ទីក្រុងញូវយ៉កដែលមានចំនួនប្រជាជនច្រើនជាងគេនៅសហរដ្ឋអាមេរិក រួមជាមួយទីក្រុងធំៗជាច្រើនទៀត ដូចជាទីក្រុងបល់ទីម័រ (Baltimore) ទីក្រុងគ្លីវឺឡេន (Cleveland) ទីក្រុងមីលវ៉ូគី (Milwaukee) ទីក្រុងសានឌីអេហ្គូ (San Diego) និងទីក្រុងស៊ីអាថុល (Seattle) បានរួមគ្នាដាក់ពាក្យប្ដឹងក្រុមហ៊ុន Hyundai និង Kia ពាក់ព័ន្ធនឹងចោរកម្ម។
ពាក្យបណ្តឹងដែលបានដាក់ទៅតុលាការសហព័ន្ធក្នុងសង្កាត់ម៉ាន់ហាតាន់ (Manhattan) បានរៀបរាប់ថា ទីក្រុងញូវយ៉កបានស្តីបន្ទោសក្រុមហ៊ុនផលិតរថយន្តទាំង២នេះកាលពីឆ្នាំ២០១១ ដល់ឆ្នាំ២០២២ ចំពោះការមិនបំពាក់ឧបករណ៍ប្រឆាំងនឹងការលួចរថយន្តនៅលើផលិតផលភាគច្រើនរបស់ពួកគេ គឺខុសប្លែកពីក្រុមហ៊ុនផលិតរថយន្តដទៃៗទៀត។
ទីក្រុងញូវយ៉កបាននិយាយថា ការមិនបំពាក់ឧបករណ៍នេះ បានបើកឱកាសឱ្យមានការលួចរថយន្ត ឧក្រិដ្ឋកម្ម ការបើកបរគ្មានការប្រុងប្រយ័ត្ន និងការខូចខាតជាសាធារណៈកាន់តែធ្ងន់ធ្ងរឡើង។ គេឃើញមានទាំងវីដេអូនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម TikTok ដែលបង្ហាញពីរបៀបលួចរថយន្ត ដែលគ្មានបំពាក់ឧបករណ៍ផ្ដាច់ចរន្តភ្លើងក្នុងរថយន្តនៅពេលមានករណីលួចរថយន្តកើតឡើង ឬហៅថា Immobilizer។
ទីក្រុងញូវយ៉កបាននិយាយថា ចំនួននៃការលួចរថយន្ត Hyundai និងរថយន្ត Kia បានកើនឡើងទ្វេដងក្នុងឆ្នាំ២០២២ ហើយនៅក្នុងពេល ៤ ខែដំបូងនៃឆ្នាំ២០២៣នេះ ករណីចោរកម្មកាន់តែកើនឡើងថែមទៀត ដោយមាន ៩៧៧ លើក នៅពេលដែលវាមានចំនួនតែ ១៤៨ ករណី ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
ពាក្យបណ្តឹងរបស់ទីក្រុងញូយ៉កទាមទារសំណងជំងឺចិត្ត និងឱ្យដាក់ទណ្ឌកម្ម ចំពោះការខូចខាតដែលមិនបានបញ្ជាក់ច្បាស់លាស់។
ក្រុមហ៊ុន Hyundai បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុននេះបានបង្កើត ស្តង់ដារឧបករណ៍ប្រឆាំងចោរកម្ម (Immobilizers) នៅលើយានយន្តទាំងអស់ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ហើយបានចាត់វិធានការមួយចំនួន រួមទាំងការកែលម្អប្រព័ន្ធបញ្ជា ដើម្បីកាត់បន្ថយការគំរាមកំហែងពីចោរកម្មផងដែរ។
កាលពីខែកុម្ភៈ ក្រុមហ៊ុន Hyundai និងក្រុមហ៊ុន Kia បានឱ្យដឹងថា ពួកគេនឹងធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធបញ្ជាសម្រាប់រថយន្តចំនួនជាង ៨ លានគ្រឿងនៅសហរដ្ឋអាមេរិក ដែលខ្វះឧបករណ៍ប្រឆាំងចោរកម្ម។
កាលពីខែមុន ក្រុមហ៊ុន Hyundai និងក្រុមហ៊ុន Kia បានទូទាត់សំណងជាទឹកប្រាក់ចំនួន ២០០ លានដុល្លារ ឱ្យអ្នកប្រើប្រាស់របស់ពួកគេ ពាក់ព័ន្ធនឹងការលួចរថយន្ត។ ក្រុមមេធាវីរបស់ម្ចាស់រថយន្តបាននិយាយថា ករណីនេះពាក់ព័ន្ធនឹងម្ចាស់យានយន្តប្រហែល ៩ លាននាក់ និងបានបញ្ចូលប្រាក់ចំណាយលើការបាត់បង់រថយន្តចំនួន ១៤៥ លានដុល្លារផងដែរ៕
អត្ថបទ៖ សុខ ជា