អ្នកចិញ្ចឹមត្រី

ហេតុអ្វីកសិករពាក់កណ្តាលក្នុងចំណោម៦០% ដែលផ្អាកការចិញ្ចឹមត្រី ងាកមកចិញ្ចឹមត្រីឡើងវិញ?


កសិករមួយចំនួនដែលជាសមាជិករបស់សមាគមវារីវប្បករនៅកម្ពុជា បានចាប់ផ្ដើមចិញ្ចឹមត្រីបែបពាណិជ្ជកម្មឡើងវិញជាបណ្ដើរៗហើយ បន្ទាប់ពីពួកគេបានផ្អាក និងបោះបង់ការចិញ្ចឹមអស់មួយរយៈ ដោយសារពុំសូវទទួលបានប្រាក់ចំណេញ ក្រោយចំណីត្រីឡើងថ្លៃ តែត្រីលក់បានតម្លៃថោក។ បើតាម មន្ត្រីជាន់ខ្ពស់នៃសមាគមវារីវប្បករនៅកម្ពុជា កត្តាដែលជំរុញឱ្យកសិករងាកមកចិញ្ចឹមត្រីឡើងវិញ ក្រោយ តម្លៃត្រីនៅលើទីផ្សារបច្ចុប្បន្នមានការកើនឡើង ដែលអាចផ្ដល់ប្រាក់ចំណេញដល់ពួកគេ។
អ្នកចិញ្ចឹមត្រី
ដោយ

លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បករនៅកម្ពុជា បានគូសបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា កសិករប្រមាណពាក់កណ្ដាលនៃចំនួន៦០% ដែលបានបោះបង់ការចិញ្ចឹមត្រីបែបពាណិជ្ជកម្មនាពេលកន្លងមក បានងាកមករៀបចំស្រះ និងដាក់កូនត្រីចិញ្ចឹមបែបពាណិជ្ជកម្មឡើងវិញជាបណ្ដើរៗហើយ។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ កត្តាដែលជំរុញឱ្យកសិករទាំងនេះងាកមកចិញ្ចឹមត្រីឡើងវិញ ក្រោយពួកគេមើលឃើញពីភាពល្អប្រសើរនៃតម្លៃត្រីនៅលើទីផ្សារនាពេលបច្ចុប្បន្ន ដែលអាចធ្វើជួយឱ្យពួកគេទទួលបានប្រាក់ចំណេញពីរបរមួយនេះ។

បច្ចុប្បន្នកសិករកំពុងមមាញឹកជាមួយការទិញកូនត្រី និងទិញចំណីត្រីសម្រាប់បម្រើឱ្យសកម្មភាពចិញ្ចឹមត្រីឡើងវិញរបស់ខ្លួន​។ យ៉ាងណាមិញ កសិកររំពឹងថា ខ្លួននឹងអាចទទួលបានផលចំណេញពីការងាកមកចិញ្ចឹមត្រីឡើងវិញនេះ។

សូមបញ្ជាក់ថា នាពេលកន្លងទៅនេះមានកសិករចិញ្ចឹមត្រីប្រមាណ៦០% ដែលជាសមាជិករបស់សមាគមវារីវប្បករនៅកម្ពុជាបានបោះបង់ការចិញ្ចឹមត្រីបែបពាណិជ្ជកម្ម និងខ្លះទៀតបានបន្ថយបរិមាណត្រីក្នុងស្រះ បន្ទាប់ពីពួកគេជួបបញ្ហាធ្លាក់ចុះប្រាក់ចំណេញ ក្រោយចំណីត្រីឡើងថ្លៃ តែត្រីលក់បានតម្លៃថោក។

ការថយចុះចំនួនអ្នកចិញ្ចឹមត្រីនៅក្នុងស្រុកនេះ បានជំរុញឲ្យតម្លៃត្រីគ្រប់ប្រភេទនៅលើទីផ្សារមានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់នាពេលបច្ចុប្បន្ន ក្នុងនោះត្រីប្រាដែលធ្លាប់លក់ក្នុងតម្លៃ៤,២០០រៀលក្នុងមួយគីឡូក្រាម បានឡើងដល់៥,៥០០រៀល ខណៈត្រីឆ្ដោធ្លាប់លក់ក្នុងតម្លៃ១ម៉ឺនរៀល ក្នុងមួយគីឡូក្រាមបានកើនដល់១២,០០០រៀលក្នុងមួយគីឡូក្រាម។

បច្ចុប្បន្នសមាគមវារីវប្បករនៅកម្ពុជាមានសមាជិកអ្នកចិញ្ចឹមត្រីចំនួន១ពាន់៦៣នាក់ ដែលភាគច្រើនមាននៅខេត្តកណ្ដាល, កំពង់ចាម, កំពង់ធំ, សៀមរាប, ពោធិ៍សាត់ រាជធានីភ្នំពេញ និងខេត្តបាត់ដំបងជាដើម។

បើតាមរបាយការណ៍របស់រដ្ឋបាលជលផលកាលពីឆ្នាំ២០២២ ការប្រមូលផលក្នុងវិស័យវារីវប្បកម្មសម្រេចបានជាង៣៣ម៉ឺនតោនធ្លាក់ចុះជាង១ម៉ឺន៧ពាន់តោនបើធៀបនឹងឆ្នាំ២០២១៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំណូលពន្ធដារប្រមូលបានជាង៣ពាន់លានដុល្លារ នៅតែរក្សាបានកំណើនវិជ្ជមាន

ព័ត៌មាន
ទោះស្ថិតក្នុងបដិការដ៏លំបាកនៃវិបត្តិសេដ្ឋកិច្ចសកលយ៉ាងណាក្តី ប៉ុន្តែការប្រមូលចំណូលពន្ធ-អាករ របស់អគ្គនាយកដ្ឋានពន្ធដារនៅក្នុងឆ្នាំ២០២៣នេះ នៅតែ…

កិច្ចព្រមព្រៀង RCEP កំពុងក្លាយជាចលករដ៏សំខាន់ក្នុងការជួយជំរុញការនាំចេញរបស់កម្ពុជា

ព័ត៌មាន
ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) សម្រេចបានក្នុងទំហំទឹកប្រាក់ជិត២២ពាន់ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ