ត្រូវ​អភិវឌ្ឍន៍​សមត្ថភាព និង​ស្វែងរក​វិធីសាស្ត្រ​ដើម្បី​រៀន​រស់​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩ បើ​ពុំ​ដូច​នោះ​ទេ ការ​ផ្អាក​ដំណើរការ​អាជីវកម្ម​របស់​ពួក​គេ​នឹង​បន្ត​ផ្អាក​ជា​រៀង​រហូត​ក៏​អាច​ថា​បាន​។

តាម​ការ​អះអាង​របស់​អ្នកជំនាញ​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​សេដ្ឋកិច្ច​កម្ពុជា ពោល​គឺ​វា​បាន​បន្ទច់បង្អាក់​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​មួយ​ចំនួន​។ ជាក់ស្តែង ក្នុង​អំឡុង​វិបត្តិ​កូ​វី​ដ​-១៩ វា​បាន​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ដល់​ការ​នាំ​ចេញ​ទំនិញ​មួយ​ចំនួន​របស់​កម្ពុជា ដោយសារ​តម្លៃ​ដឹក​ជញ្ជូន​ឡើងថ្លៃ​ខ្ពស់ និង កង្វះ​ទូរ​កុងតឺន័រ​ជាដើម​។

ថ្មី​ៗ​ចុង​ក្រោយ​នេះ​ដែរ ក្រសួង​សេដ្ឋកិច្ច​ក៏​ទើបតែ​បាន​កែប្រែ​ការ​ព្យាក​របស់​ខ្លួន​ចំពោះ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ឆ្នាំ​២០២១​នេះ ថា​នឹង​មាន​ត្រឹមតែ​២,៤%​ប៉ុណ្ណោះ ខណៈ​ដែល​ពី​មុន​ព្យាករ​ថា​មាន​៤%​។ ការ​ទម្លាក់​ការ​ព្យាករ​នេះ ដោយសារ​តែ​មើលឃើញ​ពី​ផល​ប៉ះពាល់​នៃ​ការ​ឆ្លង​កូ​វី​ដ​១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភ និង​វត្តមាន​មេរោគ​បំប្លែង​ថ្មី​ឌែ​លតា​ដែល​កំពុង​បន្ដ​ការ​អុកឡុក​។ ដោយឡែក នៅ​ឆ្នាំ​ក្រសួង​សេដ្ឋកិច្ច​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ដល់ ៤,៨%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ៊ីស្រាអែល៖ វ៉ាក់សាំងដូសទី៣អាចកាត់បន្ថយហានិភ័យនៃការឆ្លងមកនៅកម្រិតទាប

ព័ត៌មាន
ប្រទេសអ៊ីស្រាអែល ជាប្រទេសមួយដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ជូនដល់ប្រជាជនបានច្រើនជាងគេ ហើយបច្ចុប្បន្នប្រទេសនេះ ក៏កំពុងសម្រុកចាក់វ៉ាក់សាំងដូ…

តម្រូវការវ៉ាក់សាំងដូសទី៣ ជំរុញឲ្យក្រុមហ៊ុនវ៉ាក់សាំងអាមេរិកធំៗ២ រំពឹងប្រាក់ចំណេញហក់ឡើងកាន់តែខ្ពស់

ព័ត៌មាន
ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer និង Moderna កំពុងមើលឃើញពីការកើនឡើងនូវការលក់វ៉ាក់សាំងរបស់ខ្លួន បានដល់រាប់ពាន់លានដុល្លារលើសពីការរំព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ