ថ្លែងនាពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័រថ្មីប្រវែង២៥៣ម៉ែត្ររបស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការពង្រីកសមត្ថភាពកំពុងផែស្វយ័តក្រុងព្រះសីហនុ គឺជាការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា ពោលគឺការពង្រីកនេះ វានឹងជួយបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយប្រទេសជិតខាង តាមរយៈការបង្កើនជម្រើសបន្ថែមទៀតក្នុងការទាក់ទាញនាវាដឹកទំនិញធំៗមកកាន់កម្ពុជា ឱ្យបានកាន់តែច្រើន។
ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អេចប្រេស ខេមបូឌា បានចាត់ទុកការពង្រីកចំណតផែកុងតឺន័របន្ថែមនេះ គឺជាអ្វីដែលអ្នករកស៊ីក្នុងវិស័យដឹកជញ្ជូន ចង់បានជាយូរមកហើយ ដ្បិតការពង្រីកនេះវានឹងផ្តល់ភាពងាយស្រួល ក៏ដូចជាផលចំណេញបន្ថែមទៀតដល់វិស័យដឹកជញ្ជូនកម្ពុជា។ ព្រោះតាមរយៈចំណតផែថ្មីនេះ អាចអនុញ្ញាតឱ្យនាវាចូលចតបានច្រើនជាងមុន ដោយមិនចាំបាច់ចំណាយពេលវេលាច្រើនសម្រាប់រង់ចាំ ហើយវាក៏នឹងជួយដល់ការកាត់បន្ថយថ្លៃដើមផងដែរ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកគាំទ្រដល់ការរីកចម្រើន នឹងការអភិវឌ្ឍរបស់ប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្មដែលទទួលបានពីកំណើនបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ។ តាមរយៈចំណតផែកុងតឺន័រថ្មីនេះ វានឹងជួយបំពេញបន្ថែមនូវមុខងាររបស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដែលធ្វើឱ្យសមត្ថភាពផែសរុបកើនឡើងពី៥៥ម៉ឺនTEUs ក្នុង១ឆ្នាំ ទៅដល់១លាន TEUs ក្នុង១ឆ្នាំ និងអាចអនុញ្ញាតឱ្យនាវាកុងតឺន័រអាចចូលចតបានប្រមាណ ៣៨% នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក និងប្រមាណ៤៩% សម្រាប់នាវាដែលមានផ្លូវរត់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
បន្ថែមពីនេះ ថ្នាក់ដឹកនាំរូបនេះបញ្ជាក់ថា កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ក៏កំពុងជំរុញការអនុវត្តគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ប្រវែង៣៥០ម៉េត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ ដែលនឹងជំរុញសមត្ថភាពផែសរុបឱ្យកើនឡើងដល់ ១លាន៤៥ម៉ឺន TEUs ក្នុង១ឆ្នាំ និងអនុញ្ញាតឱ្យនាវាកុងតឺន័រក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណ៩៣% អាចចូលចតបាន និងអាចកាត់បន្ថយថ្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ ២០០ដុល្លារ ក្នុង១TEUផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចាត់ទុកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ គឺជាចំណុចកណ្តាលនៃកិច្ចសហប្រតិបត្តិការរវាងជប៉ុន-កម្ពុជា ហើយកំពង់ផែនេះមិនត្រឹមជាកំពង់ផែសម្រាប់កម្ពុជានោះទេ ប៉ុន្តែគឺជាកំពង់ផែស្នូលនៅក្នុងតំបន់។ នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត ឯកអគ្គរាជទូតជប៉ុនរូបនេះសន្យាថា រដ្ឋាភិបាលជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការពង្រឹង និងរៀបចំកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្មប្រចាំតំបន់ ដើម្បីពង្រឹងមូលដ្ឋានឱ្យរឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័របន្ថែមប្រវែង២៥៣ម៉ែត្រនេះ បានប្រើប្រាស់រយៈពេលសាងសង់ចំនួន១៧ខែ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៤ ដោយបានចំណាយថវិកាសរុបប្រមាណ៣៧លានដុល្លារ ក្នុងនោះថវិកាឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ប្រមាណ១០លានដុល្លារ, ថវិការបស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ប្រមាណ២៧លានដុល្លារ រួមទាំងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាល សម្រាប់ការដោះស្រាយពន្ធអាករផ្សេងៗ៕